នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅរមណីយដ្ឋានឆ្នេរសុខា ខេត្តព្រះសីហនុ, ក្រុមការងារជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ និង រដ្ឋបាលខេត្តព្រះសីហនុ បានសហការរៀបចំ «វេទិកាទាក់ទាញវិនិយោគមកក្នុងខេត្តព្រះសីហនុ» ដែលមានអ្នកចូលរួមជាវិនិយោគិន ធុរជនបរទេស និង ខ្មែរ នៅក្នុងប្រទេស និង ក្រៅប្រទេស រួមទាំងថ្នាក់ដឹកនាំ និង មន្ត្រីពីស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ៣០០ នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី, ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។ វេទិកានេះមានគោលបំណងបង្ហាញអំពីសក្តានុពលរបស់ខេត្តព្រះសីហនុដល់វិនិយោគិនក្នុងស្រុក និង អន្តរជាតិ សំដៅទាក់ទាញ និង ជំរុញការវិនិយោគមកក្នុងខេត្តព្រះសីហនុ ។
ថ្លែងនាឱកាសនោះ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា វេទិកានេះ ត្រូវបានរៀបចំឡើងស្ថិតក្នុងក្របខណ្ឌនៃ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាគំនិតផ្ដួចផ្ដើមដ៏ប្រពៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ តាមរយៈការជំរុញការវិនិយោគ, ការអភិវឌ្ឍឧស្សាហកម្ម, ការស្តារកំណើនសេដ្ឋកិច្ច និង បំពេញបន្ថែមលើយុទ្ធសាស្រ្ត និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវវិធានការ និង យន្តការដែលមានលក្ខណៈជាកញ្ចប់, ប្រទាក់ប្រឡា, មុតស្រួច, និង សាមញ្ញ ។
វេទិកាវិនិយោគនាពេលនេះ បានផ្តល់កាលានុវត្តភាពពិសេស ជូនវិនិយោគិន ដែលមានការចាប់អារម្មណ៍លើធុរកិច្ចក្នុងវិស័យសំខាន់ៗ ដូចជា :១. ឧស្សាហកម្ម, ២. ទេសចរណ៍ សណ្ឋាគារ និង បដិសណ្ឋារកិច្ច, ៣. ភស្ដុភារកម្ម និង ដឹកជញ្ជូន, ៤. ហិរញ្ញវត្ថុ, ធនាគារ, និង អចលនទ្រព្យ, និង ៥). កសិកម្ម និង ការកែច្នៃម្ហូបអាហារ តាមរយៈការស្វែងយល់ពីក្រុមហ៊ុនសំខាន់ៗ ដែលបាន និង កំពុងវិនិយោគ និង ប្រកបអាជីវកម្មដោយផ្ទាល់, ការប្រឹក្សាយោបល់ និង ជំនួបធុរកិច្ចក្នុងចំណោមថ្នាក់ដឹកនាំក្រុមការងារ និង វិនិយោគិន, ជំនួបធុរកិច្ចក្នុងចំណោមធុរជន និង ការធ្វើទស្សនកិច្ចសិក្សាគម្រោងវិនិយោគនានា នៅទីតាំងគម្រោង ដែលមានស្រាប់នៅក្នុងខេត្ត ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមថា ខេត្តព្រះសីហនុ ជាខេត្តមានសក្តានុពលធំធេង ហើយវេទិកាវិនិយោគនាពេលនេះ គឺជាឱកាសដ៏មានតម្លៃ សម្រាប់ស្វែងយល់អំពីសក្ដានុពលវិនិយោគនៅក្នុងខេត្ត និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ទៅជាមជ្ឈមណ្ឌលវិនិយោគ និង អភិវឌ្ឍដ៏រស់រវើកមួយ ក្នុងក្របខ័ណ្ឌអាស៊ានដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ក្នុងផែនការរៀបចំខេត្តព្រះសីហនុ ចក្ខុវិស័យ ឆ្នាំ ២០៣៨ ដោយរៀបចំ និង អភិវឌ្ឍ «ខេត្តព្រះសីហនុ ជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិ ប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយភាពរស់រវើក ឆ្លាតនិង បរិយាបន្ន» តាមរយៈការអភិវឌ្ឍទីក្រុងទំនើបបៃតង ប្រកបដោយភាពច្នៃប្រឌិតរស់រវើក និង មានបរិស្ថានរស់នៅល្អប្រសើរបំផុត តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និង មជ្ឈមណ្ឌលកំណើនជាតិ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តឱ្យវិនិយោគិន និងអ្នកចូលរួមទាំងអស់ ទាញយកអត្ថប្រយោជន៍ក្នុងការបង្កើតទំនាក់ទំនងក្នុងវេទិកាវិនិយោគនាថ្ងៃនេះ ដើម្បីទាញយកឱកាសពីសក្តានុពលនៃខេត្តព្រះសីហនុ តាមលទ្ធភាពជាក់ស្តែង ព្រមទាំងដាក់ពាក្យស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ។ ជាមួយនេះ, ក្រុមការងារនឹងបន្តបំពេញភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់សេវាប្រឹក្សាយោបល់, ការពន្យល់ច្បាស់ៗ, ការពិនិត្យ និង សម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ, ការសម្របសម្រួលដោះស្រាយបញ្ហាប្រឈមផ្សេងៗ និង ការថែទាំវិនិយោគ ដោយឥតគិតថ្លៃ ប្រកបដោយវិជ្ជាជីវៈ និង ទំនុកចិត្ត តាមយន្តការ “ច្រកចេញចូលតែមួយ” ដែលមានក្រសួងស្ថាប័នពាក់ព័ន្ធ ផ្តល់នូវការសម្របសម្រួល កិច្ចសហការ និង ការគាំទ្រផ្សេងៗ ៕