ក្រសួងទេសចរណ៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងប្រកាសស្ដីពីនីតិវិធី និងលក្ខខណ្ឌ ក្នុងការពិន័យអន្តរការណ៍ ចំពោះបុគ្គលប្រព្រឹត្តបទល្មើសទេសចរណ៍

ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការ ប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំ សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងប្រកាសស្ដីពី នីតិវិធី និងលក្ខខណ្ឌ ក្នុងការពិន័យអន្តរការណ៍ ចំពោះបុគ្គលប្រព្រឹត្តបទល្មើសទេសចរណ៍ នៅក្រសួងទេសចរណ៍ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយពិធីនេះ មានការអញ្ជើញចូលរួមពី តំណាងក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី ខេត្ត មន្ទីរទេសចរណ៍ រាជធានី ខេត្ត សមាគម និងប្រតិបត្តិករទេសចរណ៍។

ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការ ប្រចាំការ បានបញ្ចាក់ថា សិក្ខានេះរៀបចំឡើងក្នុង គោលបំណងប្រមូលមតិយោបល់ ជាធាតុចូលពីភាគីពាក់ព័ន្ធដើម្បីឱ្យសេចក្ដីព្រាងប្រកាសនេះអាចដាក់ឱ្យអនុវត្តបានប្រកបដោយសុខដុមនីយកម្មនិងទទួលបានប្រសិទ្ធភាពខ្ពស់អនុលោមតាមខ្លឹមសារមាត្រា៦៣នៃច្បាប់ស្ដីពីទេសចរណ៍ ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាល៧ ដែលបានយកចិត្តទុកដាក់ក្នុងការពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន ដែលេជាយន្តការមិនអាចខ្វះបាននិងមានប្រសិទ្ធភាពក្នុងការគាំទ្រពិពិធកម្មនិងកំណើន និងការបន្តពង្រឹងការគ្រប់គ្រងហានិភ័យនៃកាតព្វកិច្ចបំណុលជាយថាហេតុ ចំពោះការអនុវត្តគម្រោងការវិនិយោគសាធារណៈ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន, ការប្រកួតប្រជែងស្មើភាព តាមរយៈការបន្តបង្កើតបរិយាកាសធ្វើធុរកិច្ចដោយស្មើភាព គ្មានការរើសអើង តាមនីតិវិធីដោយយុត្តិធម៌ និងស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” សំដៅរួមចំណែកដល់ការបង្កើតមុខទំនិញ និងសេវាកម្មថ្មី និងការបង្កើតផលិតភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ចកម្ពុជា ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការ បានបន្តទៀតថា រាជរដ្ឋាភិបាលចាត់ទុកវិស័យទេសចរណ៍ជា “មាសបៃតង” ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសង្គមកម្ពុជាប្រមាណ១៣% នៃផលិតផលក្នុងស្រុកសរុប(GDP) បង្កើតឱកាសការងារដោយផ្ទាល់ប្រមាណ៦៣ម៉ឺននាក់ និងការងារដោយប្រយោលជាង១លាននាក់។ ជាងពីរទស្សវត្សរ៍មកនេះ វិស័យទេសចរណ៍កម្ពុជាត្រូវបានមើលឃើញថាមានសន្ទុះគួរឱ្យកត់សម្គាល់ក្នុងអត្រាកំណើនមធ្យម ១២% ក្នុងមួយឆ្នាំ។ ជាក់ស្តែងនៅឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង ៦,៧លាននាក់ មានសន្ទុះកើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និងកើនឡើង១,៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩(មុនវិបត្តិកូវីដ-១៩) និងបាននាំមកនូវប្រាក់ចំណូលជិត ៤ ពាន់លានដុល្លារអាមេរិក (៣.៦៣៧លានដុល្លារអាមេរិក)។ ដោយឡែកទេសចរជាតិបានធ្វើដំណើរកម្សាន្ត មានចំនួនប្រមាណជាង ២២លាននាក់ (២២.៥២លាននាក់) មានការកើនឡើង ១៩%។

សូមបញ្ជាក់ថា សេចក្ដីព្រាងប្រកាសស្ដីពីនីតិវិធី និងលក្ខខណ្ឌ ក្នុងការពិន័យអន្តរការណ៍ ចំពោះបុគ្គលប្រព្រឹត្ត បទល្មើសទេសចរណ៍ មានគោលដៅពង្រឹងគុណភាពសេវាកម្ម និងផលិតផលទេសចរណ៍ ជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្ដីពីទេសចរណ៍ និងទប់ស្កាត់បទល្មើសទេសចរណ៍៕