កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត” លើកទី៧ នៅសាលាភូមិន្ទរដ្ឋបាល ក្នុងឆ្នាំ២០២៥នេះ មានសប្បុរសជនចូលរួមបរិច្ចាគឈាម រហូតដល់២៣២ អង្គ/នាក់

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត” លើកទី៧ នៅសាលាភូមិន្ទរដ្ឋបាល។
តាមមតិស្វាគមន៍របស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល បានជម្រាបជូនថា តម្រូវការឈាមក្នុងឆ្នាំ២០២៤កន្លងមក យើងត្រូវការឈាមមួយប្លោក ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់ ៥នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃជាមធ្យម៣៥០ប្លោកនៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជិត១៧៩,៣៣២ប្លោក ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង៧៥%នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ប៉ុន្តែការទទួលអំណោយឈាមតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃឆ្លើយតបបានតែ ២២.១% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី៩០%នៃតម្រូវការ នេះបើយោងតាមទិន្នន័យរបស់ អង្គការសុខភាព ពិភពលោក។លោកវេជ្ជបណ្ឌិត បានជម្រាបជូនបន្តថា ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ។
ឯកឧត្តម យក់ ប៊ុនណា បានមានប្រសាសន៍ថា នេះជាលើកទី៧ហើយនៃកម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត ដែលជាសកម្មភាពសង្គមគំរូរបស់សាលាភូមិន្ទរដ្ឋបាល ក្នុងការចូល រួមចំណែកជំរុញអនុវត្តចលនាជាតិនៃការបរិច្ចាគឈាមដោយ ស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ គ្រូឧទ្ទេស មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា សិស្ស មន្ត្រី-កម្មសិក្សាការី និងសប្បុរសជនទាំងឡាយជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីត្រៀមទុកសង្គ្រោះអាយុជីវិតរបស់ប្រជាជននៅពេលចាំបាច់។ ឯកឧត្តម បានបញ្ជាក់ថា កង្វះឈាមក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជម្ងឺ គឺជាបញ្ហាប្រឈមដែលត្រូវបានយកចិត្តទុកដាក់ជាទីបំផុត។ រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល បានខិតខំរៀបចំក្របខណ្ឌគោល នយោបាយផ្តល់ឈាម និងច្បាប់គ្រប់គ្រងចំពោះអំណោយឈាម ដើម្បីលើកទឹកចិត្ត និងជំរុញប្រជាពលរដ្ឋគ្រប់ប្រភេទ ដែលមានអំណោយឈាមស្ម័គ្រចិត្តបរិច្ចាគដោយឥតគិតថ្លៃ ឱ្យបាន១០០% ដែលជាអនុសាសន៍រួម របស់អង្គការសុខភាព ពិភពលោក។ ប៉ុន្តែចាប់ពីមានការផ្ទុះជម្ងឺកូវីដ ១៩ ការបរិច្ចាគឈាម ហាក់បានធ្លាក់ចុះ ព្រោះមិនសូវមានសប្បុរសជន ដោយសារខ្លាចឆ្លងជម្ងឺកូវីដ១៩ ដែលធ្វើឱ្យរាជរដ្ឋាភិបាលមិនអាចសម្រេចគោលដៅដែលបានកំណត់ឱ្យបានមុនឆ្នាំ២០២០ តាមអនុសាសន៍របស់រួមរបស់អង្គការសុខភាពពិភពលោក។ ម្យ៉ាងទៀត យើងអាចសង្កេតឃើញថា ប្រជាពលរដ្ឋ ជា ច្រើននៅមិនទាន់យល់ដឹងអំពីសារៈប្រយោជន៍ នៃការផ្ដល់ ឈាមនៅឡើយ ។ ក្នុងបរិការណ៍បែបនេះ ក្រសួងសុខាភិ បាល តាមរយៈមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានខិតខំរៀបចំយុទ្ធនាការជាបន្តបន្ទាប់ដូចជា កម្មវិធីបរិច្ចាគឈាមនាថ្ងៃនេះនៅសាលាភូមិន្ទរដ្ឋបាលជាឧទាហរណ៍គំរូស្រាប់ ដែលអាចជួយផ្សព្វផ្សាយ និងធ្វើឱ្យប្រជាពលរដ្ឋទូទៅ មានទំនុកចិត្តកាន់តែខ្លាំងឡើង លើសេវាកម្មផ្ដល់ឈាម។ ឯកឧត្តមរដ្ឋលេខាធិ ការប្រចាំការ បានបញ្ជាក់បន្តថា ការបរិច្ចាគឈាមទៀងទាត់ មិនត្រឹមតែមិនធ្វើឱ្យខូចសុខភាពនោះទេ ប៉ុន្តែវាបែរជាអាចជួយផ្តល់អត្ថប្រយោជន៍មួយចំនួនដល់សប្បុរសជនទៅវិញ រួមមានដូចជា៖ កាត់បន្ថយជំងឺមហារីកនានា កាត់បន្ថយភាព តានតឹងក្នុងចិត្ត និងកូលេស្តរ៉ុល កាត់បន្ថយការដាច់សរសៃឈាមខួរក្បាល កាត់បន្ថយកំហាប់ឈាម និងលើសជាតិដែកដែលធ្វើឱ្យប៉ះពាល់ដល់ថ្លើម-កំពែង, ជួយឱ្យប្រសើរឡើងនូវសុខភាព បេះដូងនិងកាត់បន្ថយការឡើងទម្ងន់។ ការបរិច្ចាគឈាម អាចជួយបង្កើតនូវទម្លាប់គំរូ និងវប្បធម៌ល្អ សម្រាប់ថ្នាក់នាំ និងមន្ត្រីរាជការរបស់យើងពិសេស សិស្សមន្ត្រី និងកម្មសិក្សាការីជំនាន់ក្រោយ ព្រោះវាអាចជួយធ្វើអោយយើងទាំងអស់គ្នាជាខ្មែរ មានការផ្សារភ្ជាប់គ្នា ពោលគឺរវាងអ្នកមានសុខភាពល្អ ដែល យល់ព្រមផ្តល់អំណោយឈាម និងអ្នកជំងឺ ដែលកំពុងនៅក្នុងមាត់ជ្រោះនៃសេចក្តីមរណៈ ។ នៅក្នុងឱកាសនេះ ឯកឧត្តម យក់ ប៊ុនណា សង្ឃឹមថា “កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត” នេះ នឹងជម្រុញឱ្យក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារ ណៈ និងតួអង្គពាក់ព័ន្ធផ្សេងទៀត យល់ដឹង និងមានឆន្ទៈចូលរួមសកម្មភាពមនុស្សធម៌នេះ ដើម្បីសង្គមជាតិរបស់យើងឈានដល់ដំណាក់កាលដ៏សំខាន់មួយឆាប់ៗនេះ ដែលពេល នោះ គ្មានអ្នកជំងឺណាម្នាក់ស្លាប់ ដោយសារខ្វះឈាម ដែល មានសុវត្ថិភាពឡើយ ។
គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៦មក សាលាភូមិន្ទរដ្ឋបាល បានខិតខំជម្រុញថ្នាក់ដឹកនាំ សាស្ត្រាចារ្យ មន្ត្រីរាជការ សិស្សមន្ត្រី កម្មសិក្សាការី និងសប្បុរសជន ឱ្យចូលរួមស្ម័គ្រចិត្តផ្តល់ឈាមចំនួនប្រាំមួយ លើករួចមកហើយ ដោយមានសប្បុរសជនស្ម័គ្រ ចិត្តចូលរួមសរុបចំនួន ៨៤៩ អង្គនាក់ (នារី១៤៦នាក់ និង ព្រះសង្ឃ ៣២ អង្គ ) ដែលមានសមាសភាពជាព្រះសង្ឃ ថ្នាក់នាំ សាស្ត្រាចារ្យ មន្ត្រីរាជការ និងសប្បុរសជនផ្សេងទៀត។ ចំពោះកម្មវិធីលើកទី៧ ក្នុងឆ្នាំ២០២៥នេះ សប្បុរសជនចូលរួមចុះឈ្មោះបរិច្ចាគឈាមក្នុងប្រព័ន្ធ បានកើនឡើង រហូតដល់ ចំនួន ២៣២ នាក់ (ស្រី ៥៥នាក់ ព្រះសង្ឃ ៥អង្គ) ដែលមានសមាសភាពជាថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា សិស្សមន្ត្រី កម្មសិក្សាការី អតីតសិស្សមន្ត្រី អតីតកម្មសិក្សាការី និងសប្បុរជនមួយចំនួនផ្សេងទៀត៕