អ្នករាយការណ៌ពិសេស អង្គការសហប្រជាជាតិ ស្តី ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កោតសរសើរការរីកចម្រើន វិស័យសុខាភិបាលកម្ពុជា

15 08 2017

ក្នុងឱកាស ចូលជួប សម្តែងការគួរសម​ និងពិភាគ្សាការងារ​ ជាមួយឯកឧត្តមវេជ្ជបណ្ឌិត​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួង សុខាភិបាល​ នារសៀលថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ២០១៧​ នៅទីស្តីការក្រសួងសុខាភិបាល​ លោកស្រីសាស្ត្រាចារ្យ​ រ៉ូណា​ ស្មីត​ បានថ្លែងនូវការ កោត សរសើរចំពោះវឌ្ឍនភាព​ និងការរីកចម្រើនក្នុងវិស័យសុខាភិបាល​ ដោយបានឆ្លងកាត់ពីភាព លំបាកលំបិនជាច្រើន ទស្សវត្សមក។​ នៅក្នុងជំនួបពិភាគ្សាការងារនេះ​ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ម៉ម​ ប៊ុនហេង​ បានស្វាគមន៌ យ៉ាងកក់ក្តៅ រ៉ាក់ទាក់ជូនដល់វត្តមានរបស់លោកស្រី​ រ៉ូណា​ ស្មីត​ និងសហការី​ ហើយបានជំរាបជូន ពីការខិតខំ ប្រឹងប្រែងកសាងអភិវឌ្ឍវិស័យ សុខាភិបាលនៅកម្ពុជា តាំងពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្ននេះ​ ដែលក្រោមការដឹកនាំ ដ៏ឆ្លាតវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ និងការខិតខំត្រងត្រាប់ អនុវត្ត របស់ ថ្នាក់ដឹកនាំ​ មន្ត្រីសុខាភិបាល គ្រប់ជាន់ថ្នាក់​ ព្រះរាជាណាចក្រកម្ពុជាបាន ទទួល នូវពានរង្វាន់ និងការទទួលស្គាល់ នូវស្នាដៃ​ការ សម្រេចបានសមិទ្ធិផល ​ព្រមទាំងភាពឆ្នើមជាអ្នកដឹកនាំ និងសម្រេចបាន លទ្ធផល ការងារមុនកាលកំណត់ជាច្រើន​ ដូចជា ក្នុង ការប្រយុទ្ធប្រឆាំងជំងឺអេដស៌​ ជំងឺរបេង​ ការកាត់បន្ថយ បានយ៉ាងឆាប់រហ័ស នូវអត្រាមរណ:ភាពមាតា និងការពន្លឿន បានការ គ្របដណ្តប់ជាសកលនូវ ការផ្តល់សេវាសុខភាពបន្តពូជ​ ការលុបបំបាត់បាននូវជំងឺកញ្ជ្រិល​ ការលុបបំបាត់បាននូវជំងឺ ឡាំហ្វាទិក ហ្វីឡារីយ៉ាសីស ដែលជាជំងឺ ធ្វើឲ្យជើង ឡើងធំដូចជើងដំរី​។​ បន្ថែមលើនេះ​ កម្ពុជា​ នឹងទទួលបានប័ណ្ណ ទទួលស្គាល់ជា ផ្លូវការ លើ ការលុបបំបាត់ ជំងឺត្រាក់កូម នៅកម្ពុជា ពីអង្គការសុខភាព ពិភពលោក នៅខែតុលា​ ឆ្នាំ២០១៧ខាងមុខនេះ​ ដែលឯកឧត្តម រដ្ឋមន្ត្រី ក្រសួងសុខាភិបាល នឹងដឹកនាំគណ:ប្រតិភូ​ អញ្ជើញទៅចូលរួមកិច្ចប្រជុំអង្គការសុខភាព ពិភពលោកដែល នឹងត្រូវ ទទួលប័ណ្ណនេះនៅក្នុងកិច្ចប្រជុំនោះផងដែរ។

គួរកត់សំគាល់ផងដែរថា​ នៅក្នុងកិច្ចពិភាគ្សានេះ​ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរាបជូនភ្ញៀវផងដែរថា​ រាជរដ្ឋាភិបាល កម្ពុជាបាន ផ្តោតការយកចិត្តទុកដាក់លើជនក្រីក្រនិងជនងាយរងគ្រោះដូចជាជនចាស់ជរា​ និងជនពិការ​ ដោយផ្តល់លទ្ធភាព ឲ្យពួកគាត់ ប្រើប្រសា់សេវាសុខភាព នៅតាមមូលដ្ឋានសុខាភិបាល សាធារណ:ដោយរដ្ឋជា អ្នកចេញថ្លៃជួស​ តាមរយ:ការប្រើប្រាស់ យន្ត ការ គម្រោង មូលនិធិសមធ៌ម​ និងគម្រោងគាំពារសុខភាពផ្សេងៗ ជូនដល់កម្មករនិយោជិត​ ដែលរាជរដ្ឋាភិបាល បាននិងកំពុង ដាក់ចេញឲ្យអនុវត្ត​ ដោយក្នុងនោះក៏មានការ ផ្តល់ការគាំពារ សុខភាព ជូនដល់មន្ត្រីរាជការសុីវិលផងដែរ។​ វឌ្ឍនភាពបាន មកពី ការ យកចិត្តទុកដាក់ក្នុងការផ្តល់ សេវាពិនិត្យ និងព្យាបាលលើជនរងគ្រោះ ដោយអំពើហឹង្សា​ ជនប្រើប្រាស់គ្រឿងញៀន​ និង សុខភាពផ្លូវចិត្ត​ បានបង្ហាញពីការចូលរួមបន្ថែមទៀត ពីវិស័យសុខាភិបាល ក្នុងការលើកកំពស់សិទ្ធិ នៃការទទួលសេវា​ ក៏ដូចជាសិទ្ធិ នៃការផ្តល់សេវា នៅកម្ពុជាផងដែរ​ ដែលនេះក៏ជាចំណុចនៃការថ្លែង ការកោតសរសើររបស់ លោកស្រីអ្នករាយ ការណ៌ពិសេសរបស់អង្គការសហប្រជាជាតិផងដែរ។