កម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិនឹងចាប់ផ្តើមនាប៉ុន្មានម៉ោងទៀតខាងមុខនេះ

នៅសល់ប៉ុន្មានម៉ៅងទៀតប៉ុណ្ណោះកម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១២ ឆ្នាំ ២០២៥ នឹងចាប់ផ្តើមបើកជាផ្លូវការហើយ។ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារគណកម្មការនៃការរៀបចំការប្រកួតរ៉ូបូត នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្រុមយុវជនស្ម័គ្រចិត្តសម្របសម្រួលការប្រកួតរ៉ូបូត ប្អូនៗនិសិ្សត និងរ៉ូបូតតំណាងសាលានិមួយៗ ដែលចូលរួមប្រកួត បានមកជុំគ្នានៅទីតាំងសាលដំរី នៃពហុកីឡាដ្ឋានជាតិមរតកតេជោ។ ក្រុមនិសិ្សត និងរ៉ូបូតតំណាងសាលានិមួយៗបានធ្វើតេស្តសាកល្បងរ៉ូបូតរបស់ខ្លួនរួចរាល់ ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខ។

កម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១២ ឆ្នាំ ២០២៥នឹងចាប់ផ្តើមបើកការប្រកួតជាផ្លូវការនាវេលាម៉ោង១សៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីតាំងសាលដំរី នៃពហុកីឡាដ្ឋានជាតិមរតកតេជោ ជាមួយនឹងវិញ្ញាសាបាល់បោះ ដែលជាវិញ្ញាសាកំណត់ដោយប្រទេសម៉ុងហ្គោលី ជាម្ចាស់ផ្ទះនៃការការប្រកួតABU Robocon 2025។

សាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន៥របស់កម្ពុជា ដែលបណ្តុះបណ្តាលលើវិស័យបច្ចេកវិទ្យាបានរៀបចំតម្លើងរ៉ូបូតចូលរួមប្រកួតរ៉ូបូតថ្នាក់ជាតិឆ្នាំ២០២៥ នេះដោយចែកជា៨ក្រុមរយមមាន៖

១.ក្រុម វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) 01 ចំនួន02ក្រុម

២.វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) ចំនួន01ក្រុម

៣.សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) 01 ចំនួន02ក្រុម

៤.វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) 01 ចំនួន02ក្រុម

៥.វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ចំនួន0១ក្រុម

រៀបចំដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន កម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិគឺព្រឹត្តិការណ៍ នៃការប្រកួតប្រជែងដ៏មានសារះសំខាន់មួយ ផ្តល់ឳកាសដល់យុវនិស្សិតកម្ពុជាដែលស្រលាញ់់វិស័យបច្ចេកវិទ្យា កាន់តែធ្វើការប្រឹងប្រែងស្រាវជ្រាវ បញ្ចេញនូវស្នាដៃ និងអភិវឌ្ឍចំណេះដឹងរបស់ខ្លួនកាន់តែប្រសើរឡើងៗ លើកស្ទួយវិស័យបច្ចេកវិទ្យានៅកម្ពុជា។

ថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួងសំខាន់ចំនួន៣នឹងអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១២ គឺថ្នាក់ដឹកនាំក្រសួងពត៌មាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ និងមានវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ជាប្រធាន អនុប្រធាន សមាជិក គណៈកម្មការ អនុគណៈកម្មការ និងលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការប្រកួតរ៉ូបូត ចូតំណាំង អង្គទូត តំណាងសាកលវិទ្យល័យ វិទ្យាស្ថាន សិស្សនិស្សិត និងក្រុមហ៊ុនឧបត្ថម្ភជាច្រើនរូបផងដែរ ប្រមាណជាង៣០០០នាក់ ហើយកម្មវិធីនមានការបើអោយចូលទស្សនាដោយសេរី ព្រមទាំងមានការផ្សាយផ្ទាល់ពីកញ្ចក់ទូរទស្សន៍ជាតិកម្ពុជាផងដែរ។

សូមអញ្ជើញចូលរួមទស្សនាអោយបានច្រើនកុះករ ដើម្បីលើកស្ទួយស្នាកដៃនិស្សិត និងវិស័យរ៉ូបូតនៅកម្ពុជា៕