សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយលោកអនុប្រធានសភាក្រុមប្រឹក្សានយោបាយប្រជាជនចិន

08 09 2017

នៅវិមានរដ្ឋាភិបាលសន្តិភាព ព្រឹកថ្ងៃទី ០៨ កញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ លោក Wang Jiarui អនុប្រធាន សភាប្រឹក្សានយោបាយ ប្រជាជនចិន។

គោលបំណង លោក Wang Jiarui ដែលបានដឹកនាំគណៈប្រតិភូសភា ក្រុមប្រឹក្សានយោបាយ ប្រជាជនចិនមកទស្សនកិច្ចនៅ កម្ពុជាពេលនេះ គឺដើម្បីពង្រឹង ទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាមួយកម្ពុជា។ លោក Wang Jiarui បាននាំមក នូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកប្រធានាធិបតីចិន Xi Jinping និង លោក Li Kequiang នាយករដ្ឋមន្ត្រីចិន ជូន ចំពោះ សម្តេចតេជោផងដែរ។ លោក Wang Jiarui បានប្រសាសន៍បញ្ជាក់សារជាថ្មី អំពីទំនាក់ទំនងកម្ពុជា-ចិន ក្នុងក្របខណ្ឌយុទ្ធ សាស្ត្រ គ្រប់ជ្រុងជ្រោយ ដែលបានបានធ្វើសម្ព័ន្ឋមិត្ត ជាបងប្អូនកាន់តែរឹងមាំ និងរីកចម្រើនយ៉ាងខ្លាំង។

លោក Wang Jiarui បានជំរាបជូន សម្តេចតេជោ ផងដែរ អំពីសភាពការណ៍នយោបាយ រវាងប្រទេសចិន ជាមួយឥណ្ឌា វៀតណាម ហ្វីលីពីន ដែលកំពុងមានភាពល្អប្រសើរទៅមុខ។ ចំពោះសភាពការណ៍ នៅឧបទ្វីបកូរ៉េគឺ លោក Wang ចង់ឃើញ មានការចរចារ ដោយសន្តិភាព។ ប្រទេសចិន មិនគាំទ្រអោយ មានការបាញ់អាវុធ នុយក្លេអែរ ប្រល័យលោកឡើយ។ ចំពោះ ទំនាក់ទំនងចិននិងឥណ្ឌា គឺកាន់តែប្រសើរឡើង ក្រោយនាយករដ្ឋមន្ត្រីឥណ្ឌាបានធ្វើទស្សនកិច្ចនៅប្រទេសចិន។

លោក Wang Jiarui បានជម្រាបជូន សម្តេចតេជោ ផងដែរថាប្រទេសចិន បានរៀបចំរួច ទទួលសម្តេច តេជោ នៅក្នុងដំណើរ ទស្សនកិច្ចអញ្ជើញចូលរួមពិធីតាំងពិព័រណ៌ ចិន-អាស៊ាន ដ៏ធំមួយ រួមជាមួយនឹងកិច្ច ប្រជុំកំពូលអំពីការវិនិយោគ ពាណិជ្ជកម្ម ចិន-អាស៊ាន នៅទីក្រុងណាននីង ប្រទេសចិនសប្តាហ៍ក្រោយនេះ។

លោក Wang បានបញ្ជាក់ជម្រាប សម្តេចតេជោ ផងដែរថា ទំនាក់ទំនងកម្ពុជា-ចិន គឺជាបងប្អូន និងជាមហាគ្រួសារ ព្រោះថា ឧបសគ្គរបស់កម្ពុជា គឺជាឧបសគ្គរបស់ចិន ហើយជោគជ័យរបស់កម្ពុជា គឺជាជោគជ័យរបស់ចិនផងដែរ។ ប្រទេសយើងទាំងពីរ គឺមិនអាចមានអ្នកណាមកបំបែកបំបាក់បានឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក Wang Jiarui ដែល បាន អញ្ជើញមកបំពេញទស្សន កិច្ចរិតចំណងមិត្តភាពកម្ពុជា ចិនពេលនេះ ហើយសម្តេចតេជោ ក៏បានអរគុណ លោក ប្រធានាធិបតី ចិន Xi Jinping និង លោកនាយករដ្ឋមន្រ្តីចិន Li Kequiang ដែលបានផ្តាំផ្ញើសួរសុខទុក្ខសម្តេចតេជោ។ សម្តេច តេជោ នាយករដ្ឋមន្រ្តី សង្ឃឹមថា លោកប្រធានាធិបតីចិន Xi Jinping នឹងបន្តជាប់ឆ្នោតជាអគ្គលេខាធិការ បក្សកុម្មុយនីស្ត តទៅទៀតនៅក្នុងមហាសន្និបាតខាងមុខ។

ក្រោយពីកិច្ចប្រជុំនេះ ហើយ សម្តេចតេជោ ហ៊ុន សែន បានរៀបចំពិសារអហារថ្ងៃត្រង់ ជូនលោក Wang Jiarui និងគណប្រតិភូ មិត្តចិន នៅវិមានសន្តិភាព ប្រកបដោយបិរយាកាសរីករាយ និងស្និទ្ឋស្នាលក្រៃ លែង៕