ការសិក្សាមួយបានរកឃើញថា៖ទឹកជំនន់ពីរដូវភ្លៀងម៉ូសុងក្នុងប្រទេសប៉ាគីស្ថានកាន់តែអាក្រក់ទៅៗដោយសារកំដៅផែនដីកើនឡើង និង សមុទ្រទឹកកករលាយ

ភ្លៀងធ្លាក់យ៉ាងជោគជាំបានបង្កទៅជាទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថានក្នុងសប្តាហ៍នេះ និងបានសម្លាប់មនុស្សរាប់រយនាក់ ហើយត្រូវបានគេរាយការណ៍ទៀតថាស្ថានភាពនេះនឹងកាន់តែធ្ងន់ធ្ងរឡើងដោយសារការផ្លាស់ប្តូរអាកាសធាតុដែលបង្កឡើងដោយមនុស្ស នេះបើតាមការស្រាវជ្រាវថ្មីមួយ។ យោងតាមការស្រាវជ្រាវនេះបានធ្វើឡើងដោយទីភ្នាក់ងារ World Weather Attribution (WWA)ដែលជាក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិនៃការសិក្សាពីតួនាទីបម្រែបម្រួលអាកាសធាតុក្នុងឥទ្ធិពលដ៏ធ្ងន់ធ្ងរ។ ពួកគេបានរកឃើញថាភ្លៀងធ្លាក់ចាប់ពីថ្ងៃទី ២៤ មិថុនា ដល់ថ្ងៃទី ២៣ខែកក្កដា នៅប្រទេសប៉ាគីស្ថាន មានបរិមាណច្រើនជាងធម្មតា ១០% ដល់ ១៥% ដោយសារបម្រែបម្រួលអាកាសធាតុ។ បញ្ហានេះបាននាំឲ្យអាគារជាច្រើនដួលរលំទាំងក្នុងទីក្រុង និងទីជនបទ។ រដ្ឋាភិបាលប៉ាគីស្ថានបានរាយការណ៍ថា៖ មានមនុស្សប្រមាណ ៣០០នាក់បានស្លាប់ ហើយផ្ទះប្រមាណជា ១៦០០ ខ្នងបានខូចខាត ដោយសារទឹកជំនន់ និងបាតុភូតអាកាសធាតុផ្សេងទៀត ចាប់ពីថ្ងៃទី ២៦ មិថុនាមកម្ល៉េះ។ អ្នកជំនាញបានបញ្ជាក់ថាសីតុណ្ហភាពខ្ពស់ និងភ្លៀងធ្លាក់ខ្លាំងបានធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងហើយការបម្រែបម្រួលអាកាសធាតុកើតឡើងលឿនជាងអ្វីដែលអ្នកវិទ្យាសាស្ត្ររំពឹងទុកទៅទៀត។ ភ្លៀងម៉ូសុងបានបណ្តាលឲ្យមានគ្រោះមហន្តរាយជាបន្តបន្ទាប់នៅអាស៊ីខាងត្បូង ជាពិសេសនៅតំបន់ភ្នំហិម៉ាឡៃដែលពង្រីកពីប្រទេសចំនួន៥ជាប់គ្នា។ ជាងនេះទៅទៀតក្នុងខែកក្កដាកន្លងទៅនេះ សមុទ្រទឹកកករលាយហើយបានបណ្តាលឲ្យមានទឹកជំនន់ដែលបោកបក់បំបាក់ស្ពានសំខាន់មួយដែលតភ្ជាប់រវាងប្រទេសនេប៉ាល់ និងចិន ជាមួយនឹងទំនប់ថាមពលអគ្គិសនីជាច្រើនផងដែរ។ ក្នុងសប្ដាហ៍នេះភូមិមួយនៅភាគខាងជើងប្រទេសឥណ្ឌាបានរងគ្រោះដោយទឹកជំនន់និងមានបំណាក់ដីបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និងរាប់រយនាក់បាត់ខ្លួន។ ទោះបីជាប៉ាគីស្ថានបានចូលរួមបញ្ចេញឧស្ម័នកាបូនក្រោម ១% ក្តីប៉ុន្តែការស្រាវជ្រាវបានបង្ហាញថាប្រទេសនេះនៅតែរងផលប៉ះពាល់ធ្ងន់ធ្ងរពីបាតុភូតអាកាសធាតុយ៉ាងខ្លាំងដដែល។ គួររំលឹកថាកាលពីឆ្នាំ ២០២២ប៉ាគីស្ថានបានជួបប្រទះនឹងរដូវភ្លៀងម៉ូសុងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដោយបង្ករជាទឹកជំនន់បានសម្លាប់មនុស្សជាង ១៧០០នាក់ និងបណ្តាលឲ្យខូចខាតសេដ្ឋកិច្ចប្រហែល៤០ប៊ីលានដុល្លារអាម៉េរិក៕ 

សម្រួលអត្ថបទ៖ ឡុង បញ្ញា