កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ថ្នាក់ចេនឡា ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាល រៀបចំពិធីពិសាអាហារសាមគ្គីជួបជុំជាថ្មី បន្ទាប់ពីបញ្ចប់ការសិក្សាអស់រយៈពេល ៣ឆ្នាំ

ជារៀងរាល់ឆ្នាំ បន្ទាប់ពីបញ្ចប់ការសិក្សាកាលពីឆ្នាំ២០២២កន្លងទៅ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ថ្នាក់ចេនឡា នៃសាលាភូមិន្ទរដ្ឋបាល តែងរៀបចំពិធីពិសាអាហារសាមគ្គី ដើម្បីជួបជុំនូវកម្មសិក្សាការីរួមជំនាន់ ដែលជាឱកាសចែករំលែកបទពិសោធន៍ ចំណេះដឹងទៅវិញទៅមកក្នុងអង្គភាពនីមួយៗ ក្រោយការបញ្ចប់ការសិក្សា។
ពិធីជួបជុំក្នុងឱកាសនេះ មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ លោក លោកស្រី ដែលជាអតីតកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២២ ថ្នាក់ចេនឡា នៃសាលាភូមិន្ទរដ្ឋបាលជាច្រើនរូប។
ពិធីសំណេះសំណាលពិសាអាហារសាមគ្គីនាពេលនេះ បានបង្ហាញអំពីសេចក្តីនឹករលឹកសាកសួរសុខទុក្ខរវាងកម្មសិក្សាការី និងកម្មសិក្សាការី ដែលបានឆ្លៀតឱកាសដ៏មមាញឹកពីការបម្រើការងារនៅតាមអង្គភាពរៀងៗខ្លួន ដើម្បីមកជួបជុំគ្នាចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក រួមគ្នាជួយឱ្យប្រទេសកម្ពុជា បន្តការរីកចម្រើនទៅមុខ ប្រកបដោយសន្តិភាព។
លើសពីនេះ ការជួបជុំនាឱកាសនេះ ជាការបង្ហាញឲ្យឃើញផងដែរថា ការសិក្សាទាំងឡាយមិនមែនបញ្ចប់ត្រឹមនេះនោះទេ គឺមានបន្តទៅមុខទៀតសម្រាប់មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់គ្នា ដូចនៅក្នុងទ្រឹស្ដីនៃការសិក្សាពេញមួយជីវិត។
គួរបញ្ជាក់ដែរថា បន្ទាប់ពីទទួលបានចំណេះដឹងពីការសិក្សានៅសាលាភូមិន្ទរដ្ឋបាលមក កម្មសិក្សាការីគ្រប់រូប បានយកចំណេះដឹងទាំងនោះទៅបំពេញការងារប្រកបដោយភាពត្រឹមត្រូវ ពិសេសនោះ គឺមានព្រហ្មវិហារធម៌ ពោលគឺ មេត្តា ករុណា មុទិតា ឧបេក្ខា ដែលជាធម៌ដ៏សំខាន់បំផុតក្នុងការទ្រទ្រង់ខ្លួនឯង ទ្រទ្រង់គ្រួសារ ទ្រទ្រង់សហគមន៍ និងទ្រទ្រង់ប្រទេសជាតិទាំងមូល។ ព្រហ្មវិហារធម៌ជាគ្រឹះនៃការកសាងនូវសេចក្ដីសុខ និងសុភមង្គល។
សូមជម្រាបថា ក្នុងពេលសិក្សាវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់កន្លងទៅនោះ កម្មសិក្សាការី បានធ្វើសកម្មភាពមនុស្សធម៌ជាច្រើន ដូចជាចុះជួយការងារមនុស្សធម៌ជួយដល់សង្គម និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានខ្វះខាត និងនៅតំបន់ដាច់ស្រយាលមួយចំនួនផងដែរ៕