ភ្នំពេញ ៖ ឃាតករលាក់មុខ បានសម្លាប់ មានកម្មករ-និយោជិតស្លាប់ និងរងរបួសប្រមាណជាង ២ ៦០០ នាក់ នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៥ នេះ ដោយសារគ្រោះថ្នាក់ចរាចរណ៍។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៣ មិថុនា នេះថា ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២៥ នេះ មានកម្មករ-និយោជិតជួបករណីគ្រោះថ្នាក់ចរាចរណ៍ ចំនួន ២ ៣១៤ ករណី ដោយមានជនរងគ្រោះសរុបចំនួន ២ ៦១១ នាក់ ស្រី ១ ៤៧៥ នាក់ ក្នុងនោះ ស្លាប់ចំនួន ៨៣ នាក់ រងរបួសធ្ងន់ចំនួន ៨០២ នាក់ និងរបួសស្រាលចំនួន ១ ៧២៦ នាក់ មានការថយចុះ ២% បើធៀបនឹងរយៈពេល ៥ ខែ ដូចគ្នា កាលពីឆ្នាំ ២០២៤។
លោកបណ្ឌិតបានបន្តថា មានកត្តាសំខាន់មួយចំនួនដែលជំរុញឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ក្នុងនោះរួមមាន បើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្តាំ (បញ្ច្រាសទិស) កត្តាមិនគោរពសិទ្ធិអាទិភាព ការបត់មិនត្រឹមត្រូវ និងកត្តាយានយន្ត។
លោកបណ្ឌិតបានបញ្ជាក់ថា ដើម្បីកាត់បន្ថយការរងហានិភ័យដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវសម្រាប់កម្មករ-និយោជិត បេឡាជាតិសន្តិសុខសង្គម ដែលមានក្រុមការងារ ស.ផ.ក បាននិងកំពុងអនុវត្តសកម្មភាពរួមមានបន្តចុះអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករ និយោជិត ជាពិសេសកម្មករ-និយោជិត ដែលធ្វើដំណើរតាមម៉ូតូ ជំរុញឱ្យពាក់សុវត្ថិភាពឱ្យបានគ្រប់ៗ គ្នា។ ជំរុញរថយន្តប្រភេទដឹកទំនិញ និងម៉ូតូសណ្តោងរ៉ឺម៉កដែលដឹកកម្មករ-និយោជិត ប្តូរមកប្រើប្រាស់រថយន្តប្រភេទដឹកអ្នកដំណើរ និងជំរុញរថយន្តប្រភេទដឹកទំនិញ ដែលដឹកកម្មករ-និយោជិតឈរ ឱ្យផ្លាស់ប្ដូរមកជារថយន្តប្រភេទដឹកអ្នកដំណើរ ឬកែច្នៃឱ្យមានកៅអីអង្គុយ៕