កងទ័ពមួកខៀវកម្ពុជាដែលបញ្ចប់បេសកកម្ម អង្គការសហប្រជាជាតិពីសាធារណដ្ឋស៊ូដង់ខាងត្បូង លីបង់ និងអាហ្វ្រិកកណ្តាល ទទួលការកោតសរសើរពីប្រមុខការពារជាតិ

កងរាជអាវុធហត្ថលេខ២៧៨ កងវិស្វកម្មពហុជំនាញលេខ៨២៧ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨-ទី២ ដែលបានបញ្ចប់បេសកកម្ម អ.ស.ប ពីសាធារណដ្ឋស៊ូដង់ខាងត្បូង លីបង់ និងអាហ្វ្រិកកណ្តាល បានទទួលការកោតសរសើរពីឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ។
ថ្លែងក្នុងពិធីទទួលកងរាជអាវុធហត្ថលេខ២៧៨ កងវិស្វកម្មពហុជំនាញលេខ៨២៧ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨–ទី២ ដែលបានបញ្ចប់បេសកកម្ម អង្គការសហប្រជាជាតិអ.ស.ប
នៅព្រឹកថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៥ នេះ
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំការសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានដែលបញ្ចប់បេសកកម្ម និងកំពុងបំពេញបេសកកម្ម រក្សាសន្តិភាពអង្គការសហប្រជាជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថលេខ២៧៨ កងវិស្វកម្មពហុជំនាញលេខ៨២៧ កងកម្ទេចគ្រឿងផ្ទុះលេខ៩៨–ទី២ ដែលមានសមត្ថភាពកល ក្នុងការកសាងសម្ធិផលយ៉ាងច្រើនជូនកងយោធពលខេមរភូមិន្ទ ជាពិសេស កងវិស្វកម្មពហុជំជំនាញលេខ៨៣៦ ដឹកនាំដោយមេបញ្ជាការជានារី។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានកោតសរសើរបន្ថែមដល់គម្រូវីរភាពរបស់ស្រ្តីកម្ពុជា ចំពោះការចូលរួមចំណែកដល់បុព្វហេតុសន្តិភាព តាមរយៈបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប ក្នុងបណ្តាប្រទេសដែលកំពុងជួបវិបត្តិ ដែលបច្ចុប្បន្នកងកម្លាំងស្រ្តី មានចំនួន ២០,៨ % បានចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អ.ស.ប នៅក្នុងប្រទេសចំនួន ១០ រួចមកហើយ។
សូមបញ្ជាក់បន្ថែមថា កម្ពុជាបានត្រៀមធនធានមនុស្ស ឧបករណ៍ សម្ភារៈ មធ្យោបាយ ហេដ្ឋារចនាសម្ព័ន្ធ និងការធានាផ្សេងៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ធ្វើការហ្វឹកហ្វឺនលើគ្រប់វិស័យ ទាំងជំនាញបច្ចេកទេស ទ្រឹស្តី ភាសា ព្រមទាំងជម្រុញលើកទឹកចិត្តដល់ប្រទេសជាដៃគូមិត្តភក្រ្តរួមសហការរៀបចំធ្វើម្ចាស់ផ្ទះគម្រោងហ្វឹកហ្វឺនរក្សាសន្តិភាពនៅកម្ពុជា។
ទន្ទឹមគ្នានេះ កម្ពុជាបានរួមវិភាគទានក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព ចូលរួមប្រយុទ្ធដោះស្រាយបញ្ហាប្រឈមនានាលើពិភពលោក តាមរយៈចូលរួមកិច្ចប្រជុំវេទិកានានា ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ សំដៅចែករំលែកបទពិសោធន៍ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងឡាយដែលពិភពលោកកំពុងជួបប្រទះ ដូចជា ប្រឆាំងនឹងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រែប្រួលអាកាសធាតុ ការជួញដូរគ្រឿងញៀន ជម្ងឺឆ្លង និងបញ្ហាប្រឈមផ្សេងទៀត ផងដែរ៕
អត្ថបទ៖ ទទក