កម្មវិធីអប់រំចរិយាធម៌ តាមឱវាទព្រះពុទ្ធសាសនា ផ្សារភ្ជាប់នឹងសង្គម របស់សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន សម្ភ:បុរ: ស្រុកសំបូរ ខេត្តក្រចេះ

ព្រះអង្គគ្រូ ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ ព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០ និងជាព្រះប្រធានគណៈកម្មការគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ និមន្តជាអធិបតី សម្តែងព្រះធម្មទេសនា ផ្តល់ឱវាទ ការធ្វើសមាធិ ជូនគណៈគ្រប់គ្រងលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្ស ចំនួនជាង១០០០ អង្គ / នាក់ កម្មវិធីអប់រំចរិយាធម៌ តាមឱវាទព្រះពុទ្ធសាសនា ផ្សារភ្ជាប់នឹងសង្គម របស់សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន សម្ភ:បុរ: ស្រុកសំបូរ ខេត្តក្រចេះ គោលបំណងសំខាន់នោះគឺ អប់រំចរិយាធម៌ តាមឱវាទព្រះពុទ្ធសាសនា ផ្សារភ្ជាប់នឹងសង្គម ឱ្យសិស្សានុសិស្សមាននូវចរិយាធម៌ល្អ សីលធម៌ល្អ សុជីវធម៌ល្អ សុភាពរាបសារ ស្គាល់ខុសត្រូវ ចេះគោរពស្រឡាញ់ ដឹងគុណមាតាបិតា ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ត្រកូលរាមច្បង លោកគ្រូ អ្នកគ្រូ និងអ្នកមានគុណធម៌ជាដើម លើសពីនេះទៀត ត្រូវជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត បោះបង់ការសិក្សា ខូចសុខភាព ខូចសតិបញ្ញា បាត់បង់ស្មារតីម្ចាស់ការលើខ្លួនឯង ឈានដល់ការប្រើអំពើហឹង្សា ប្រព្រឹត្តបទល្មើសខុសច្បាប់ ខូចឈ្មោះ វង្សត្រកូល ខូចកិត្តិយសខ្លួន និងក្រុមគ្រួសារ បង្កបង្កើតចលាចល អសន្តិសុខសង្គម ប៉ះពាល់ដល់ប្រទេសជាតិ (យុវជនត្រូវឆ្លើយថាទេ ចំពោះគ្រឿងញៀន) ។
យុវជនគប្បីយកពេលវេលាដ៏មានតម្លៃមកខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យបានពូកែ ឱ្យបានខ្ពង់ខ្ពស់ ប្រឡងឱ្យបានជាប់គ្រប់ឆ្នាំសិក្សា ចេះអភិវឌ្ឍពុទ្ធិចំណេះដឹងរបស់ខ្លួនជានិច្ច ពេញមួយជីវិត ដើម្បីត្រៀមកសាងខ្លួនក្លាយជាបញ្ញវ័ន្ត អ្នកបន្តវេនប្រកបដោយ គុណភាព ប្រសិទ្ធភាព នៅថ្ងៃអនាគតដ៏រុងរឿង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥