កម្មវិធីប្រកួតសវនាការប្រតិដ្ឋ John H. Jackson លើកទី ២៣ ថ្នាក់តំបន់អាស៊ីបូព៌ា និងអូសេអានី ត្រូវបានបើកជាផ្លូវការ នៅរាជធានីភ្នំពេញ

កម្មវិធីប្រកួតសវនាការប្រតិដ្ឋ John H. Jackson លើកទី ២៣ ថ្នាក់តំបន់អាស៊ីបូព៌ា និងអូសេអានី ត្រូវបានបើកជាផ្លូវការ ពីលោកបណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការរង និងជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ។
កម្មវិធីប្រកួត សវនាការប្រតិដ្ឋ John H. Jackson មានគោលបំណង អភិវឌ្ឍសមត្ថភាព និស្សិតទូទាំងពិភពលោក ស្តីពី នីតិពាណិជ្ជកម្មអន្តរជាតិ និងការដោះស្រាយវិវាទ តាមយន្តការអង្គការ ពាណិជ្ជកម្មពិភពលោក។ ក្រុមប្រកួតចំនួន ប្រមាណ ១០០ក្រុម នៃសាកលវិទ្យាល័យ ចំនួន៨០ មកពី៤០ប្រទេស នឹងត្រូវឆ្លងកាត់កម្មវិធី ប្រកួតប្រចាំតំបន់ចំនួន៥ ដែលក្នុងនោះរួមមាន តំបន់អាស៊ីបូព៌ា និងអូសេអានី ដែលប្រទេសកម្ពុជា ជាម្ចាស់ផ្ទះ មុននឹងអាចឈានដល់ការប្រកួត កម្រិតពិភពលោក នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
លោកបណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការរង មានប្រសាសន៍ថា នេះគឺជាលើកទី២ ដែលប្រទេសកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះ រៀបចំកម្មវិធីប្រកួត សវនាការប្រតិដ្ឋថ្នាក់តំបន់ និងដែលឆ្នាំកន្លងមកនេះយើងបានរៀបចំការប្រកួតនេះដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងទទួលបានឱកាសក្នុងការរៀបចំការប្រកួតនេះម្តងទៀតនៅក្នុងឆ្នាំនេះ។ កម្មវិធីប្រកួតនេះ មានការអញ្ជើញចូលរួមពីសាកលវិទ្យាល័យចំនួន ១២ មកពី ៧យុត្តាធិការ ក្នុងតំបន់ រួមមានជាអាទិ៍ ចិន តៃវ៉ាន់ ឥណ្ឌូនេស៊ី សិង្ហបុរី វៀតណាម កូរ៉េ និងហ្វីលីពីន និងគណៈកម្មការដាក់ពិន្ទុ ចំនួន ២៤នាក់ (បរទេសចំនួន ១១នាក់ មកពីបណ្តាប្រទេសដូចជា ស្វីស ឥណ្ឌូនេស៊ី ជប៉ុន ចិន សិង្ហបុរី អូស្ត្រាលី)។
លោកបណ្ឌិត បានបន្តទៀតថា កម្មវិធីប្រកួតសវនាការប្រតិដ្ឋ John H. Jackson ធ្វើឡើងដោយយកទម្រង់តាមប្រព័ន្ធដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក។ ក្រុមប្រកួតដែលជានិស្សិតច្បាប់ នឹងធ្វើការវិភាគ ស្រាវជ្រាវលើសំណុំរឿងប្រតិដ្ឋ ដែលរៀបចំឡើងដោយអ្នកឯកទេសច្បាប់លើជំនាញច្បាប់ពាណិជ្ជកម្មអន្តរជាតិ ហើយក្រុមនិស្សិតនឹងធ្វើការតាក់តែងសេចក្តីថ្លែងការណ៍ និងធ្វើការទាញហេតុផលផ្ទាល់មាត់តំណាងឲ្យភាគីដើមបណ្តឹង និងភាគីចុងចម្លើយ នៅចំពោះមុខអង្គជំនុំជម្រះដែលជាអ្នកឯកទេសច្បាប់លើជំនាញច្បាប់ពាណិជ្ជកម្មអន្តរជាតិ។
សូមបញ្ជាក់ថា កម្មវិធីការប្រកួតសវនាការប្រតិដ្ឋ John H. Jackson លើកទី២៣ ថ្នាក់តំបន់អាស៊ីបូព៌ា និងអូសេអានីដែលប្រព្រឹត្តទ្បើងនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ រៀបចំ ដោយសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រោមកិច្ចសហប្រតិបត្តិការ ពីសំណាក់សមាគម និស្សិតច្បាប់អឺរ៉ុប (The European Law Students’ Association) និងមានការគាំទ្របច្ចេកទេស ពីរអង្គការពាណិជ្ជកម្ម ពិភពលោក (World Trade Organization)៕