កម្ពុជា-ចិន រៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងបើកថ្នាក់ភាសាចិន តាមកម្មវិធីសិក្សាភាសាចិនអន្តរជាតិ ICC នៅសាកលវិទ្យាល័យ បូណាម៉ារី

ចំណងមិត្តភាព និងទំនាក់ទំនង រវាងប្រទេសទាំងពីរ (កម្ពុជា-ចិន) កាន់តែជិតស្និតនិងស៊ីជម្រៅ នៃការផ្លាស់ប្តូរវប្បធម៌ និងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីសម្រចបានបេសកម្មនៃការអប់រំ។ នេះជាប្រសាសន៍លើកឡើងរបស់ លោកបណ្ឌិត សរ រិទ្ធី ប្រធានមជ្ឈមណ្ឌល ស្តាឌីអ៊ីន ឆាយណា ថ្លែងក្នុងកម្មវិធីផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន និងបើកថ្នាក់សិក្សាភាសាចិន តាមកម្មវិធីសិក្សាភាសាចិនអន្តរជាតិ ICC នៅសាកលវិទ្យាល័យ បូណាម៉ារី។
លោកបណ្ឌិត សរ រិទ្ធី បន្តទៀតថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា តែងតែលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំរដ្ឋ និងគ្រឹះស្ថានឯកជនទាំងអស់ បន្តចូលរួមក្នុងការជំរុញគ្រប់បេសកម្ម ក្នុងវិស័យអប់រំ ដោយត្រូវបានផ្តោតការយកចិត្តទុកដាក់ ទៅលើការអភិវឌ្ឍន៍មូលធនមនុស្ស និងការបង្កើនភាពប្រកួតប្រជែង រួមទាំងការអភិវឌ្ឍន៍វិស័យជននិងការងារ ពិសេសការអភិវឌ្ឍន៍ប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។ មជ្ឈមណ្ឌល ស្តាឌីអ៊ីន ឆាយណា បានក្លាយទៅជាស្ពានចម្លងដ៏សំខាន់រវាង កម្ពុជា-ចិន ក្នុងការផ្តល់ព័ត៏មានសិក្សាលម្អិត ស្តីពី សាកលវិទ្យាល័យ ជូនដល់សិស្ស-និស្សិតកម្ពុជា ដែលមានបំណងចង់បន្តការសិក្សានៅប្រទេសចិន តាមរយះអាហារូបករណ៍ ឬការបង់ថ្លៃសិក្សា។ ជាងនេះទៅទៀត មជ្ឈមណ្ឌល មានរៀបចំកម្មវិធីសិក្សាភាសាចិន ជូនគ្រឹះស្ថានអប់រំនានា នៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកបណ្ឌិត បញ្ជាក់ដែរថា ក្រោមការគាំទ្រ និងមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយ ក្រសួងអប់រំ យុវជន និងកីឡា មជ្ឈមណ្ឌល ស្តាឌីអ៊ីន ឆាយណា មានដៃគូរសហការជាមួយគ្រឹះស្ថាននានាជាច្រើន ដើម្បីចូលរួមចំណែកជំរុញវិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
លោក អ៊ឹង ប៉ាវហ្គិច សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ បូណាម៉ារី បានឲ្យដែរថា តាមរយះកម្មវិធីនេះ ពិតជាបានឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញ ការយល់ដឹងអំពីគ្នា ទៅវិញទៅមក ការគោរព និងការសហការរវាងស្ថាប័ននិងស្ថាប័ន ក្នុងគោលបំណង ផ្តល់ឪកាសឲ្យសិស្សានុសិស្ស អាចទទួលបានបទពិសោធន៍ដ៏សំបូរបែប ដែលធ្វើឲ្យពួកគេ ស្គាល់ច្បាស់អំពីបេតិកភណ្ឌកម្ពុជា និងចិន។ ជាពិសេស ដើម្បីអបអរសាទរភាពស្រស់ស្អាត នៃភាពចម្រុះនៃវប្បធម៌ ស្មារតីនៃមិត្តភាព និងថាមពលនៃការអប់រំក្នុងការពង្រឹងចំណងមិត្តភាពអន្តរជាតិ។
លោក កាវ ជាន នាយកប្រតិបត្តិ នៃសមាគមសហប្រតិបត្តិការជំរុញការអប់រំកម្ពុជាអាស៊ាន-ចិន ក៏បានឲ្យដឹងដែរថា វេទិកានេះ បង្ហាញពីមិត្តភាពជ្រាលជ្រៅ នៃទំនាក់ទំងគ្នា ទៅវិញទៅមក ក្នុងវិស័យអប់រំរវាងប្រទេសចិន និងកម្ពុជា។ ប៉ុន្តែក៏ជាការអនុវត្តដ៏រស់រវើកនៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ ដែលបានប្រែក្លាយជាស្ពាន សម្រាប់សិស្ស-និស្សិតកម្ពុជា ដើម្បីឈានទៅរកភាពជោគជ័យ។ តាមរយះកិច្ចសហប្រតិបត្តិការ រវាងវិស័យអប់រំ និងការរៀនភាសាចិនកម្រិតអន្តរជាតិ មិនត្រឹមតែផ្តល់ជំនាញភាសាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឱ្យសិស្សិ-និស្សិតកម្ពុជា យល់យ៉ាងស៊ីជម្រៅអំពីភាពទាក់ទាញនៃវប្បធម៌ចិន និងមិត្តភាពប្រពៃណីរវាងកម្ពុជា-ចិន តាមរយៈទម្រង់ពហុភាគី ដូចជាបទពិសោធន៍វប្បធម៌ ការផ្លាស់ប្តូរការសិក្សា អន្តរកម្មជាក់ស្តែង។