​ពិធី​អបអរ​សាទរខួបលើកទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា យ៉ាង​អធឹកអធមក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង សម្តេច​កិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា

08 05 2017

កាកបាទក្រហមកម្ពុជានៅថ្ងៃនេះ ថ្ងៃទី៨ ខែ ឧសភា ឆ្នាំ ២០១៧ រៀបចំ​ពិធី​អបអរ​សាទរខួបលើកទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា យ៉ាង​អធឹកអធមក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង សម្តេច​កិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៧ នេះកាកបាទក្រហមកម្ពុជា​ទទួលបានថវិកាពីសប្បុរស​ជននានា សរុបចំនួនជាង១៣ លាន ៤ សែនដុល្លារសហរដ្ឋអាមេរិកពីសប្បុរស​ជននានាដើម្បី​ទ្រទ្រង់សកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហម។  ក្នុងឧកាសនេះ សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានមានប្រសាសន៍ថា ថវិកាដែលកាកបាទក្រហមប្រមូលបានកាល ពីឆ្នាំទៅបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយគ្រោះរាំងស្ងួតតាមរយៈការចែកទឹកនិងជីអណ្តូងទឹកជូនប្រជាពលរដ្ឋ។ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណ និង កោតសរសើរដល់កាកបាទក្រហមកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំ ក្នុងការជួយដល់ប្រជាពលរដ្ឋនិងជួយរំលែកទុកលំបាករបស់រាជរដ្ឋាភិបាល។

សម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន បានអរគុណដល់សម្បុរសជននានា ដែលបានចូលរួមចំណែក បរិច្ចាគថវិការជួយកាកបាទក្រហម ហើយថវិកានេះបានឆ្លើយតប​យ៉ាង​​មាន​ប្រសិទ្ធភាពជួយដល់ប្រជាពលរដ្ឋកម្ពុជា។ សម្តេចតេជា ហ៊ុន សែន លើកទឹកចិត្តដល់សប្បុរសជនបន្តសកម្មភាពបរិច្ចាគ ដើម្បីចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋខ្វះខាតនិងរងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ។​