ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ

30-03-17

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នេះ បានប្រកាសដាក់ចេញ ចលនា​​ប្រឡងប្រណាំង រមណីយ​ដ្ឋាន​ទេស​ចរ​ណ៍គំរូ និងបានដាក់ចេញគោលការណ៍​ណែនាំ ​ស្តីពីរមណីយដ្ឋាន​ទេសចរណ៍​គំរូ ផងដែរ។ការប្រកាសដាក់ចេញ ចលនាប្រឡងប្រណាំង និងគោលការណ៍ ខាងលើនេះ ធ្វើឡើងដោយអនុវត្ត​​តាមអនុសាសន៍ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ​ក្នុង​ឱកាស​អប​អរ​សា​ទរទិវាជាតិ ទីក្រុងស្អាតលើកទី៥​ កាលពីថ្ងៃ​ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ។

ឯកឧត្តម រដ្ឋមន្រ្តី ថោង ខុន បានឲ្យដឹងថា ការ​ដាក់​ចេញ​ ចលនា​ប្រឡង​ប្រណាំង​នេះ ក្នុង​គោលបំណង​​​ធ្វើឱ្យ​រមណីយដ្ឋាន​ ទេសចរណ៍​​ទាំង​អស់ ​ទូទាំង​ប្រទេស កាន់តែ​ស្រស់​ស្អាត មានអនាម័យ និងសណ្តាប់ធ្នាប់ ​ប្រកបដោយ ភាពទាក់ទាញ ជា​ផលិតផល​​ទេសចរណ៍​ ប្រកបដោយ​ភាព ច្នៃប្រឌិត និងប្រកបដោយ​និរន្តរភាព​។ក្នុង​ឱកាស​នោះ ឯកឧត្តម រដ្ឋមន្រ្តី បាន​ស្នើ​ឱ្យ​​គណៈកម្មការ​អភិវឌ្ឍ ​​ទេសចរណ៍​រាជធានី​-ខេត្ត ​​ត្រូវ​​រៀប​​ចំការ​ពង្រឹង​​រចនា​សម្ព័ន្ធ​របស់​ខ្លួន​ឡើង​វិញ​ និង​​ស្នើឱ្យ​រមណីយដ្ឋាន​ទេសចរណ៍​ទាំង​អស់ ​ពិនិត្យ​​ត្រូវ​ឡើង​វិញ​ ​​ខិត​ខំ​ពង្រឹង​​បន្ថែម និងកែសម្រួល​​ចំណុច​ខ្វះខាត​ ទៅ​តាម​គោលការណ៍​ណែនាំ​ រមណីយដ្ឋាន​ទេសចរណ៍​គំរូ។ក្នុង​ឱកាស​ នៃ​​ពិធី​ផ្សព្វផ្សាយ​នេះ ​ ឯកឧត្តម ថោង ខុន ​បាន​​ណែនាំ​ឱ្យ ​គ្រប់​រមណីយដ្ឋាន ​​ទេសចរណ៍​​ទាំង​អស់ ​​ត្រូវមាន ផែនការ​អភិវឌ្ឍន៍ទេសចរណ៍​សម្រាប់​រមណីយដ្ឋាន (Tourism Master Plan) អ្នក​គ្រប់​គ្រង​រមណីយដ្ឋានទេសចរណ៍ (Tourism site manager)។

សេវា​ទាំង​អស់ ​នៅក្នុង​រមណីយដ្ឋាន​ ត្រូវ​មាន​គុណ​ភាព​ ស្របតាម​​​ស្តង់ដា​ទេសចរណ៍​។ ​ត្រូវ​មាន​សេវា​គាំទ្រ ​ដែល​បម្រើ​ឱ្យ​សេចក្តី​ត្រូវការ​របស់​ភ្ញៀវ​ទេស​ចរ រាប់​ទាំង​បង្គន់​សាធារណៈ ​សេវា​ផ្តល់​ព័ត៌មាន ​​ការ​គិត​គូ​ពី​សន្តិសុខសុវត្ថិភាព អនាម័យ​ចំណីអាហារ សេវា​សង្គ្រោះ​បន្ទាន់ ជា​ពិសេស​ប្រព័ន្ធ ទូរសព្ទ និង WiFi នៅតាម​រមណីយដ្ឋាន។ឯកឧត្តមរដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​គ្រប់​ រមណីយដ្ឋាន​ទាំង​អស់​​ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​ចូលរួម​នៅ​ក្នុង​ចលនា​​​ប្រឡងប្រណាំង រមណីយដ្ឋានទេសចរណ៍គំរូ លើក​ទី១នេះ ​ដើម្បី​ឈាន ​ទៅ​​រក​ការ​បូក​សរុប​ នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ខាង​មុខ និងដើម្បី​ទាំង​អស់​គ្នា​ រួមធ្វើ រួម​គិត រួម​ទទួល​ខុសត្រូវ ដើម្បី​ឱ្យរមណីយដ្ឋាន​ទេស​ចរ​ណ៍​​ទាំង​អស់ ​ជា​ផលិត​ផល​ប្រកប​ដោយ​ភាពច្នៃ​ប្រឌិត និង​នវានុវត្តភាព (Creative and Innovative) ​ដើម្បី​ជាផ្នែក​មួយ ​ក្នុង​ការ​ចូល​រួម​​ទៅដល់​ការ​សម្រេច​បាន​​ការ​ទាក់ទាញ​​ភ្ញៀវទេសចរ​​​​អន្តរជាតិ ឱ្យ​បាន​ចំនួន​ ៧លាន​នាក់ និង​ទេសចរ​ក្នុង​ស្រុក ​ឱ្យ​បាន​ចំនួន​ ​១៩លាន​នាក់​នៅឆ្នាំ២០២០​។

សូម​បញ្ជាក់​ថា រយៈពេល​២ខែ ដើម​ឆ្នាំ២០១៧ កម្ពុជា ​បាន​ទទួល​ទេសចរ​ អន្តរជាតិ ជាង១លាន​នាក់ កើនឡើង​ ១២.១% ធៀបនឹងរយៈពេល ដូចគ្នា​ឆ្នាំ២០១៦។ ដើម្បី​ទទួល​បាន​ ភ្ញៀវ​ទេសចរប្រមាណ ​៧លាន​នាក់ ​នៅ​​ឆ្នាំ​២០២០ ត្រូវ​មាន​កំណើន​ជា​មធ្យម​​ ១០% ​ដែល​កិច្ច​ការ​ងារ​នេះ ​ត្រូវ​​គិត​គូ​ឱ្យ​មាន​ការ​អភិវឌ្ឍ​ ផលិត​ផល​ទេសចរណ៍ ពិសេស​រមណីយដ្ឋាន​ទេសចរណ៍​ ទូទាំង​ប្រទេស ឱ្យ​ក្លាយ​ជា​​ផលិត​ផល​ទេសចរណ៍ ​ប្រកប​ដោយ​ភាព​ទាក់​ទាញ៕