ព្រឹត្តិការណ៍រត់ប្រណាំងអបអរសាទរបុណ្យទន្លេថ្ងៃទី១មានអ្នកចូលរួមជាមួយពាន់នាក់ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧

24 03 2017

 

កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ដែលជាថ្ងៃប្រារពពីធីបុណ្យ ទន្លេ ក្រោមប្រធានបទ “ទន្លេផ្សារភ្ជាប់ ជាមួយប្រជាពលរដ្ឋ ទេសចរណ៍ វប្បធម៌ និងបរិស្ថាន មានអ្នកចូលរួមរត់ប្រណាំង ដើម្បីអបអរពិធីបុណ្យទន្លេលើកទី៣ នៅខេត្តស្ទឹងត្រែងឆ្នាំនេះ ប្រមាណជាង១ពាន់នាក់ កម្មវិធីនេះរៀបចំ ដោយគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា សហការជាមួយនិងក្រសួងទេសចរណ៍មានរយៈពេល៣ថ្ងៃ និងអាជ្ញាធរខេត្តស្ទឹងត្រែង។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មានប្រសាសន៍ថា នាព្រឹកនេះ មានក្រុមយុវជនជាច្រើនមកពីបណ្តាខេត្តនិងរាជធានីបានចូលរួមរត់ប្រណាំង នៅតំបន់មាត់ទន្លេមេគង្គ។ ក្នុង នោះ ក្រុមក្មេងៗជាច្រើន បានចូលរួមរត់ប្រណាំង ចង្ងាយ៥គីឡូ និង ៣ គីឡូ ក្នុងគោល បំណងអបអរ ពិធី បុណ្យទន្លេឆ្នាំ២០១៧ ដែលប្រារព្ធជាលើកទី៣ ខណៈចំនួនអ្នកចូលរួមមានទាំង ក្រុមយុវវ័យ ប្រមាណ ១.២០០នាក់ ។

ឯកឧត្តម អគ្គលេខាធិការ បានបញ្ជាក់បន្លែមថា ការរៀបចំពិធីបុណ្យទន្លេនេះ គឺក្នុងគោលដៅផ្សព្វផ្សាយ ពីទេសចរណ៍សហគមន៍ តាមតំបន់ទន្លេមេគង្គ ដែលជាគោលដៅ ទេសចរណ៍ដ៏សំខាន់ មួយរបស់ ព្រះរាជាណាចក្រកម្ពុជា ។ បុណ្យទន្លេ ត្រូវបានរៀបចំឡើង ដោយក្រសួងទេសចរណ៍ បន្ទាប់ពី ទទួលបាន ស.ជ.ណ.របស់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍នេះ ឡើងឲ្យក្លាយជាបុណ្យ ប្រចាំឆ្នាំមួយក្នុងប្រទេសកម្ពុជា និងកំណត់យកខែមីនា ជារៀងរាល់ឆ្នាំ ។

ឯកឧត្តម បានបន្លែមថា ក្នុងចំណោមប្រភេទកីឡាចំនួន១០ប្រភេទ ដែលNOCC បានរៀបចំប្រកួត និងសម្តែង រយៈពេល៣ថ្ងៃ  មានកីឡា មហាជនចូលរួមដោយសេរី ហើយក៏ជាឱកាសស្វែងរកថ្នាលកីឡាឆ្នើម ដើម្បី ជ្រើសរើសមកបណ្ដុះបណ្ដាលឲ្យក្លាយជាកីឡាអាជីពផងដែរ។ តាមគម្រោងកីឡាត្រូវមានវត្តមានក្នុងពិធីបុណ្យទន្លេ នៅខេត្តស្ទឹងត្រែងនេះ ប្រហែល ១០ប្រភេទកីឡា បូករួមទាំងកីឡាប្រជាប្រិយ និងកីឡាប្លែងៗមួយចំនួនទៀត ដែលកំពុងរៀបចំ ។

គួររំលឹកថា ចំពោះប្រភេទកីឡាត្រូវបានកំណត់រួចរាល់នោះ រួមមានកីឡារត់ប្រណាំងលក្ខណៈកម្សាន្ដ, ប្រដាល់ក្បាច់គុនខ្មែរ, ចំបាប់បុរាណ, ប្រណាំងទូក, អុកចត្រង្គ, ហែលទឹក, បាល់ទះ, វាយសីអគ្គស្នងការនគរបាលជាតិ និងកីឡាហោះហើរ ទាញព្រ័ត្រ ជាដើម  ៕