ក្នុងឆ្នាំ២០២៦ កម្ពុជា គ្រោងដាក់ដំណើរការដំបូង ប្រភពថាមពលអគ្គិសនី ដើរដោយថាមពលខ្យល់ ក្នុងទំហំ១៥០មេហ្គាវ៉ាត់

ឯកឧត្តម ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងពេលឆាប់ៗនេះ កម្ពុជានឹងមានប្រភពថាមពលអគ្គិសនី ដើរដោយខ្យល់ ៩០០មេហ្គាវ៉ាត់ នៅខេត្តមណ្ឌលគីរី ដែលបានចុះកិច្ចព្រមព្រៀងរួចហើយ និងគ្រោងដាក់ដំណើរការដំបូង ១៥០មេហ្គាវ៉ាត់ ក្នុងឆ្នាំ២០២៦ ។ ពិធីជួបជុំនិវត្តជនអគ្គិសនីកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅទីស្នាក់ការកណ្តាលនៃអគ្គិសនីកម្ពុជា នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកអគ្គិសនីកម្ពុជា បានលើកឡើងថា អទិភាពដំបូងរបស់អគ្គិសនីកម្ពុជា គឺត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាព ក្នុងការផលិត និងផ្គត់ផ្គង់អគ្គិសនីជូនប្រទេសជាតិ ឱ្យបានគ្រប់គ្រាន់តាមតម្រូវការ ជាពិសេស ក្នុងបរិបទនៃកំណើនសេដ្ឋកិច្ចកើនឡើងខ្ពស់ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់រាជរដ្ឋាភិបាល ។
ក្នុងនោះ អគ្គនាយកអគ្គិសនីកម្ពុជា បានគូសបញ្ជាក់ថា ជាលទ្ធផលអគ្គិសនីកម្ពុជា អនុវត្តបានការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ បើទោះបីពេលថ្មីៗនេះ មានការគម្រាមផ្អាកផ្គត់ផ្គង់អគ្គិសនីពីប្រទេសថៃយ៉ាងណាក៏ដោយ ខណៈកម្ពុជា ឈប់ទទួលយកអគ្គិសនីពីប្រទេសថៃទាំងស្រុងដោយខ្លួនឯង មិនចាំបាច់ឱ្យគម្រាបឡើយ ។ ក្នុងនោះ ដែរ ឯកឧត្តម ប្រាំង ជលសា បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះកម្ពុជា មានប្រភពថាមពលប្រមាណជាង ៥ពាន់មេហ្គាវ៉ាត់ ដែលក្នុងនោះមានថាមពលករកើតឡើងវិញ ជាប្រភពវារីអគ្គិសនី ស្ថានីយ៍ផលិតថាមពលដោយពន្លឺព្រះអាទិត្យជាដើម ប្រមាណ៦០% ដែលផ្គត់ផ្គង់ដល់តម្រូវការ អតិបរមាប្រចាំឆ្នាំ២០២៥ គឺ ៣៣៧១មេហ្គាវ៉ាត់ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នៅក្នុងប្រព័ន្ធជាតិ ឬសរុបប្រមាណ៣៤០០មេហ្គាវ៉ាត់ រួមបញ្ចូលការនាំចូលអគ្គិសនីតិចតួច ពីបណ្តាច្រកព្រំដែន វៀតណាម និងឡាវ ។ ឯកឧត្តម ប្រាំង ជលសា មានប្រសាសន៍ថា “នៅក្នុងពេលឆាប់ៗនេះ យើងនឹងមានប្រភពដើរដោយខ្យល់ ៩០០មេហ្គាវ៉ាត់ នៅខេត្តមណ្ឌលគីរី ដែលបានចុះកិច្ចព្រមព្រៀងរួចហើយ គ្រោងដាក់ដំណើរការដំបូង ១៥០មេហ្គាវ៉ាត់ ក្នុងឆ្នាំ២០២៦ ហើយរួមទាំងការអភិវឌ្ឍប្រភពករកើតឡើងវិញផ្សេងៗទៀត អគ្គិសនីកម្ពុជា នឹងអនុវត្តបានតាមទិសដៅរបស់រាជរដ្ឋាភិបាល ដែលតម្រូវឱ្យមានយ៉ាងតិច៧០% នៃថាមពលស្អាតប៉ៃតង នៅឆ្នាំ២០៣០ និងធ្វើអធ្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ចូលរួមចំណែកដល់ការថែរក្សាបរិស្ថាន ភពផែនដីរបស់យើង ឱ្យនៅបន្តស្រស់បំព្រងវេងឆ្ងាយទៀត”។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា កម្ពុជា ត្រៀមនឹងទទួលបានសមទ្ធផលថ្មី គឺការដែលកំពុងសាងសង់ គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ដោយថាមពលនេះ នឹងជួយឱ្យកម្ពុជា ធានាបាននូវការផ្គត់ផ្គង់អគ្គិសនី ដែលមាននិរន្តរភាព ស្ថេរភាព និងបានល្អនៅថ្ងៃអនាគត ។ ឯកឧត្តម កែវ រតនៈ បានលើកឡើងថា អគ្គិសនីកម្ពុជា បានបង្កើតនូវការអភិវឌ្ឍមួយរបត់ទៀត ឈានទៅមួយជំហ៊ាន ដើម្បីឱ្យកម្ពុជា នៅតែជាប្រទេស ដែលមានថាមពលស្អាតខ្ពស់ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសឡាវ។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា បើគ្មានមូលដ្ឋានគ្រឹះពីមុន ក៏អត់មានឥឡូវដែរ នេះគឺជាសមទ្ធផលរួម ដែលសមាជិកអគ្គិសនីកម្ពុជា ក៏ដូជាកម្ពុជាបានកសាង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងការបន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ននេះ ។ ឯកឧត្តម កែវ រតនៈ មានប្រសាសន៍ថា “អ្វីដែលសង្គមយើងត្រៀមនឹងទទួលថ្មីដែល គឺការដែលយើងកំពុងតែសាងសង់ គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG គឺឧស្ម័នប្រភេទរាវ ដែលយកមកដឹកជញ្ជូនមក ហើយយកមកធ្វើជាឧស្ម័នឡើងវិញ ដើម្បីដុតធ្វើជាថាមពល ដោយថាមពលនេះ គឺវានឹងជួយឱ្យកម្ពុជាយើង ធានាបាននូវការផ្គត់ផ្គង់ ដែលមាននិរន្តរភាព ហើយជាពិសេសស្ថេរភាព និងបានល្អនៅថ្ងៃអនាគត” ។ ឯកឧត្រមរដ្ឋមន្ត្រី ក៏បានអះអាងថា គម្រោងនេះ ក៏និងកំពុងត្រូវបានសាងសង់រោងចក្រ ជារៀងរាល់ថ្ងៃ នៅខេត្តកោះកុង ។
សូមបញ្ជាក់ថា រោងចក្រថាមពលអគ្គិសនី ដើរដោយចំហេះឧស្ម័នធម្មជាតិ (LNG) តម្លៃប្រមាណ១ ៣៥០លានដុល្លារ ត្រូវបានសាងសង់ឡើង នៅក្នុងស្រុកបុទមសាគរ ខេត្តកោះកុង។ រោងចក្រថាមពលអគ្គិសនីនេះ នឹងមានអានុភាពថាមពលចំនួន ៩០០មេហ្គាវ៉ាត់ ខណៈដែលរោងចក្រថាមពលអគ្គិសនី ដើរដោយចំហេះឧស្ម័នធម្មជាតិ គឺជាគម្រោងដំបូងគេបង្អស់នៅកម្ពុជា ក្រោមការវិនិយោគរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប៕