សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានក្លាយជាអនុប្រធានវេទិកាសារព័ត៌មាននៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី ហៅថាICAPP

12-07-17

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានក្លាយជាអនុប្រធានវេទិកាសារព័ត៌មាននៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី ហៅថាICAPP នាសប្តាហ៍កន្លងទៅនេះនៅសាធារណរដ្ឋកូរ៉េ។ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសាររព័ត៌មានកម្ពុជា (ស.ស.ស.ក) បានបញ្ជាក់កាលពីម្សិលមិញថា លោកបានត្រូវតែងតាំង ជាអនុប្រធានវេទិកាសារព័ត៌មាន ICAPP ហើយតួនាទីនេះ ត្រូវបានវាយតម្លៃថា មានអត្ថប្រយោជន៍ធំធេង៣យ៉ាង៖ទី១- លើកទង់ជាតិកម្ពុជា នៅថ្នាក់តំបន់អាស៊ីនិងអឺរ៉ុបជាមួយបណ្តាប្រទេសចំនួន២៣ដែលជាសមាជិក ICAPP។ទី២- បង្ហាញថា ថ្នាក់តំបន់ទទួលស្គាល់សមត្ថភាពនិងលទ្ធភាពរបស់តំណាងសារព័ត៌មានវ័យក្មេងកម្ពុជា ក្នុងការរួមចំណែកដឹកនាំតម្រង់ទិសវិស័យសារព័ត៌មានក្នុងការពង្រីកលំហរសេរីភាព និងពង្រឹងដំណើរការប្រជាធិបតេយ្យនៅតាមបណ្តាប្រទេសជាសមាជិក ICAPPទី៣- ជាឱកាសដែលអ្នកសារព័ត៌មាន មានលទ្ធភាពធ្វើការងារក្នុងភាពជាដៃគូជាមួយគណបក្សនយោបាយជាប់ឆ្នោតនិងគណបក្សនយោបាយកំពុងកាន់អំណាច នៃបណ្តាប្រទេសជាសមាជិក ICAPP ក្នុងការចែករំលែកទស្សនវិស័យ និងពង្រីកកិច្ចសហការលើការផ្តល់ព័ត៌មាន ដើម្បីពង្រឹងគុណភាពការគិតរបស់ប្រជាជន និងក្នុងការពង្រឹងដំណើរការប្រជាធិបតេយ្យទាំងនៅទ្វីបអាស៊ីនិងទ្វីបអឺរ៉ុប។សូមបញ្ជាក់ថា ក្នុងតួនាទីជាអនុប្រធានវេទិកាសារព័ត៌មាន ICAPP លោក ហ៊ុយ វណ្ណៈ ត្រូវបានអញ្ជើញឡើងធ្វើបទបង្ហាញពីការ បិទកិច្ចប្រជុំវេទិកាសារព័ត៌មានស្តីអំពី «តួនាទីសារព័ត៌មានក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងតួនាទីសារព័ត៌មានក្នុងការចូលរួមពង្រឹងសហគមន៍ប្រជាជាតិអាស៊ី»។សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី ICAPP ឬភាសាអង់គ្លេស ហៅថា International Conference of Asia Political Parties មានសមាជិកចំនួន៣៥៨ គណបក្សមកពី៥៣ប្រទេស នៅអាស៊ី។ សមាជិកអចិន្ត្រៃយ៍របស់ ICAPP គឺមាន ៣៤គណបក្សនយោបាយមកពី២៣ប្រទេស។ ដោយឡែកនៅកម្ពុជា គណបក្សប្រជាជនកម្ពុជា មានតួនាទីជាអនុប្រធានអចិន្ត្រៃយ៍សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី ICAPP, ជាប្រធានក្រុមប្រឹក្សាវប្បធម៌ ICAPP, និងជាសហប្រធានវេទិកានយោបាយអាស៊ី-អឺរ៉ុប ផងដែរ។ជាមួយគ្នានេះដែរ គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់សន្និសីទអន្តរជាតិ នៃគណបក្សនយោបាយនីៅអាស៊ី (ICAPP) លើកទី២៨ នៅសាថារណរដ្ឋកូរ៉េ។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន, ក្នុងនាមជាប្រធាន គណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជំរាបជូនសមាជិក សមាជិការ ថ្នាក់ដឹកនាំគណបក្សនេះ និងសាធារណជន អំពីសមិទ្ធផលអន្តរជាតិថ្មីៗ ដែលគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សម្រេចបាននៅក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ របស់សន្និសីទអន្តរជាតិ នៃគណបក្សនយោបាយ នៅអាស៊ី (ICAPP) លើកទី២៨ នៅថ្ងៃទី៧-៩ ខែកក្កដា ឆ្នាំ២០១៧ នាទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង គឺពិតជាបានបង្កើនតម្លៃ និងតួនាទីដឹកនាំបន្ថែមទៀតដល់ គណបក្សប្រជាជនកម្ពុជា  នៅលើវេទិកាគណបក្ស នយោបាយអន្តរជាតិ។