កិច្ចប្រជុំបច្ចេកទេសត្រៀមអនុវត្តជាម្ចាស់ផ្ទះ អាស៊ានស្តីពីលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នគ្រោះមហន្តរាយថ្នាក់តំបន់អាស៊ាន (ARDEX-២០២៥)

ឯកឧត្តម គីមវិរៈ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបើកកិច្ចប្រជុំបន្ទាន់មួយនាព្រឹក
ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នៅអគារ( គ.ជ.គ.ម. )ដោយមានវត្តមានពីក្រសួងស្ថាប័នពាក់ព័ន្ធនានាក្នុងអនុគណៈកម្មការបច្ចេកទេសសម្រាប់ការត្រៀមរៀបចំលំហាត់សមយុទ្ធ ឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់ តំបន់អាស៊ាន សម្រាប់ឆ្នាំ២០២៥ (ARDEX-25) ក្នុងព្រះរាជាណាចក្រកម្ពុជាដែលជាម្ចាស់ផ្ទះ។

កិច្ចប្រជុំនេះបានបញ្ជ្រៀបពីសារាចរណែនាំដល់អនុគណៈកម្មាការបច្ចេកទេស ដែលចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធនានានិងកងកម្លាំងប្រដាប់អាវុធទាំង៣ ដើម្បីត្រៀមផែនការលើការងារតាមសេណាយោដែលបានអនុម័តកន្លងមក។បញ្ជាក់ផងដែល
រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចលេខ១៨ សសរ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីការ បង្កើតគណៈកម្មការរៀបចំលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ានសម្រាឆ្នាំ២០២៥(ARDEX-25)។

រំលេចថា កិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ (AADMER) ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងខែកក្កដា ឆ្នាំ២០០៥។ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនដើម្បីរៀបចំអនុវត្តកិច្ចព្រមព្រៀង AADMER លំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ាន ត្រូវធ្វើឡើងជាប្រចាំ រៀងរាល់២ឆ្នាំម្តង ដើម្បីសាកល្បងនីតិវិធីប្រតិបត្តិការ និងសមត្ថភាពក្នុងតំបន់អាស៊ាន។ លំហាត់សមយុទ្ធលើកទី១ ARDEX-០៥ ត្រូវបានធ្វើឡើងនៅរដ្ឋសេឡាហ្គ័រ ប្រទេសម៉ាឡេស៊ី ក្នុងខែកញ្ញា ឆ្នាំ2005 លើកទី២ (ARDEX-06) នៅខេត្តកណ្តាល ប្រទេសកម្ពុជា ក្នុងខែកញ្ញា ឆ្នាំ2006។ ARDEX-០៧ ត្រូវបានធ្វើឡើង នៅប្រទេសសិង្ហបុរី ក្នុងខែតុលា ឆ្នាំ២០០៧ ហើយប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះលំហាត់នេះ ARDEX-០៨ ក្នុងឆ្នាំ ២០០៨។ ARDEX-០៩ និង ARDEX-១០ ដែលត្រូវសន្មត់ធ្វើជាម្ចាស់ផ្ទះដោយហ្វីលីពីន និងឥណ្ឌូនេស៊ី ត្រូវបានលុប ចោលដោយសារគ្រោះមហន្តរាយកើតឡើងជាក់ស្តែងនៅក្នុងប្រទេសទាំងពីរ។ ARDEX-១៣ បានធ្វើនៅក្រុង ហាណូយ ប្រទេសវៀតណាម ARDEX-១៦ បានធ្វើនៅក្រុងបានដាសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេដារុយសាឡឹម ARDEX-១៨ បានធ្វើនៅទីក្រុងស៊ីឡេហ្គន់ ប្រទេសឥណ្ឌូនេស៊ី ARDEX-២០ ធ្វើជាម្ចាស់ផ្ទះដោយហ្វីលីពីន ប៉ុន្តែត្រូវបានលុបចោលដោយសារតែCOVID-១៩ និងARDEX-២៣ ចុងក្រោយត្រូវបានធ្វើនៅទីក្រុងយ៉ូកយ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី។
ឯកឧត្តម អគ្គលេខាធិការ គីម វីរៈ រំពឹងថា ARDEX-២៥ នឹងផ្តល់ឱកាសមួយ ដើម្បីអនុវត្ត វាយតម្លៃ និងពិត្យឡើងវិញ នូវនីតិវិធី ប្រតិបត្តិការស្តង់ដារអាស៊ានសម្រាប់ការត្រៀមរៀបចំប្រចាំការក្នុងតំបន់ និងការសម្របសម្រួរសម្រាប់ប្រតិបត្តិការ ជំនួយសង្គ្រោះគ្រោះមហន្តរាយរួមគ្នា និងការឆ្លើយតបសង្គ្រោះបន្ទាន់ (SASOP) ព្រមទាំងយន្តការឆ្លើយតបគ្រោះ មហន្តរាយផ្សេងទៀត ។

សូមប្បញ្ជាក់ថាព្រឹត្តិការណ៍សម្រាប់ ARDEX-2025 នឹងប្រារព្ធឡើងនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra សម្រាប់លំហាត់លើតុ (TTX) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ និងនៅបញ្ជាការដ្ឋានកងកម្លាំងពិសេស សម្រាប់លំហាត់ប្រព័ន្ធបញ្ជាការ (CPX) និងលំហាត់ហ្វឹកហ្វឺនលើទីវាល (FTX) នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៥។