សម្តេចតេជោនាយករដ្ឋមន្រ្តី -បើកកិច្ចប្រជុំតុមូលចិនលើកទី៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្រោមប្រធានបទ ការអនុវត្តល្អបំផុតស្តីពីការចូលជាសមាជិករបសើប្រទេសអភិវឌ្ឍន៍តិចតួច

20-03-2017

នៅក្នុងជំនួបពិភាក្សាទ្វេរភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជា​ណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប មុនពីបើក​កិច្ច​ប្រជុំតុមូលចិនលើកទី៥ ឯកឧត្តម វ៉ាង ហ្សូវ៉េន Wang Shouwen អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន  បានពាំនានូវការផ្តាំ​ផ្ញើ​ការសាកសួរសុខទុក្ខ​ពី ឯកឧត្តម​ប្រធា​នា​ធិបតីចិន ហ្សី ជីនពីង ជូនចំពោះសម្តេចតេជោ។ ឯកឧត្តមអនុរដ្ឋមន្ត្រី បាន​ជំរាបជូនសម្តេចតេជោដែរថា តាំងពីអង្គការពាណិជ្ជកម្មពិភពលោក បានបង្កើតមករហូតមកដល់ពេលនេះ គឺ​មាន​ប្រ​ទេសកំពុងអភិវឌ្ឍន៍​កំរិត​ទាប ចំនួន៩បានចូលជាសមាជិក ក្នុងនោះប្រទេសកម្ពុជា ជាប្រទេសមួយដែលទទួលបា​ន​ជោគ​ជ័យ​ខ្ពស់ជាងគេបំផុត។ ឯកឧត្តមបានចាត់ទុកថា ការរៀបចំកិច្ចប្រជុំតុមូលនៅពេលនេះ បានឆ្លុះបញ្ចាំង​អំពី​ការយកចិត្តទុ​ក​ដាក់​របស់កម្ពុជា ក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។ ឯកឧត្តមក៏បានជំរាប​ជូប​សម្តេចដែរថា នេះជាលើកទី១ដែលឯកឧត្តមបានមកកាន់ប្រទេសកម្ពុជា ហើយក្រោមការដឹកនាំរបស់សម្តេចតេជោ ព្រះរាជាណាចក្រ​កម្ពុជា មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ទាំងវិស័យសេដ្ឋកិច្ច នយោបាយ ហើយកម្ពុជា ក៏មាន​ស្ថេរ​ភាពល្អ ប្រជា​ជន​កម្ពុជា ក៏ទទួលបាននូវជីវភាពរស់នៅល្អប្រសើរ។ ចំពោះទំនាក់ទំនងរវាងកម្ពុជា និងចិន កំពុង​ស្ថិត​នៅជា​ប្រទេសជិតខាងល្អ មិត្តល្អ ដែលមានកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផងដែរ។ ក្នុងករណី​នេះ ឯកឧត្តម វ៉ាង ហ្សូវ៉េន បានសំដែងនូវការអបអរសាទរ និងគោរពជំរាបជូន​សម្តេចតេជោថា នៅពេលនេះ​ទំហំ​ពាណិជ្ជកម្មកម្ពុជា ចិន បានឈានទៅដល់៥ពាន់លានដុល្លារ ហើយការនាំ​ចេញផលិតផលកម្ពុជា ក៏ដូចជាការវិនិ​យោគ​របស់ចិនមកកម្ពុជាកំពុងមានសន្ទុះខ្លាំង ក្នុងន័យនេះភាគីចិនសូមលើក​ទឹកចិត្តអោយ​មានការវិនិយោគមកកាន់​កម្ពុជាកាន់តែច្រើនឡើង។ ចំពោះការនាំផលិតផល កសិផលពីកម្ពុជាទៅ​ចិន​វិញនោះ ចិនសូមគាំទ្រករណីនេះដែរ ធ្វើយ៉ាងណាជំរុញការនាំចេញផលិតផល កសិផលកម្ពុជាទៅកាន់​ប្រទេស​ចិន​កាន់តែខ្លាំងឡើង។ លើផ្នែកទេស​ចរណ៍ ឯកឧត្តមអនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិនមានប្រសាសន៍ថា ទេសចរណ៍ចិន​កាលពីឆ្នាំទៅមានការកើនឡើង២០% ឯក​ឧត្តម​សង្ឃឹមថា នៅឆ្នាំបន្តបន្ទាប់ទៀតទេសចរណ៍ចិន​ នឹងមានការ​កើន​ឡើងកាន់តែខ្លាំងថែមទៀត។ ឯកឧត្តម បាន​បញ្ជាក់ថា កន្លងមកថ្នាក់ដឹកនាំកម្ពុជា-ចិន បានយល់ព្រមគ្នាលើចំណុច​គម្រោង​ជាច្រើន ហើយគម្រោង​មួយ​ចំនួន​ក៏​បានអនុវត្តជោគជ័យរួចហើយ ហើយគម្រោងដទៃទៀតក៏បានសម្រេចដោយ​ថ្នាក់ដឹកនាំកំពូលទាំង២ហើយ ក្នុង​នោះ​ភាគីចិននឹងជំរុញអោយដំណើការឆាប់ៗខាងមុខនេះ។ ជាការឆ្លើយតបសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការពាំនាំ និងផ្តាំ​ផ្ញើការសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីចិន ហ្សី ជីនពីង ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ការរីក​ចំរើន ការអភិវឌ្ឍ និងវឌ្ឍនៈភាពនៅកម្ពុជា គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់មិត្តចិនបានឡើយ។ ក្នុងន័យ​នេះ​សម្តេច​តេជោ ក៏បានថ្លែងអំណរគុណនិងបានស្នើសុំដល់ភាគីចិន បន្តយកចិត្តទុកដាក់ជាពិសេសជួយដល់កម្ពុជា លើក​ការបន្ត​ជំរុញទេសចរណ៍ចិន និងវិនិយោគចិនមកកាន់កម្ពុជាអោយកាន់តែច្រើនឡើងថែមទៀត។ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំតុមូលចិនលើកទី៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (W​TO)  ក្រោមប្រធានបទ ការអនុវត្តល្អបំផុតស្តីពីការចូលជាសមាជិករបសើប្រទេសអភិវឌ្ឍន៍តិចតួច ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កិច្ចប្រជុំតុមូលចិនលើកទី៥នេះ មានគោលបំណងចែករំលែក បទពិសោធន៍ និងជួយដល់ប្រទេសមានការអភិវឌ្ឍតិចតួច LDCs ដែលមិនទាន់ចូលជាសមាជិក ក្នុងការរៀបចំខ្លួនឲ្យ បានល្អប្រសើរសម្រាប់ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO ស្របតាមាត្រា១២ នៃកិច្ចព្រមព្រៀង ម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការ WTO។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍បន្តថា សេចក្តីសម្រេចស្តីពីការចូលជា​សមាជិកនៃអង្គការ WTO នឹងធ្វើឡើងនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តី របស់អង្គការ WTO  លើកទី១១ ពីថ្ងៃទី១១ដល់ ថ្ងៃទី១៤ ខែធ្នូឆ្នាំ២០១៧ នៅទីក្រុងប៊ូណូស្សារ៉េស ប្រទេសអាហ្សង់ទីន។ លោក ដាវីដ ស្យាក អគ្គនាយករងអង្គការ WTO មានប្រសាសន៍ថា កិច្ចប្រជុំកំពូលចិនលើកទី៥នេះ នឹងរួមចំ ណែកយ៉ាងសំខាន់ ដើម្បីគាំទ្រសម្រាប់ការចូលជាសមាជិកអង្គការ WTO តាមរយៈកិច្ចសន្ទនាគោលនយោបាយ និងចែលរំលែកបទពិសោធន៍ នៃការចូលជាសមាជិក និងក្រោយការចូលជាសមាជិក។ លោកអគ្គនាយករងមានប្រ សាសន៍ដោយសេចក្តីសង្ឃឹមថា ក្រុមប្រទេសមានការអភិវឌ្ឍតិចតួច LDCs និងបានស្តាប់ដើម្បីផ្លាស់ប្តូរបទពិសោ​ធន៍ ចែករំលែកការគាំទ្រ និងជំនួយបច្ចេកទេសតាមលទ្ធភាព សំដៅឆ្លើយតបតម្រូវការជាក់លាក់សម្រាប់ការចូលជា សមាជិករបស់ប្រទេសកំពុងស្នើសុំ និងប្រទេសដែលចូលជាសមាជិកថ្មីៗ។ ឯកឧត្តម វ៉ាង ស៊ូវិន អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន មានប្រសាសន៍ថា ប្រទេសចិនមានមោទនភាពដែល បានឃើញកិច្ចប្រជុំតុមូលចិន ក្លាយជាវេទិកាដ៏សំខាន់ ក្នុងការចែករំលែកបទពិសោធន៍ការអភិវឌ្ឍ និងការអនុវត្តល្អៗ​។ ក្នុងនាមជាសមាជិករបស់អង្គការ WTO យើងត្រូវតែបន្ត​ការយកចិត្តទុកដាក់របស់យើង ចំពោះប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី។ ប្រទេសចិនតាំងចិត្តការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលបើកចំហរ តម្លាភាព បរិយាប័ន្ន និងមានអត្ថ ប្រយោជន៍សម្រាប់ទាំងអស់គ្នា។ សូមបញ្ជាក់ថា កិច្ចប្រជុំតុមូលចិនលើកទី៥នេះ នឹងឆ្លុះបញ្ចាំងពីចំណុចសំខាន់ៗ មួយចំនួនដូចជា បទពិសោធន៍ពីការចូលជាសមាជិក WTO របស់ប្រទេសអភិវឌ្ឍន៍តិចតួចទាំង៩ ជាពិសេស​បទពិសោធន៍បស់ប្រទេសលីបេរីយ៉ា។ និន្នាការថ្មីៗពាក់ព័ន្ធនឹងការចូលរួមចំណែក នៃការចូលជាសមាជិករបស់ប្រ​ទេសតិចតួច ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយផ្តោតលើវិធាននានា និងលទ្ធភាពជ្រៀតចូលក្នុងទីផ្សារ។ មធ្យោបាយធ្វើឲ្យសមាជិកនានា និងសហគមន៍ពាណិជ្ជកម្មអន្តរជាតិ អាចផ្តល់ការគាំទ្រដល់ការបញ្ចប់កិច្ចការសុំជា សមាជិករបស់ប្រទេសកូម៉ូរ៉ូស និងប្រទេសស៊ូដង់ ឲ្យបានឆាប់ និងវិធីដែលសមាជិកនានា អាចជំរុញការគាំទ្ររបស់ ពួកគេ ដល់កិច្ចការស្នើសុំចូលជាសមាជិករបស់ប្រទេសអភិវឌ្ឍន៍តិចតួច និងនៅដំណាក់កាលក្រោយពេលបាន ចូលជាសមាជិក ដើម្បីសម្រួលសមាហរណកម្មប្រទេសអភិវឌ្ឍតិចតួច នៅក្នុងសេដ្ឋកិច្ចសាកលលោក។ ថ្លែងសុន្ទរកថាកន្លឹៈ បើកកិច្ចប្រជុំតុមូលចិនលើកទី៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្ម ពិភព លោក (WTO)  ក្រោម​ប្រធានបទ ការអនុវត្តល្អបំផុតស្តីពីការចូលជាសមាជិករបសើប្រទេសអភិវឌ្ឍន៍តិចតួច សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បានដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញឲ្យប្រទេសជាសមា ជិក អង្គការពាណិជ្ជកម្មពិភពលោក WTO ផ្តល់ភាពអនុគ្រោះពន្ធគយនិងមិនជាប់កូតា សម្រួលដល់វិធានប្រភពដើម ទំនិញ ផ្តល់ភាពអនុគ្រោះក្នុងវិស័យសេវា ព្រមទាំងផ្តល់ជំនួយឲ្យបានច្រើនថែមទៀតដល់ប្រទេស ដែលមានការ​អភិវឌ្ឍតិចតួច LDCs។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា កាតព្វកិច្ចចំពោះមុខសម្រាប់យើង​ទាំងទាំងអស់គ្នា ក្នុងនាមជាប្រទេស LDCs គឺត្រូវធ្វើយ៉ាងណាឲ្យការចរចារសម្រាច់បានជោគជ័យ នៅក្នុងសន្និសីទ ថ្នាក់រដ្ឋមន្រ្តីរបស់អង្គការពាណិជ្ជកម្មពិភពលោកលើកទី១១ នៅទីក្រុងប៊ូណូស្សារ៉េស ប្រទេសអាហ្សង់ទីន។ ជាមួយ នឹងសុន្ទរកថាគន្លឹៈប្រកបដោយអត្ថន័យជ្រាលជ្រៅនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានធ្វើការអំពាវនាវដល់ប្រទេស LDCs ទាំងអស់ ត្រូវចូលរួមឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ដើម្បីដោះស្រាយបញ្ហាដែលទាក់ទិនទៅនិងការគាំពារ កសិកម្មក្នុងស្រុក ការស្តុកទុកស្បៀងបម្រុងដើម្បីធានាសន្តិសុខស្បៀង ការឧបត្ថម្ភធនលើវិស័យជលផល ការធ្វើ ពាណិជ្ជកម្ម និងបរិស្ថាន និងការផ្តល់ប្រព្រឹត្តកម្មពិសេស និងដោយឡែកដល់ប្រទេសអភិវឌ្ឍន៍តិចតួច ឲ្យបានចប់ សព្វគ្រប់នៅមុនកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៃអង្គការពាណិជ្ជកម្មពិភពលោក លើកទី១១ នៅប្រទេសអាហ្សង់ទីន។ ទាក់ ទិនទៅនិងប្រធានបទ ការអនុវត្តល្អបំផុតស្តីពីការចូលជាសមាជិករបសើប្រទេសអភិវឌ្ឍន៍តិចតួច ដែលបានថ្លែងក្នុង​ពិធីបើកកិច្ចប្រជុំតុមូលចិនលើកទី៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការគូសបញ្ជាក់ទៅកាន់អ្នកចូលរួមទាំងអស់ ។