ក្រសួងបរិស្ថាន រៀបចំផ្សព្វផ្សាយ ”គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុក្រសួងបរិស្ថាន”

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឆេង គឹមស៊ុន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាសមាជិកគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា “គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងបរិស្ថាន” និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពថវិកា មន្ត្រីជំនាញទាំងថ្នាក់កណ្តាល និងមន្ទីរបរិស្ថានរាជធានី ខេត្ត ជាច្រើនរូបទៀត។

ឯកឧត្តម ឆេង គឹមស៊ុន បានគូសបញ្ជាក់ឱ្យដឹងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តចាប់តាំងពីខែធ្នូ ឆ្នាំ២០០៤ និងបានក្លាយជាកម្មវិធីអាទិភាពមួយក្នុងចំណោមកម្មវិធីកែទម្រង់អាទិភាពផ្សេងទៀត របស់រាជរដ្ឋាភិបាលនាពេលកន្លងមក ព្រមទាំងនៅតែជាកម្មវិធីអាទិភាពសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា ក្រសួងបរិស្ថានក៏បានចូលរួមយ៉ាងសកម្មក្នុង កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលផងដែរ។

នាពេលនេះក្រសួងបរិស្ថាន បាននិងកំពុងរៀបចំការផ្សព្វផ្សាយ ”គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុក្រសួងបរិស្ថាន” ផងដែរ។ គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នេះ បានបង្ហាញពីខ្លឹមសារសំខាន់ៗនៃការរៀបចំ ថវិកា, ការអនុវត្តថវិកា និងរបាយការណ៍ហិរញ្ញវត្ថុ, របាយការណ៍សមិទ្ធកម្ម, ការតាមដាន និងវាយលតម្លៃពី ការអនុវត្តថវិកា ព្រមទាំងផ្នែកពាក់ព័ន្ធ ចាំបាច់ផ្សេងៗទៀត តាមរយៈការប្រមូលផ្តុំចងក្រងលិខិតបទដ្ឋាន គតិយុត្ត និងតម្លៃបន្ថែម ឱ្យទៅជាឯកសារផ្លូវការរួមមួយ ដែលបង្ហាញពីគោលការណ៍ យន្តការ និងនីតិវិធី សម្រាប់គ្រប់គ្រងវដ្តថវិកា ក្នុងក្របខ័ណ្ឌក្រសួងបរិស្ថាន ក៏ដូចជាក្នុងរចនាសម្ព័ន្ធនៃថវិកាកម្មវិធីរបស់អង្គភាព ថវិកាចំណុះក្រសួងបរិស្ថានទាំងអស់។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា “គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ ក្រសួងបរិស្ថាន” នេះបានផ្តោតលើអភិក្រមគន្លឹះចំនួនពីរ គឺ៖ ១) ការរៀបចំសម្រួច សម្រិតសម្រាំង តាមរយៈ ច្បាប់ស្តីពីហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៣, លិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន, វិធាន, យន្តការ, និងនីតិវិធី សំដៅធានាសង្គតិភាព និងភាពគ្រប់ជ្រុងជ្រោយនៃការអនុវត្តគោលការណ៍ណែនាំរួមរបស់ រាជរដ្ឋាភិបាល, និង ២)ការសិក្សា វិភាគ សម្រួល កែលម្អឱ្យមាន ជាតម្លៃបន្ថែម និងធ្វើឱ្យប្រសើរឡើងនូវអ្វី ដែលនៅមានខ្វះចន្លោះក្នុងការអនុវត្តជាក់ស្តែងសម្រាប់ទិសដៅកែទម្រង់ក្នុងដំណាក់កាលទី៤ ដំណាក់កាលចុងក្រោយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា អង្គសិក្ខាសាលាទាំងមូល នឹងទទួលបាននូវការយល់ដឹងបន្ថែម និងទូលំទូលាយ ដើម្បីជំរុញប្រសិទ្ធភាពការងារ ឆ្លើយតបទៅនឹងការចូលរួមសកម្មភាពនៃការកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងបរិស្ថាន៕