អាជ្ញាធរខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ រៀបចំពិធីបួងសួងសុំសេចក្ដីសុខ មុននឹងដំណើរការគម្រោងសាងសង់ស្ពានដែកបេឡេ និងស្ពានបេតុងឆ្លងកាត់ដងទន្លេសាប

14 09 2017

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ អាជ្ញាធរខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ បានរៀបចំពិធីបួងសួងសុំសេចក្ដីសុខ មុននឹងដំណើរការ គម្រោងសាងសង់ស្ពានដែកបេឡេ និងស្ពានបេតុឆ្លងកាត់ ដងទន្លេសាប ដែលតភ្ជាប់ពីតំបន់ ទីក្រុងរណប ជ្រោយ ចង្វារ ស្ថិតក្នុងទឹកដីខណ្ឌជ្រោយចង្វារ ឆ្ពោះទៅកាន់ម្តុំឃ្លាំងសាំងសូគីមិច ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ពិធីបួងសួង សុំសេចក្តីសុខនេះ ធ្វើឡើងដោយ មានការចូលរួមពី ឯកឧត្តម ឃ្លាំង ហួត ជំនួយការសម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអភិបាល នៃគណៈអភិបាលខណ្ឌ ជ្រោយចង្វារ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ និងលោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ រួមទាំងលោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC ព្រមទាំងមន្រ្ដីរាជការ ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ឯកឧត្តម ឃ្លាំង ហួត បានបញ្ជាក់ឱ្យដឹងថា ការរៀបចំពិធីនៅថ្ងៃនេះគ្រាន់ តែជាពិធីបួងសួងសុំសេចក្តីសុខ ដើម្បីរៀបចំដំណើរ ការ សាងសង់ ស្ពានតែប៉ុណ្ណោះ ដោយឡែកសម្រាប់ ពិធីក្រុងពាលី និងពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ នឹងត្រូវកំណត់ ដោយ រដ្ឋបាល រាជធានីភ្នំពេញ នៅពេលក្រោយ។

ឯកឧត្តមបន្តថា ស្ពានទាំងពីរនេះដើរតួនាទី យ៉ាងសំខាន់ក្នុងការកាត់ បន្ថយការកកស្ទះចរាចរណ៍ និងជួយដោះស្រាយលំហូរ ចរាចរណ៍ខណៈពេលដែលស្ពានជ្រោយចង្វារទី១ (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) ផ្អាកចរាចរណ៍ទាំងស្រុងចាប់ពីដើមខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ដើម្បីធ្វើការកែលម្អ និងជួសជុលឡើងវិញ មិនត្រឹមតែប៉ុណ្ណោះស្ពាននេះ ក៏ជាសរសៃឈាមសេដ្ឋកិច្ច មួយ ដ៏សំខាន់ ក្នុងការតភ្ជាប់ទំទាក់ទំនងគ្នាពីតំបន់ជ្រោយចង្វារ និងតំបន់ឫស្សីកែវ រួមជាមួយរាជធានីភ្នំពេញ ស្រប ពេលដែល ប្រទេស ជាតិកំពុងមានការអភិវឌ្ឍន៍ និងរក្សាបាននូវកំណើនសេដ្ឋកិច្ច។

លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុនOCIC បញ្ជាក់ប្រាប់ថា ស្ពានដែកបេឡេបណ្តោះអាសន្តថ្មីនេះមានទទឹងទំហំ ១២ ម៉ែត្រ និងបណ្ដោយ ៥០០ម៉ែត្រ ប្រើពេលសាងសង ៦ខែដោយចំណាយ ថវិកាប្រមាណជា ១០លានដុល្លារ។ ខណៈ ស្ពាន បេតុង មានទទឹងទំហំ ២០.៥ម៉ែត្រ និងបណ្ដោយ ៥០០ម៉ែត្រដូចគ្នា ប្រើពេលសាងសង់២៨ខែ ដោយប្រើថវិកាក្នុងទំហំ ប្រមាណ ជា ៣៥លានដុល្លារ។

លោកបន្តថា ស្ពានដែកបេឡេ និងស្ពានបេតុងនេះ នឹងត្រូវសាងសង់ស្របពេលដំណាលគ្នា ហើយស្ពានដែកបេឡេនេះ នឹង ត្រូវរុះរើចេញវិញ ក្រោយពេល ដែលស្ពានបេតុង បានសាងសង់រួចរាល់ជាស្ថាពរ៕