ការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ ក្នុងវិស័យសុខាភិបាល ឆ្នាំ 2024-2025

គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានរៀបចំការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រឆ្នាំ 2024-2025 ដោយឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។

ឯកឧត្ដម សុក ផេង រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រប់ការបណ្តុះបណ្តាល បានមានប្រសាសន៍ថាការប្រឡងថ្នាក់ជាតិចូលរៀននេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជ្រើសរើសនិស្សិតពូកែមាន សមត្ថភាពខ្ពស់ចូលរៀនក្នុងវិស័យសុខាភិបាល ដើម្បីរួមចំណែកផលិតធនធានមនុស្សក្នុងវិស័យសុខាភិបាល ប្រកបដោយសមត្ថភាព និងគុណភាពខ្ពស់។ យោងសេចក្តីជូនដំណឹងលេខ ០០៦/២៥ គបជ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ស្តីពីការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥ មានបេក្ខជនចំនួន ១០ ៥៦៩នាក់ បានដាក់ពាក្យចូលរួមប្រឡង ក្រោយពីបានពិនិត្យលើឯកសារពាក្យសុំរបស់ របេក្ខជន គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រេចឱ្យបេក្ខជនចំនួន ១០ ៥២៨នាក់ អាចមានសិទ្ធចូលរួមប្រឡង់បាន។

គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល សូមជម្រាបជូនថា គណៈកម្មាធិការប្រឡងថ្នាក់ជាតិនឹងរៀបចំការ ប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន កម្រិតបរិញ្ញាបត្រ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ការប្រឡងនេះនឹងប្រព្រឹត្តទៅរយះពេលពីរថ្ងៃ គឺនៅថ្ងៃទី១ និងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងសំណេរចំនួនបួនទីតាំងផ្សេងៗគ្នា គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាល័យជាស៊ីម សន្ធរម៉ុក វិទ្យាល័យឥន្ទ្រទេវី និងវិទ្យាល័យបាក់ទូក៕