ពិធីដាក់ឲ្យដំណើរការជាផ្លូវការនូវមន្ទីរពិសោធន៍ចល័ត (Mobile Lab) ផ្នែកប្រេងឥន្ធនៈរបស់អគ្គនាយក ដ្ឋាន កាំកុងត្រូល

31 06 2017

ដើម្បីរួមចំណែកការពារអត្ថប្រយោជន៍អ្នកប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា​ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ក្រសួងពាណិជ្ជកម្ម បានដាក់ឲ្យដំណើរការជាផ្លូវការនូវមន្ទីរពិសោធន៍ចល័ត (Mobile Lab) ផ្នែកប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីសំខាន់ៗប្រមាណ ៥០រូប។

រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រងឥន្ធនៈនេះម៉ាក Ford ម៉ូដែលឆ្នាំ ២០១៦ មានតម្លៃសរុបចំនួន 152,982.49 ដុល្លារអាមេរិក ហើយគឺជារថយន្តទី២ បន្ទាប់ពីរថយន្តមន្ទីរពិសោធន៍​ចល័តទី១ ត្រូវបាន ដាក់ ឱ្យ ដំណើរការ ​ដើម្បីតាមដាន និងត្រួតពិនិត្យគុណភាព​ និងសុវត្ថិភាពម្ហូបអាហារ កាលពី​ចុងឆ្នាំ ២០១៦ កន្លងទៅ។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ការដាក់ដំណើររថយន្តមន្ទីរពិសោធន៍ចល័ត ផ្នែកប្រងឥន្ធនៈ សបង្ហាញពីការគិតគូរយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាម អាជ្ញាធរដែលមានបេសកម្ម និងភារកិច្ចត្រួតពិនិត្យទំនិញនីហរ័ណ-អាហរ័ណ និងបង្ក្រាបអំពើក្លែងបន្លំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា រថយន្តនេះនឹងជួយពង្រឹងប្រសិទ្ធភាព ការងាររបស់មន្ត្រីកាំកុងត្រូល ក្នុងការចុះត្រួតពិនិត្យប្រេងឥន្ធនៈ នៅ​តាម​ស្ថានីយ៍ ឬដេប៉ូចែកចាយនៅ ក្នុង រាជធានី និង​តំបន់​ឆ្ងាយៗទូទាំងប្រទេស ព្រោះវាមានបំពាក់ដោយឧបករណ៍ទំនើប ដែល​អាច​វិភាគ​រក នូវប៉ារ៉ាម៉ែត្រនៃផលិតផលទំនិញជាប្រេងឥន្ធនៈទាំងផ្នែកគុណភាព និងបរិមាណ។

សូមបញ្ជាក់ថា បន្ទាប់ពីដាក់ឲ្យដំណើរការរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រងឥន្ធនៈថ្ងៃនេះ មន្ត្រីនៃ អគ្គនាយកដ្ឋានកាំកុងត្រូល នឹងចុះត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ​គ្រប់ប្រភេទដូចជា ប្រេងប្រេងម៉ាស៊ូត, ប្រេងសាំង (ស៊ុបពែរ និងសាំងធម្មតា) និងប្រេងម៉ាស៊ីន នៅតាមស្ថានីយ៍ និងដេប៉ូចែកចាយ ប្រេងឥន្ធនៈ ទូទាំងប្រទេស សំដៅធានាភាពជឿជាក់ជូនប្រជាពលរដ្ឋ ក្នុងការទទួលបានទំនិញជាប្រេង ឥន្ធនៈប្រកប ដោយគុណភាព និងបរិមាណ​ត្រឹមត្រូវ ព្រមទាំងធានានូវការធ្វើធុរកិច្ចប្រកបដោយសមធម៌ និងរក្សាសណ្តាប់ ធ្នាប់ទីផ្សារប្រេងឥន្ធនៈនៅកម្ពុជា៕