កម្ពុជា និងខេត្តក្វាងស៊ី ប្រទេសចិន បានព្រមព្រៀង និងសម្ភោធគម្រោងសហប្រតិបត្តិការ ឧស្សាហកម្មស្រូវទំនើប ច្រករបៀងមច្ឆា និងអង្ករ ចិន ជាផ្លូវការហើយ

ពិធីចុះអនុស្សារណៈលើកិច្ចព្រមព្រាង និងសម្ពោធបើកដំណើរការ គម្រោងឧស្សាហកម្មស្រូវទំនើប ច្រករបៀងមច្ឆា និងអង្ករ ចិន (ក្វាងស៊ី-កម្ពុជា) ត្រូវបានផ្តួចផ្តើមឡើង ដោយថ្នាក់ដឹកនាំរបស់ប្រទេសទាំង២ កម្ពុជា-ចិន ដើម្បីជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មកសិកម្ម ប្រកបដោយចីរភាពនៅកម្ពុជា ក្នុងយុគសម័យថ្មី គ្រប់រដូវកាល។
ក្នុងពិធីនេះ មានការចូលរួមពី ឯកឧត្តម ព្រំ សូម៉ានី អគ្គនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ, លោក ហ៊ុន ងីម ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពុងឆ្នាំង, លោក ហេង គឹមស្រ៊ាង នាយកសាលា សីហមុនី, លោក ឡាន ហួយ៉ាន់ ប្រធានក្រុមហ៊ុន Forword Agriculture Technology international Cooperation, លោក Wang hui wu នាយកមជ្ឈមណ្ឌលគ្រប់គ្រងគម្រោងកសិកម្មវិនិយោគក្រៅប្រទេសក្វាងស៊ី, លោក Lu Hanxuan ប្រធាននាយកដ្ឋានគ្រប់គ្រងគម្រោងមជ្ឈមណ្ឌលកសិកម្មជនបទក្វាងស៊ី, លោក Jiang Bo អ្នកស្រាវជ្រាវថ្នាក់ទី៤ នាយកដ្ឋានសហប្រតិបត្តិការក្រៅប្រទេស របស់ក្រសួងកសិកម្មក្វាងស៊ី ព្រមទាំងអ្នកជំនាញគម្រោង តំណាងសហព័ន្ធសហគ្រាសក្វាងស៊ីនៅកម្ពុជា និងតំណាងភូមិ-ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចូលរួមជាសាក្សី។
ឯកឧត្តម ព្រំ សូម៉ានី ឲ្យដឹងថា គម្រោងនេះ ជាគម្រោងជំនួយបច្ចេកទេសកសិកម្ម ដែលតំបន់ស្វយ័តក្វាងស៊ី របស់ប្រទេសចិនបានអនុវត្តនៅប្រទេសកម្ពុជា ដោយមានគោលបំណងពង្រឹងដំណើរការអភិវឌ្ឍន៍ឧស្សាហកម្មអង្ករទំនើបនៅក្នុងខេត្តកំពង់ឆ្នាំង ការផលិតអង្ករ និងផលិតផលសំខាន់ៗជាច្រើនខេត្តនៅជុំវិញបឹងទន្លេសាប តាមរយៈការវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសទំនើប។
ឯកឧត្តម បានអះអាងថា ដោយផ្អែកលើកត្តាជាច្រើន ដែលក្នុងចំណោមនោះ យើងសង្កេតឃើញថា សក្តានុពល នៃវិស័យកសិកម្មនៅកម្ពុជា មានការរីចម្រើន ហើយជាពិសេសដែលសំខាន់ជាងគេ គឺស្ថិរភាពនយោបាយ និងការលូតលាស់ នៃសេដ្ឋកិច្ចកម្ពុជា ធ្វើឲ្យយើងមានសង្ឃឹម មានជំនឿជាក់ថា ការលក់មិនមែនជាបញ្ហាទេ។
លោក ឡាន ហួយ៉ាន់ បានឲ្យដឹងថា ដំណើរការនៃចាប់ផ្តើមគម្រោងនាពេលនេះ ព្រមទាំងគម្រោងអនុវត្តផែនការ ការងារនៅក្នុងខេត្តកំពង់ឆ្នាំង មានគម្រោងជាច្រើនដូចជា -ការកសាងតំបន់សហប្រតិបត្តិការឧស្សាហកម្មអង្ករទំនើបដែលមានផ្ទៃដី៧០ហិចតា។ -ផែនការសម្រាប់ការសាងសង់នៅតំបន់ឧស្សាហកម្មអង្ករគំរូ មាន២ប្រភេទ គឺទី១ ការពង្រឹងសមត្ថភាព និងការបង្កើតមជ្ឈមណ្ឌលសេវាកម្ម។ -មជ្ឈមណ្ឌលថែទាំដំណាំស្រូវ -មជ្ឈមណ្ឌលសេវាគ្រឿងចក្រកសិកម្ម និង-មជ្ឈមណ្ឌលសម្ងួត និងឃ្លាំងសារពើភ័ណ្ឌ។
លោកបន្តទៀតថា ការរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេស ត្រូវបានចែកចេញជា៤ប្រភេទគឺ -បច្ចេកទេសដាំដុះ -ការគ្រប់គ្រងដំណាំស្រូវ -ការប្រើប្រាស់គ្រឿងចក្រកសិកម្ម និងបច្ចេកទេសដំណាំអង្ករ-បន្លែ វិលជុំ។ តាមរយៈផែនការនេះ នឹងបន្តអនុវត្តប្រើប្រាស់តាមបែបបច្ចេកទេសអង្កររបស់ប្រទេសចិន ជាពិសេសលើកកម្ពស់ខ្សែសង្វាក់ផលិតកម្មអង្ករទំនើបនៅកម្ពុជា ដើម្បីជំរុញសន្តិសុខស្បៀង បង្កើនប្រសិទ្ធភាពកសិកម្ម និងចំណូលកសិករ ផ្តល់គំរូសម្រាប់ការអភិវឌ្ឍ “ច្រករបៀងមច្ជានិងអង្ករ” ជុំវិញខេត្តបឹងទន្លេសាប និងបង្កើតគំរូថ្មី នៃកិច្ចសហប្រតិបត្តិការសន្តិសុខស្បៀងក្នុងគម្រោង “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” និងបើកឱកាសថ្មីៗ ដល់កិច្ចសហប្រតិបត្តិការកសិកម្មចិន-កម្ពុជា។
សូមបញ្ជាក់ដែរថា គម្រោងនៃកិច្ចសហប្រតិបត្តិការ ឧស្សាហកម្មស្រូវទំនើប ច្រករបៀងមច្ឆា និងអង្ករ ចិន (ក្វាងស៊ី-កម្ពុជា) ប្រើរយះពេល២ឆ្នាំ និងចាប់ផ្តើមអនុវត្ត ចាប់ពីខែមិថុនា ឆ្នាំ២០២៥ រហូតទៅដល់ខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ ដែលមានការចូលរួមពី អង្គភាពគ្រប់គ្រងគម្រោង របស់ក្រសួងកសិកម្ម និងជនបទ តំបន់ស្វយ័តក្វាងស៊ី, មជ្ឈមណ្ឌលគ្រប់គ្រងគម្រោងវិនិយោគក្រៅប្រទេសខេត្តក្វាងស៊ី, និងក្រុមហ៊ុនForword Agriculture Technology international Cooperation ក្វាងស៊ី។