ក្រសួងពាណិជ្ជកម្មណែនាំឱ្យមន្រ្ដីកាំកុងត្រូល ពង្រឹងការត្រួតពិនិត្យទំនិញនាំចូលតាមព្រំដែន ដើម្បីធានា សុវត្ថិភាពអ្នកប្រើប្រាស់

25 07 2017

រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យមន្រ្ដីកាំកុងត្រូល ពង្រឹងការត្រួតពិនិត្យការនាំចូលទំនិញ គ្រប់ប្រភេទតាមព្រំដែន មកទីផ្សារក្នុងប្រទេស ដើម្បីបង្ការទប់ស្កាត់ការនាំចូលខុសច្បាប់ និងធានា សុវត្ថិភាព សុខុមាលភាពអ្នកប្រើប្រាស់​។ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០១៧របស់អគ្គនាយកដ្ឋានកាំកុងត្រូល នាព្រឹក ថ្ងៃទី២៥ ខែកក្កដានេះ នៅអគ្គនាយកដ្ឋានកាំកុងត្រូល ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ណែនាំដល់មន្រ្ដីកាំកុងត្រូលទាំងអស់ ត្រូវពង្រឹងការងារត្រួតពិនិត្យតាមព្រំដែន ពិសេសទំនិញនាំចូល សត្វរស់ ផលិតផលម្ហូបអាហារ បន្លែ ផ្លែឈើ ត្រី សាច់ ដែលធ្វើការនាំចូលមក ទីផ្សារក្នុងប្រទេស។ ឯកឧត្តមបានបញ្ជាក់ថា មន្រ្ដីកាំកុងត្រូលទាំងអស់ ដែលមានភារកិច្ចត្រួតពិនិត្យនៅ តាមព្រំដែន ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ពិសេសមន្រ្ដីគយ នគរបាលសេដ្ឋកិច្ច និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ សម្រាប់ចូលរួមទប់ស្កាត់ការនាំចូលដោយខុសច្បាប់ និងតាមច្រករបៀងផ្សេងៗតាម ព្រំដែន ហើយត្រូវកំណត់ប្រភេទមុខទំនិញឱ្យបានច្បាស់លាស់ដែលបានដាក់លក់នៅលើទីផ្សារ។

ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល បានបញ្ជាក់ថា ការត្រួតពិនិត្យទំនិញតាមច្រកព្រំដែន មន្រ្ដីកាំកុងត្រូលបានយកចិត្តទុកដាក់ និងបង្កើនសកម្មភាពត្រួត ពិនិត្យខ្លាំងជាងបណ្ដាឆ្នាំមុនៗលើទំនិញ ម្ហូបអាហារដែលមានហានិភ័យខ្ពស់ និងហួសកាលបរិច្ឆេទ ប្រើប្រាស់ ដែលអាជីវករមួយចំនួនបាននាំចូលមកលក់ក្នុងទីផ្សារកម្ពុជា។ ឯកឧត្តមបានបន្ដថា ជាលទ្ធ ផលនៃការត្រួតពិនិត្យទំនិញគ្រប់ប្រភេទគឺបានរកឃើញភាគច្រើនលើបន្លែ ផ្លែឈើ និងទំនិញគ្រឿងទេស ដែលមានហានិភ័យខ្ពស់ បាននាំចូលមកពីប្រទេសជិតខាង។

ឯកឧត្តមប្រតិភូបានបន្ថែមទៀតថា ការត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលនាំចូលមកពីប្រទេស ជិតខាងគឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីទប់ស្កាត់ការធ្វើចរាចរទំនិញគ្រប់ប្រភេទដែលខូចគុណ ភាព និងមានហានិភ័យខ្ពស់ យកចូលមកលក់នៅក្នុងទីផ្សារ។ ក្រៅពីនេះ មន្រ្ដីកាំកុងត្រូលបានពង្រឹងការ ត្រួតពិនិត្យ និងចុះទីផ្សារជាប់ជាប្រចាំដោយធ្វើតេស្ដបឋមរកសារធាតុគីមីហាមឃាត់លើម្ហូបអាហារ និងសំណល់ថ្នាំសម្លាប់សត្វល្អិតក្នុងបន្លែ ផ្លែឈើស្រស់ ព្រមទាំងយកគំរូមកវិភាគក្នុងមន្ទីរពិសោធន៍ ដើម្បីការពារសុវត្ថិភាព និងសុខភាពអ្នកប្រើប្រាស់។

សូមបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានកាំកុងត្រូលបាននាំយករថយន្ដ ពិសោធន៍ចល័ត ចុះវិភាគផ្ទាល់នៅតាមច្រកទ្វារព្រំដែន ដោយត្រួតពិនិត្យ និងវិភាគទៅលើផលិតផល បន្លែចំនួន៤០១គំរូ និងរកឃើញផលិតផល៣៥គំរូ ដែលមានសំណល់ថ្នាំកសិកម្ម។ ចំណែកផលិតផល ម្ហូបអាហារពុំមានសុវត្ថិភាព ត្រូវបានរកឃើញ និងរឹបអូសយកមកកម្ទេចចោលនៅតាមបណ្ដាច្រកព្រំដែន មានចំនួន៩៧៩២គីឡូក្រាម។