ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥ នៃការអនុវត្តផែនយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨

ការចូលរួមជាមតិយោបល់ ឱ្យបានផុលផុស និងចំគោលដៅ សម្រាប់ជាធាតុចូល ក្នុងការរៀបចំផែនការសកម្មភាព អនុវត្តន៍ នាឆ្នាំបន្ទាប់ ការដាក់ចេញទិសដៅការងារ  និងការលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តការងាររបស់ក្រសួង ដើម្បីបំពេញបេសកកម្មជាតិ ឱ្យសម្រេចបានជោគជ័យ ស័ក្តិសមទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ ជាពិសេស បងប្អូនកម្មករនិយោជិត និងអាណត្តិកិច្ចដែលរាជរដ្ឋាភិបាល បានប្រគល់ជូន។ នេះជាប្រសាសន៍លើកឡើងរបស់ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥។

លោកជំទាវ បានបន្តទៀតថា អង្គសន្និបាត នាពេលនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីជួបប្រជុំប្រចាំឆ្នាំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងគ្រប់លំដាប់ថា្នក់ និងបូកសរុបវាយតម្លៃ នូវលទ្ធផលការងារ ដែលក្រសួងសម្រេចបាននារយៈពេល១ឆ្នាំ កន្លងមកនេះ ដើម្បីកំណត់បញ្ហាប្រឈមចម្បងៗ និងផ្តល់ឱកាសទំលំទូលាយ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រធានអង្គភាព ចែករំលែកនូវឧត្តមានុវត្តន៍ជាក់ស្តែង និងពិភាក្សាផ្លាស់ប្តូរមតិយោបល់ ក្នុងស្វែងរកដំណោះស្រាយសមស្របលើបញ្ហាប្រឈមទាំងឡាយ ក៏ដូចជាបញ្ហាប្រឈមថ្មីៗ ដែលអាចនិងលេចឡើងនាឆ្នាំខាងមុខ ឬនាពេលអនាគត។

តាមរយះអង្គសន្និបាតនេះដែល ពិតជាបានបង្ហាញ នូវភាពប្រទាក់ក្រឡាគ្នា និងបញ្ហាប្រឈម ហើយត្រូវទាញយកនូវឧត្តមានុវត្តន៍គន្លឹះមកពិភាក្សាឱ្យបានផុលផុស ដើម្បីដាក់ចេញនូវដំណោះស្រាយសមស្របនានា សម្រាប់ជាទិសដៅក្នុងការអនុវត្តបន្ត ដែលជាបេសកកម្មចម្បងរបស់ក្រសួង សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវលក្ខខណ្ឌការងារ, សុវត្ថិភាព និងសុខភាពការងារ, សេរីភាពអង្គការវិជ្ជាជីវៈ, សុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ, ជំនាញ និងផលិតភាពការងារ, មុខរបរ និងការងារសមរម្យ, និងប្រព័ន្ធសន្តិសុខសង្គមពេញលេញ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់យើង។

 លោកជំទាវ បានឲ្យដឹងទៀតថា លទ្ធផលជាវិជ្ជមាន ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចបាន ដោយសារកត្តាមួយចំនួន ដូចជា កត្តាកំណែទម្រង់ផ្ទៃក្នុង សាមគ្គីភាព ឆន្ទៈ ទឹកចិត្តស្រឡាញ់ការងារ គំនិតផ្តួចផ្តើម និងនវានុវត្តន៍ ស្មារតីឈ្មុសឈ្មុលនឹងការងារ ការជម្នះឧបសគ្គ និងភក្តីភាព របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជាពិសេស មានកិច្ចសហការដ៏ល្អ និងការគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធនានា រួមទាំងវិស័យឯកជន អង្គការជាតិ និងអន្តរជាតិ ទីភ្នាក់ងារអភិវឌ្ឍន៍នានា សហភាពសហជីព សហព័ន្ធសហជីព និងសហជីពមូលដ្ឋានជាដើម។ អ្វីដែលសំខាន់បំផុតនោះ គឺកត្តាគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ ប្រកបដោយភាពឆ្លាតវៃ ការគិតគូរគ្រប់ជ្រុងជ្រោយ របស់រាជរដ្ឋាភិបាល ក្រោមការយកចិត្តទុកដោយផ្ទាល់ពី សម្តេចធិបតី។

លោកជំទាវ សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត សម្រេចបានវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ជូនរាជរដ្ឋាភិបាល និងក្រសួងរបស់យើង ដើម្បីរួមចំណែក ដល់ការដឹកនាំនាវាកម្ពុជា ឆ្ពោះដល់ការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសចំណូលខ្ពស់ប្រកបដោយអារ្យធម៌រុងរឿង។

ក្នុងពិធីនេះដែរ ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអានរបាយការណ៍ ពីការធ្វើបទអន្តរាគមន៍ និងកិច្ចពិភាក្សា លើប្រធានបទសំខាន់ៗ រួមមាន ការពង្រឹង ការទប់ស្កាត់ ការប្រើបា្រស់ពលកម្មកុមារ និងការលុបបំបាត់ ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ នៅក្នុងសិប្បកម្មឡឥដ្ឋ ការកាត់បន្ថយ ការបង់ភាគទានរបបសន្តិសុខសង្គមយឺតយ៉ាវ និងការជំរុញប្រសិទ្ធភាព នៃការទូទាត់ របស់បេឡាជាតិសន្តិសុខសង្គម ការពង្រឹងយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ការជំរុញការចុះឈ្មោះចូលរៀន ក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ការកាត់បន្ថយចំណាកស្រុកដោយប្រថុយប្រថាន ការបង្កើនទំនុកចិត្ត ពីកម្មករនិយោជិត និងសាធារណជន មកលើយន្តការអធិការកិច្ចការងារ ការពង្រឹងយន្តការតាមដាន និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយផ្តោតសំខាន់លើ វឌ្ឍនភាព ការងារ បញ្ហាប្រឈម និងដំណោះស្រាយ។