កម្ពុជា-ចិន រៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងបើកថ្នាក់សិក្សាភាសាចិន តាមកម្មវិធីសិក្សាភាសាចិនអន្តរជាតិ ICC នៅរាជធានីភ្នំពេញ

គ្រឹះស្ថានអប់រំរដ្ឋដំបូងគេនៅរាជធានីភ្នំពេញ គឺវិទ្យាល័យជាស៊ីមជ្រោយចង្វារ បានសហការជាមួយ មជ្ឈមណ្ឌល ស្តាឌីអ៊ីន ឆាយណា ចាប់ផ្តើមបើកវគ្គសិក្សាភាសាចិន ក្នុងគោលបំណងផ្លាស់ប្តូរវប្បធម៌ និងរៀនសូត្រពីគ្នា ទៅវិញទៅមក ដើម្បីសម្រចបានបេសកម្មនៃការអប់រំ។ នេះជាប្រសាសន៍លើកឡើងរបស់ លោកបណ្ឌិត សរ រិទ្ធី ប្រធានមជ្ឈមណ្ឌល ស្តាឌីអ៊ីន ឆាយណា ថ្លែងក្នុងកម្មវិធីផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន និងបើកថ្នាក់សិក្សាភាសាចិន តាមកម្មវិធីសិក្សាភាសាចិនអន្តរជាតិ ICC។ 

លោកបណ្ឌិត សរ រិទ្ធី បន្តទៀតថា បេកសកម្មរបស់ មជ្ឈមណ្ឌល ស្តាឌីអ៊ីន ឆាយណា ក្នុងន័យបង្កើតធនធានមនុស្ស និងផ្តល់ការអប់រំ ដែលប្រកបដោយគុណភាពខ្ពស់ សម្រាប់សិស្ស-និស្សិតនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាដែ តែងតែលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំរដ្ឋ និងគ្រឹះស្ថានឯកជនទាំងអស់ បន្តចូលរួមក្នុងការជំរុញគ្រប់បេសកម្ម ក្នុងវិស័យអប់រំ ដោយត្រូវបានផ្តោតការយកចិត្តទុកដាក់ ទៅលើការអភិវឌ្ឍន៍មូលធនមនុស្ស និងការបង្កើនភាពប្រកួតប្រជែង រួមទាំងការអភិវឌ្ឍន៍វិស័យជននិងការងារ ពិសេសការអភិវឌ្ឍន៍ប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។  

បច្ចុប្បន្នភាសាចិន ជាភាសាជាប់លំដាប់ថ្នាក់ទី២ នៅក្នុងពិភពលោក ហើយនៅកម្ពុជា ការប្រើប្រាស់ភាសាសិន បានក្លាយជាភាសាពេញនិយមនៅគ្រប់មជ្ឈដ្ឋាន ជាពិសេស ក្រោមការយកចិត្តទុកដាក់ពី រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចូលកម្មវិធីសិក្សាភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈជាច្រើនរួចហើយ។  

លោក អ៊ុង ប៊ុនរិទ្ធ នាយកវិទ្យាល័យ ជាស៊ីមជ្រោយចង្វារ បានឲ្យដឹងថា នេះជាការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន និងការពង្រឹងមិត្តភាពរវាងប្រជាជនទាំងពីរ ព្រមទាំងបានអះអាងយ៉ាងពេញទំហឹង នូវសារៈសំខាន់នៃការបង្កើតស្ថាប័នអប់រំនេះ។ 

លោក នាយក បានបញ្ជាក់ដែលថា វិទ្យាល័យយើង ចាប់ផ្តើមសាកល្បងបញ្ចូលវគ្គសិក្សាភាសាចិននេះ ដោយសិក្សាក្នុង១សប្តាហ៍ ៣ម៉ោង និងវគ្គសិក្សាក្រៅម៉ោង មាន២ថ្ងៃ គឺថ្ងៃច័ន្ទ និងព្រហស្បតិ៍ ដោយសិក្សាក្នុង១ថ្ងៃ ២ម៉ោង។ លោកនិងសន្យាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ក្នុងការផ្តល់ធនធានអប់រំ ដែលមានគុណភាពខ្ពស់បំផុត ជូនដល់សិស្សានុសិស្ស

 ដើម្បីឱ្យសិស្សគ្រប់រូបនៅទីនេះ មានអនាគតភ្លឺស្វាង។

លោក អ៊ី យ៉ុងចុង នាយកវិទ្យាស្ថាន ខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង មានប្រសាសន៍ដែរថា ការអភិវឌ្ឍវិស័យអប់រំភាសាចិនអន្តរជាតិនៅកម្ពុជា និងការបណ្តុះបណ្តាលធនធានមនុស្ស ពិតជាមានសារៈណាស់ ជាពិសេស មិនអាចកាត់ផ្តាច់ចេញពីការគាំទ្រយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល នៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន។  

លោកនាយកវិទ្យាស្ថាន បញ្ជាក់ដែរថា ការសិក្សាភាសា មិនកំណត់ត្រឹមចំណេះដឹងប៉ុណ្ណោះទេ គឺគូបផ្សំជាមួយនៃការផ្លាស់ប្តូរវប្បធម៌ ដែលជាតំណភ្ជាប់ដ៏សំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងស៊ីជ្រៅ និងមិត្តភាពរវាងប្រជាជនចិន និងកម្ពុជា។ ម្យ៉ាងទៀត ភាសា គឺជាមធ្យោបាយដឹកជញ្ជូនដ៏រស់រវើកនៃវប្បធម៌ ហើយក៏ជាស្ពានតភ្ជាប់បេះដូងនៃប្រទេស និងប្រទេស, ប្រជាជន និងប្រជាជន។ វិទ្យាស្ថាន ខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង តែងតែប្រកាន់ខ្ជាប់នូវបេសកម្ម ក្នុងការចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងប្រទេសចិន និងកម្ពុជា លើវិស័យផ្សេងៗជាច្រើន ជាពិសេស វិស័យអប់រំ និងវប្បធម៌ជាជាដើម។