ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីកាត់ឬសសីមា និងសម្ពោធ សមិទ្ធផលនានាវត្តគីរីមង្គល (ហៅវត្តភ្នំធំ) ស្ថិតក្នុងឃុំតាកែន ស្រុកឈូក ខេត្តកំពត

27-06-17

ឯកឧត្តម ហ៊ុន ម៉ាណែត កាលពីម្សិលមិញ បានអញ្ជើញ ជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គ​មហា​​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ក្នុងពិធីកាត់ឬសសីមា និងសម្ពោធ សមិទ្ធផលនានាវត្តគីរីមង្គល (ហៅវត្ត​ភ្នំធំ) ស្ថិតក្នុងឃុំតាកែន ស្រុកឈូក ខេត្តកំពត។ក្នុងឧកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចតេជោ និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ប្រទេស នៅមូលដ្ឋានខ្លះ សម្តេចតេជោ​នាយករដ្ឋមន្រ្តី និងសម្តេចគតិព្រឹទ្ឋបណ្ឌិត បានចុះផ្ទាល់ ជួបប្រជាពលរដ្ឋជាក់ស្តែង និងកន្លែងខ្លះលោកមិនបានចុះទៅ ក៏ចាត់តំណាងដេីម្បីចុះទៅដល់មូល​ដ្ឋាន ដោយហេតុភាព មមា​ញឹក​កិច្ចការការធំៗរបស់ជាតិ។ជាក់ស្តែងថ្ងៃនេះ សម្តេចលោកអនុញ្ញាត​ឲ្យជាតំណាង របស់លោក ដើម្បីសម្ពោធសមិទ្ធផលវត្ត​គីរីមង្គលនាឱកាសនេះ ហើយអត្ថន័យនៃ​ការចូលរួមសម្ភោធ​សមទ្ធិផល​នាពេលនេះ គឺជាសក្ខីភាព​នៃ​ការ​យកចិត្តទុកដាក់របស់សម្តេចតេជោ និងជាការ ថ្លែងអំណរគុណ​ព្រះតេជគុណចៅអធិការ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទជិតឆ្ងាយ និងប្រជាពលរដ្ឋឃុំតាកែន ដែល​បានផ្តួចផ្តើម និង​ខិតខំប្រឹងប្រែងរួមចំណែក កសាងនូវសមិទ្ធផលនេះ ការខិតខំពិត ធ្វើ​បានពិត និងមិនសន្យាចោល។ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្ថែមថា សមិទ្ធផលព្រះវិហារ និងសមិទ្ធផល​នានាក្នុងអារាមនេះ ក៏​ដូចជាទីអារាមនៅទូទាំងប្រទេស គឺជាសក្ខីភាពឆ្លុះបញ្ចាំង​អំពីមហា​សាមគ្គី​ជាតិ​ខ្មែរ នៅក្នុង​តំណាក់​​កាល​ប្រទេសយើងកំពុងមានសន្តិភាព និងការអភិវឌ្ឍន៍។  ឯកឧត្តម បាន​បញ្ជាក់ថា ដរាបណា​ប្រជាពលរដ្ឋ នៅ​តែបន្តគាំទ្រ និងផ្តល់ជំនឿទុកចិត្តចំពោះសម្តេច សម្តេចនឹងប្តេជ្ញា​បន្តដឹកនាំកសាង​ប្រទេស​ឲ្យ​កាន់​​តែរីកចម្រើន ប្រជាពលរដ្ឋ និងអនាគតកូន ចៅប្រជាពលរដ្ឋ​យើងកាន់តែ​បានល្អ​ប្រសើរ, នេះ​មិនមែន​ជាការសន្យានោះទេ ប៉ុន្តែជាការប្តេជ្ញា ហើយក៏បានធ្វើ និងកំពុងធ្វើ​រួចមក​ហើយ​ផងដែរ។សូមបញ្ជាក់ថា ក្នុងឧកាសនេះ បន្ថែមលើអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ឯកឧត្តម ហ៊ុន ម៉ាណែត បានប្រគេនបច្ច័យ ៤២លានរៀល ដើម្បីបន្តសាងសង់សមិទ្ធផលនានក្នុង​វត្តគីរីមង្គល និង ថវិកា ១៥លានរៀល សម្រាប់ចូលរួមជាបច្ច័យកសាងវត្តអង្គមុនីវ័ន្ត ស្ថិតក្នុងស្រុកជុំគីរី ខេត្ត​កំពត។ ជាមួយគ្នានេះដែរ ឯកឧត្តមសម្រេចផ្តល់ជូនអគារសិក្សា ០១ខ្នង ០៦បន្ទប់ និងអគារ​ទីចាត់ការ ០១ខ្នង ដល់សាលា អនុវិទ្យាល័យត្រពាំងបី ស្ថិតក្នុងឃុំតាកែន ស្រុកឈូក​ ខេត្តកំពត៕