សកម្មភាពនានាពាក់ព័ន្ឋការ ចូលរួមការ ពារធនធានធម្មជាតិ ជាពិសេសការអភិរក្សសត្វកម្រជិតផុតពុជលើពិភពលោក ក្នុងខេត្ដព្រះវិហារ

03 07 2017

ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីចុងសប្តាហ៍កន្លងមកនេះ បានចុះពិនិត្យ ស្ថានភាពដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពរួមទាំងពិនិត្យស្ថានភាពគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ របស់អង្គការWCS ឬហៅថាគម្រោង អាប៊ីសរ៉ាយ និង សួរសុខទុក្ខមន្ត្រីឧទ្យានុរក្ស ក្នុងភូមិ សាស្រ្ត ខាងនេះនៅក្នុងខេត្តព្រះវិហារ។ ប្រជាពលរដ្ឋនៃសហគមន៍ទេសចរណ៍ធម្មជាតិត្មាតប៉ើយ  ប្រធានមន្ទីរ បរិស្ថាន ខេត្តព្រះវិហារ មន្រ្តីដែនជម្រកសត្វព្រៃគូលេន ព្រហ្មទេព និងតំណាងអង្គការ WCS គម្រោង អាយប៊ីសរ៉ាយ (IBIS Rice) បានទទួលស្វាគមន៍និងបង្ហាញ ពីសកម្មភាពនានាពាក់ព័ន្ឋការ ចូលរួមការ ពារធនធានធម្មជាតិ ជាពិសេសការអភិរក្សសត្វកម្រជិតផុតពុជលើពិភពលោក ដែលនៅសេសសល់ ក្នុងតំបន់នេះ។ លោក សម័យ អ្នកសម្របសម្រួលគម្រោងអាប៊ីសរ៉ាយ (IBIS Rice) បានបញ្ជាក់ថា គម្រោង នេះបានផ្តល់ប្រាក់កម្រៃដល់សហគមន៍ ជាមួយនឹងការផ្សាភ្ជាប់នូវការអភិរក្ស ដោយទទួលទិញ ស្រូវពីប្រជា កសិករដោយតម្លៃខ្ពស់ ប្រសិនបើកសិករគោរពកិច្ចព្រមព្រៀង អភិរក្សដែលមានចែងឡើង ដើម្បីការពារ ប្រភេទសត្វស្លាបទឹក ជាពិសេសសត្វត្រយ៉ងយក្ស។

ក្នុងឧកាសនេះ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងនូវការកោតសរសើរដល់សហគមន៍ ដែលក្រៅ ពីរក ចំណូលបានពីវិស័យទេសចរណ៍ធម្មជាតិ តាមរយៈការបង្កើតផ្ទះស្នាក់នៅបានល្អក្នុងមូលដ្ឋាន និងសេវា កំសាន្តភ្ញៀវទេសចរណ៍ទស្សនាសត្វព្រៃ ជាពិសេសសត្វបក្សីកម្រនៅលើលោក រួមមានសត្វត្រ យ៉ងយក្ស និងសត្វត្មាតភ្លើងជាដើម។ វាយតំលៃខ្ពស់ចំពោះ គម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃរបស់អង្គការ WCS ដោយចាត់ទុកជាគំរូមួយ រួមចំណែកជាមួយក្រសួងបរិស្ថានក្នុងកិច្ចគាំពារបរិស្ថាន ការពារធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ និង ការរស់នៅប្រកបដោយចីរភាព។ គម្រោងស្រូវមិត្តភាពសង្រ្គោះ សត្វព្រៃឬហៅថា អាយប៊ីសរ៉ាយ បង្កើតឡើងដោយកិច្ចសហការដោយរាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋភិបាលជាដៃគូ ក្នុងនោះមានអង្គការអភិរក្សសត្វព្រៃ WCS និងសហគមន៍ក្នុងដែនជម្រកសត្វព្រៃគូលេន ព្រហ្មទេព ក្នុងខេត្តព្រះវិហារ។ប្រជាកសិកររស់នៅក្នុងតំបន់ព្រៃការពារចំនួនជាង១០០គ្រួសារបានចូលរួមជាមួយគម្រោង។ បច្ចុប្បន្នជាមួយគ្នានេះគម្រោងអាប៊ីសរ៉ាយបាន នាំអង្ករផ្ការំដួលដែលផលិតឡើងនៅទីនេះទៅបរទេស និង បានផលិតជានំកញ្ចប់សម្រាប់លក់នៅតាមទីផ្សានានាផងដែរ។