សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិនីណយអាគីណូ Ninoy Aquino ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន

28 04 2017

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណះប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាល កម្ពុជា បានអញ្ជើញ ទៅដល់អាកាសយានដ្ឋានអន្តរជាតិនីណយអាគីណូ Ninoy Aquino ទីក្រុង​ម៉ា​នីល សាធារណរដ្ឋហ្វីលីពីន ប្រកប ដោយសុវត្តិភាព កាលពីវេលាម៉ោង១៣និង៥០នាទីរសៀលថ្ងៃទី២៨មេសា ម៉ោងនៅ​ទីក្រុងម៉ានីល ត្រូវ​នឹងម៉ោង១២ និង ៥០ នាទី ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ដើម្បី​ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ​លើកទី៣០ និង​កិច្ច​ប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ដែលនឹងប្រារព្វធ្វើឡើងថ្ងៃទី២៩ មេសា ស្អែកនេះ។ នៅអាកាសយានដ្ឋានអន្តរជាតិ នីណយអាគីណូ វត្តមាន នៃការអញ្ជើញដល់ របស់​សម្តេចតេជោ នាយក​រដ្ឋមន្រ្តី ត្រូវបានការ​ធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីសំណាក់ ឯកឧត្តម Delfin N. Lorenzana រដ្ឋ​មន្រ្តីក្រសួងការពារជាតិហ្វីលីពីន លោកជំទាវ ទូត បញ្ញា ឯកអគ្គរាជទូតវិសាមញ និងពេញ សមត្ថភាព ​ព្រះរាជា​ណា​ចក្រកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីន ព្រមទាំងឯកឧត្តម លោកជំទាវមន្រ្តីជាន់ ខ្ពស់រដ្ឋាភិបាលហ្វីលីពីន និងឥស្សរ​ជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីនជាច្រើនរូប។ ដូចគ្នានឹងបណ្តាមេដឹកនាំ​អាស៊ាន​ដទៃទៀតដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថា និងបទអន្តរាគមន៍ ក្នុងកិច្ចប្រជុំកំពូលពេញអង្គអាស៊ាន ​លើកទី៣០ កិច្ចប្រជុំកំពូលចង្អៀតអាស៊ាន លើកទី៣០ កិច្ចប្រជុំកំពូលរបស់​មេ​ដឹក​នាំអាស៊ាន ជាមួយតំណាងអន្តរ​សភា​អាស៊ាន និងកិច្ចប្រជុំ កំពូល របស់មេដឹកនាំអាស៊ាន ជាមួយតំណាងយុវជន​អាស៊ាន នៅព្រឹកថ្ងៃទី២៩មេសា។