ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ” បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួង”

បញ្ជរសេវាសាធារណៈចល័ត ចំនួន១០០ បញ្ជរ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមប្រព័តន្ធបច្ចេកវិទ្យារបស់ខ្លួន ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៣ ខែកមករា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព  ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីស្ថាប័ន វិស័យឯកជនជាច្រើនផងដែរ។

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម ហេង សួរ បានឱ្យដឹងថា បញ្ជរសេវាសាធារណៈចល័តនេះ ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានការគាំទ្រពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោយពីមានការដាក់ឲ្យដំណើរការសាកល្បង រយៈពេលបីខែរួចមក ឃើញថាបញ្ជរសេវាសាធារណៈចល័តនេះ ទទួលបានការជឿទុកចិត្ត និងអាចប្រើប្រាស់បាន ហើយនឹងត្រូវចែកចាយនៅទូទាំងប្រទេស ដោយផ្ដើមពីរាជធានីភ្នំពេញជាមុនសិន ពីព្រោះរាជធានីភ្នំពេញ គឺជាមជ្ឈមណ្ឌលប្រមូលផ្ដុំ នៃគ្រឹះស្ថានសិក្សា និងឧត្តមសិក្សាជាច្រើន។ 

ឯកឧត្តម ហេងសួរ បានបញ្ជាក់ថា តាមរយៈបញ្ជរសេវាសាធារណៈចល័តនេះ ពិភពការងារនិងការបណ្ដុះបណ្ដាល ព្រមទាំងសេវាសាធារណៈផ្សេងៗរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺស្ថិតនៅក្នុងដៃរបស់សាធារណជនទាំងអស់ មានន័យថាសាធារណជន ជាពិសេសយុវជន ដែលមានបំណងស្វែងរកការងារធ្វើ ទាំងក្នុងនិងក្រៅប្រទេស អាចប្រើប្រាស់សេវានេះឲ្យបានទូលំទូលាយ តាមរយៈបញ្ជរសេវាសាធារណៈចល័ត នៅតាមផ្សារទំនើប ហាងកាហ្វេឬតាមរយះ QR Code។ 

ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះម្ចាស់ហាងកាហ្វេ ម្ចាស់ផ្សារទំនើប ធនាគារ ក្រុមហ៊ុនឯកជន សមាគមនិយោជក និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានផ្ដល់ការគាំទ្រ ក្នុងការផលិតបញ្ជរសេវាសាធារណៈចល័តនេះ។

សូមបញ្ជាក់ថា បញ្ជរសេវាសាធារណៈចល័តរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវបានដាក់ឲ្យដំណើរការ តាមប្រព័ន្ធព័ត៌មានបច្ចេកវិទ្យារបស់ខ្លួន ចំនួន 15សេវា ជាពិសេសសេវាចុះឈ្មោះស្វែងរកការងារ, សេវាចុះឈ្មោះស្វែងរកបុគ្គលិក, សេវាចុះឈ្មោះស្វែងរកការងារទាំងក្នុង និងក្រៅប្រទេស, សេវាចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ, សេវាចុះឈ្មោះសមាជិក ប.ស.ស, សេវាផ្ដល់ប័ណ្ណ រឺសៀវភៅការងារកម្មករនិយោជិកខ្មែរ, សេវាតាមដានវឌ្ឍនភាព នៃសំណើនីមួយៗរបស់ក្រសួង, និងប្រអប់បណ្ដឹងអនាមិក ដែលបើកឱ្យប្ដឹងបុគ្គលណាមួយ ដោយមិនចាំបាច់បញ្ជាក់អត្តសញ្ញាណរបស់ខ្លួន។