កីឡាករកីឡាការិនីបានចូលរួមរត់ ក្នុងព្រឹត្តិការណ៍រត់ BATON RUN ដើម្បីឆ្ពោះទៅការប្រកួតកីឡា ស៊ីហ្គេម លើកទី២៩ និងកីឡាប៉ារ៉ាហ្គេម លើកទី៩ ឆ្នាំ២០១៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

24 04 2017

កីឡាករ-កីឡាការិនីកម្ពុជា រួមនិងមន្រ្តីស្ថានទូត ម៉ាឡេស៊ី ប្រមាណជាង ៦០០នាក់ បានមកចូល​រួម​ព្រឹត្តិ​ការ​ណ៍រត់ Baton-Run ដើម្បីអបអរសាទរ ​ការ​ប្រកួត​កីឡា​ ស៊ីហ្គេម លើកទី២៩ និង​កីឡា​ អាស៊ានប៉ារ៉ាហ្គេម លើក​ទី៩ ដែលនឹងធ្វើឡើង នៅប្រទេសម៉ាឡេស៊ីនាពេលខាងមុខ។

ថ្លែងបើកព្រឹត្តិការណ៍រត់ Baton Run កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោក Datuk Saravanan អនុរដ្ឋមន្ដ្រី ក្រសួង​អប់រំ យុវជន និង​កីឡាម៉ាឡេស៊ី ប្រកាសជំហរយ៉ាងមុតមាំ ដើម្បីជួយដល់កម្ពុជា នៅក្នុងការ​ត្រៀមខ្លួន​ធ្វើម្ចាស់​ផ្ទះ ការ​ប្រកួត​​កីឡា​ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ។ លោក Datuk Saravanan បានបន្តទៀតថា សំរាប់​ព្រឹត្តិ​ការ​ណ៍​រត់ BATON RUN មិនត្រឹមតែផ្សព្វផ្សាយ ដំណើរ​ឆ្ពោះ​ទៅការប្រកួតឡាស៊ីហ្គេម និងប៉ារ៉ា​ហ្គេម​នាខែ​សីហា និងខែ​កញ្ញា​​នោះទេ តែវាឆ្លុះបញ្ចាំងឲ្យឃើញពីការ រួប​រួម​​សហគមន៍អាស៊ានតែមួយ ដើម្បីរឹតចំណង​សាម​គ្គី​ភាព រវាង​ប្រជា​ពលរដ្ឋ និងថ្នាក់ដឹកនាំប្រទេស ក្នុង​តំបន់​អាស៊ានទាំងមូល ដើម្បីសម្រេច​គោលដៅលើការ រៀប​ចំ​ព្រឹត្តិ​ការ​ណ៍​ថ្នាក់​ជាតិ និងអន្ដរជាតិនានា ។

បន្ទាប់មកឯកឧត្តម ហង់ ជូនណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា បានបាញ់កាំភ្លើង ចេញ​ដំណើររត់ BATON RUN ដែលចាប់ផ្តើមពី ​ស្ថាន​ទូតម៉ាឡេស៊ី បន្ទាប់​មកឆ្ពោះ ទៅមហាវិថីព្រះនរោត្តម ផ្លូវ​សុ​ធារ​ស ឆ្ពោះទៅរង្វង់មូល​ សម្តេច​ព្រះ​សង្ឃ​រាជជូណាត វិថីព្រះ​ស៊ី​សុវត្ថិ ផ្លូវលេខ១៥៤ មហាវិថីព្រះនរោត្តម ផ្លូវ​លេខ​២១៤ ផ្លូវលេខ១៦១ ផ្លូវលេខ១៨២ និង​ផ្លូវ​លេខ២១៧ និងបញ្ចប់ក្នុងពុហកីឡាដ្ឋានជាតិ អូឡាំពិក​កម្ពុជា។

ឯកឧត្ដម​ អ៊ុក​ សិទ្ធិជាតិ​ អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​កីឡា​ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី១ ​ហើយ​ដែល​ក្រសួង ​អប់រំ ​យុវជន ​និង​កីឡា ​សហការ​គ្នា​ជា​មួយ ​ស្ថានទូត ​ប្រទេស​ម៉ាឡេស៊ី​ រៀបចំ​ឡើង​ កម្មវិធី​រត់​ចម្ងាយ​ Baton Runនេះ។​ កម្មវិធី​ រត់​ចម្ងាយ​នេះ​ដែរ​ ធ្វើ​ឡើង​ដើម្បី​ ចូលរួម​អបអរ​សាទរ​ ព្រឹត្តិការណ៍​ កីឡា​ ស៊ីហ្កេម​ លើក​ទី២៣​ និង​អាស៊ាន​ប៉ារ៉ាហ្កេម ​លើក​ទី៩​នៅ​ប្រទេស​ម៉ាឡេស៊ី​ នា​ខែ​សីហា​ឆ្នាំ​២០១៧​ខាង​មុខ​នេះ។​

ឯកឧត្ដម ​បន្ថែម​ទៀត​ថា​ កម្មវិធី​នេះ​ជា​ការ​ផ្ដើម​គំនិត​ឡើង​ពី​ ប្រទេស​ម៉ាឡេស៊ី​ ហើយ​ប្រទេស​ ក្នុង​តំបន់​អាស៊ាន​ ទាំង​អស់​រៀបចំ ​ធ្វើ​ដូច​ៗ​គ្នា​អញ្ចឹង​ដែរ។​ កីឡាករ​ កីឡា​ការិនី ​ដែល​ចូលរួម​មក​ពី ​២៧​ប្រភេទ​កីឡា ​ផ្សេង​គ្នា​ ហើយ​ការ​រត់​នេះ​ទៀត ​សោត​មាន​ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ​ និង​មាន​៨កន្លែង​រង់ចាំ ​ទទួល​ស្វាគមន៍​និង​ផ្ដល់​ទឹក​ ជូន​ដល់​កីឡាករ ​កីឡា​ការិនី​ ហើយ​មាន​សិស្សានុសិស្ស​ ដែល​ចូលរួម​ឈរ​ អម​តាម​ផ្លូវ ​ចំនួន​ប្រហែល​៤០០០នាក់​ផង​ដែរ។​