សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងវេទិកាជាតិលើកទី២ ស្តីពីការការពារ និងអភិរក្ស ធនធានធម្មជាតិ

22 08 2017

នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងវេទិកាជាតិ លើកទី២ ស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ នៅវិមាន សន្តិភាព រាជធានីភ្នំពេញ ដែលមានការចូលរួមពី ដៃគូអង្គការអន្តរជាតិ និងស្ថានទូតបរទេសនានា ព្រមទាំងសហគមការពារ ធនធានធម្មជាតិមកពីទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន ពេញចិត្ត និងកោតសរសើរ ចំពោះបងប្អូនប្រជាពលរដ្ឋ តំណាងសហគម ព្រះសង្ឃ និងអង្គការ ដៃគូអន្តរជាតិទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ។ ពិធីជួបជុំនេះ គឺធ្វើ ឡើង លើកទី២ហើយ ដើម្បីដំណោះស្រាយក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងប្រទេស។

តាមសំណើររបស់ ព្រះតេជគុណ ដែលបានចូលរួមថែរក្សាធនធានធម្មជាតិ នៅខេត្តឧត្តរមានជ័យ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ម៉ាស៊ីនកាយដី (Excavator) ដើម្បីយកទៅរៀបចំព្រំដីអភិរក្ស និងជីកស្រះជួយដល់សហគមនៅទីនោះ។ ព្រោះកន្លង មកព្រះតេជគុណ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាការពារបរិស្ថាន នៅក្នុងខេត្តឧត្តរមានជ័យនេះ។

តាមសំណើលើកឡើង របស់អង្គការថែរក្សា សត្វព្រៃ WWF ដែលសំណូមពរអោយការពារ សត្វខ្លាដំបង នៅខេត្តរតនគិរី និង មណ្ឌលគិរី គឺ សម្តេចតេជោ បានគាំទ្រអោយមានកិច្ចការពារ និងអភិរក្សសត្វខ្លាដំបង អោយបានគង់វង្សនៅទូទាំងប្រទេស គឺធ្វើយ៉ាងណា ដើម្បីអោយខេត្ត ទាំងនេះក្លាយជាព្រៃឈើអន្តរជាតិ ដែលនឹងជួយដល់ ការទាក់ទាញភ្ញៀវទេសចរណ៍ យ៉ាង សំខាន់។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលនឹងបន្តបង្កើន ថវិការជាតិដើម្បីជួយទ្រទ្រង់ ដល់ការថែរក្សាការពារ និង អភិរក្សធនធានធម្មជាតិ។ ទាក់ទងនឹងការថែរក្សាការពារ ព្រៃកោងកាង និងធនធានធម្មជាតិសិ្ថត នៅតាមឆ្នេរសមុទ្រកម្ពុជា ជាប់នឹង ខេត្ត៤គឺ ១កំពត ២កែប ៣ព្រះសីហនុ និង៤កោះកុង ដែលមានប្រវែង ៤៤០គម ដែលជាឆ្នេរសមុទ្រ ស្អាតក្នុងពិភព លោក (តារារះនាទិសនិរតី) ដែលសព្វថ្ងៃនេះមានសកម្មភាពរំលោភចាក់ដីលុបឆ្នេរ និង កាប់បំផ្លាញទន្ទ្រាន ព្រៃកោងកាង ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ធនធានធម្មជាតិដែល រាជរដ្ឋាភិបាល បានសម្រេចនិរាករណ៍ចោលចំពោះ ប័ណ្ណកម្ម សិទ្ឋិលើដីរដ្ឋ ទាំងអស់នោះកន្លងមក ប៉ុន្តែមិនទាន់មានការ អនុវត្តអោយបានពេញលេញ នៅឡើយ។ ថ្ងៃនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ជាអោយរដ្ឋមន្រ្តី ក្រសួងរៀបចំដែនដីនគររូបនីយកម្ម សហការជាមួយខេត្តទាំង៤ ចុះអនុវត្តិបញ្ចប់បញ្ហានេះទាំងស្រុង ជាបន្ទាន់ដោយគ្មាន ការលើកលែងឡើយ។ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានរំលឹកមិនអនុញ្ញាត្ត អោយមានការ វិនិយោគ ដាំសារ៉ាយសមុទ្រ លើសមុទ្រកម្ពុជាដាច់ខាត។ តាមការលើកឡើង របស់វិស័យ ឯកជនដែលកំពុងធ្វើអាជីវកម្ម លើ ផលិតផលដើមប្ញស្សី គឺ សម្តេចតេជោ បានគាំទ្រអោយ សហគមបន្តដាំដើមប្ញស្សី ដែលមានប្រយោជន៍ទាំង ក្នុងការ ទទួល ទានផង និងឆ្នៃជាសម្ភារៈសម្រាប់ប្រើប្រាស់ផង និងសម្រាប់លក់ដូរ ដើម្បីបង្កើនប្រាក់ចំណូល សម្រាប់គ្រួសារ។ ដើម្បី ជួយពង្រឹងដល់សហគមមូលដ្ឋាននានា ដែលកំពុងចូលរួមយ៉ាងសកម្ម ក្នុងការការពារអភិរក្ស ធនធានធម្មជាតិ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត មូលនិធិបរិស្ថាន ដើម្បីផ្តល់មូលនិធិទ្រទ្រង់ជួយ សហគមនៅឆ្នាំ ២០១៨ ខាងមុខនេះ ដែល ក្នុង១សហគម គឺនឹងទទួលបានមូលនិធិ ៤,០០០,០០០ (បួនលានរៀល) ។

ឆ្លៀតក្នុងថ្ងៃប្រលងបាក់ឌុបនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានជូនពរក្មួយៗចៅៗសិស្សានុសិស្ស ទាំងអស់ដែល បានប្រលង ក្នុងថ្ងៃនេះ ទទួលបានជោគជ័យគ្រប់ៗគ្នា។ សិស្សានុសិស្សនិទ្ទេស (A) នឹងបានមកជួបសម្តេចតេជោ នៅវិមានសន្តិភាព ខាង មុខនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរ និង សូមអរគុណដល់បណ្តាក្រសួង មន្ទីរ ស្ថាប័នជាតិ និងដៃគូអន្តរជាតិ ទាំងអស់ ដែលបានចូលរួម ថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងប្រទេសកម្ពុជា អោយបាននៅគង់វង្ស៕