សម្តេចតេជោនាយករដ្ឋមន្រ្តី - សម្ពោធដាក់ឲ្យដំណើរការគម្រោងពង្រីករោងចក្រ នៃក្រុមហ៊ុនស្រាបៀរកម្ពុជា

07-03-2017

ក្រុមហ៊ុនស្រាបៀរកម្ពុជា បានពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ក្រៅពីការផលិតស្រាបៀរថៃហ្គ័រ អាន់ឈើ ក្រោន ទឹកសរ ទឹកខ្មៅ ឥឡូវបានបង្កើនទុនបន្ថែមទៀត ក្នុងការផលិតស្រាបៀរហេនណឺកេន ក្នុងប្រទេសកម្ពុជា ពោលគឺបង្កើនទុនវិនិយោគពីជាង៥០លានដុល្លា ក្នុងឆ្នាំ១៩៩៤ រហូតដល់ជាង១៥០លានដុល្លា នៅឆ្នាំ២០១៧។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការគម្រោងពង្រីករោងចក្រ នៃក្រុមហ៊ុនស្រាបៀរកម្ពុជា នៅព្រឹកថ្ងៃទី៧មីនានេះ ដែលមានទីតាំងស្ថិតក្នុងសង្កាត់បោះអង្កាញ់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ពិធីដ៏មានអត្ថន័យនោះក៏មានការ​អញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់តំណាងគ្រប់ស្ថាប័នរបស់ព្រះរាជាណាចក្រកម្ពុជា ឥស្សរជនការទូត និងដៃគូវិនិយោគរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាជាច្រើនរូប។  ឯកឧត្តមបណ្ឌិត សាត សាមី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានមានប្រសាសន៍ថា៖ ផ្តើម​ចេញពីកត្តាអំណោយផលនៃសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយនិងស្ថិរភាពសង្គមនៅទូទាំងប្រទេស។ បាន​ជម្រុញឲ្យក្រុមហ៊ុនស្រាបៀរកម្ពុជា សម្រេចចិតពង្រីកបន្ថែមទុនវិនិយោគជាង ១០០លានដុល្លាអាមេរិក សម្រាប់​សាងសង់រោងចក្រថ្មីបន្ថែមមានទំហំ១៩.១៦៤ម៉ែត្រការ៉េ ដោយផលិតនូវផលិតផលថ្មីគឺស្រាបៀរ Heineken  ប្រ​ភេទ​ដប និងកំប៉ុង ។ ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្តថា នេះគឺជាសមិទ្ធផលថ្មីមួយទៀត ផ្តើមចេញពីកិច្ចខិតខំប្រឹង​ប្រែងដោយផ្ទាល់ ពីសម្តេចតេជោនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកៀងគររកដៃគូវិនិយោគទុននានា មកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា។ លោក Frans Eusman ប្រធានក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក​មានប្រសាសន៍ ឲ្យដឹងថា៖ ក្រុមហ៊ុនស្រាបៀរកម្ពុជាបានសម្រេចបន្ថែមទុនវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាចំនួន ១០០​លានដុល្លារទៀត ដោយបានមើលឃើញពីតម្រូវការកាន់តែកើនឡើងរបស់ម៉ាកផលិតផលរបស់ខ្លួន មានស្រាបៀរ Heineken, Tiger, ABC Extra Stout, Anchor និង Crown គួបផ្សំនឹងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ បរិយាកាស​ស្ថេរភាពនយោបាយ និងអំណោយនៃអត្រានុកូលប្រជាជន។ លោកប្រធានបន្តថា ការពង្រីករោងចក្រនេះអនុញ្ញាត​ឲ្យ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាអាចបង្កើនសមត្តភាពផលិតស្រាបៀរ​ពី ៨០លានលីត្រក្នុង១ឆ្នាំ ដល់៣០០ លាន​លីត្រក្នុង១ឆ្នាំ ឬស្មើនិង ១សែនកេសក្នុង១ថ្ងៃ  ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវអគាររោងចក្រ រួមមានកន្លែង​ផលិត​ស្រា​បៀរ​ថ្មី ប្រព័ន្ធច្រក កំប៉ុងនិងដបល្បឿនលឿន ម៉ាស៊ីនផលិតទឹកស្អាត រោងចក្រសំអាតទឹកកខ្វក់ ប៉មផ្ទុក​ស្រូវសា​ឡី​និងធុងផ្អាបទំនើបបំផុត។ លោកប្រធានក៏បានគូសបញ្ជាក់ដែរថា ក្រៅពីការវិនិយោគក្រុមហ៊ុនក៏បានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងកសាងសាលាជូនដល់ទីកន្លែងដែលខ្វះខាត អគារសិក្សា និងជួយដល់វិស័យមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា។មានប្រសាសន៍សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋ ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការគម្រោង ពង្រីក រោងចក្រ នៃក្រុមហ៊ុន​ស្រាបៀរកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ដែលបានផ្តល់នូវភាពជឿជាក់យ៉ាងមុតមាំ លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិ សេសការវាយតម្លៃខ្ពស់ចំពោះស្ថិរភាពនយោបាយ ស្ថិរភាពសង្គម កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងជីវភាព​រស់​នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយទំនុកចិត្តដោយសម្រេចយ៉ាងប្រាកដប្រជា និងដោយទំនុកចិត្តក្នុងការវិនិយោគទុន បន្ថែមរហូតដល់១០០លានដុល្លាអាមេរិក។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា បើប្រទេសជាតិត្រូវបាន​គេ​មើលឃើញដោយអំពើអវិជ្ជមាន ភាពអាប់អួរនិងភាពមិនច្បាស់លាស់នោះ គឺពិតណាស់ថាវិនិយោគិនជាតិ អន្តរ ជាតិ នឹងមិនចំណាយទុនវិនិយោគនៅកម្ពុជានោះទេ។ ជាមួយនិងការថ្លែងនោះដែរសម្តេចតេជោនាយករដ្ឋមន្រ្តីបាន គូសបញ្ជាក់ដែរថា បើទោះបីជាកម្ពុជាសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលនៅតែបន្ត ប្តេជ្ញាចិត្តខ្ពស់ ក្នុងការកែលម្អបរិស្ថានវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការ សម្របសម្រួលឲ្យមានភាពស៊ីសង្វាក់គ្នារវាងវិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹង​តម្រូវ​ការទីផ្សារ និងការបន្តជំរុញធ្វើពិពិធកម្មប្រភព នៃកំណើនសេដ្ឋកិច្ចឲ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះសម្តេចតេជោ ក៏បានធ្វើការអំពាវនាវដល់បណ្តាក្រុមហ៊ុនឯកជនទាំងអស់ ត្រូវខិតខំបណ្តុះបណ្តាលធនធានមនុស្ស រិៈរកផលិតផល ថ្មីៗ ប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់ឲ្យអស់លទ្ធភាព ពិសេសត្រូវខិតខំរកដៃគូពាណិជ្ជកម្ម ដើម្បីនាំផលិតផល ស្រាបៀរខ្មែរទៅក្រៅប្រទេស និងបង្កើនសុខដុមរមនារវាងនិយោជក និងនិយោជិត។ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តថា មានគេឌឺឲ្យកម្ពុជាថាជាសង្គមស៊ីផឹក ប៉ុន្តែសម្តេចសូមបកទៅវិញថា នៅប្រទេសបារាំង អាល្លឺ ម៉ង់ ដែលផលិតស្រា និងស្រាបៀរដែរនោះ តើជាសង្គមផឹកស៊ីដែរឬយ៉ាងណា។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រ សាសន៍យ៉ាងដូច្នេះថា (ដាក់សម្លេងដើមសម្តេចតេជោនិយាយរឿងស្រាបៀរនៅបារាំង អាល្លឺម៉ង់) បន្ទាប់មកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ កាត់ខ្សែបូរសម្ពោធដាក់ឲ្យដំណើរការគម្រោងពង្រីករោងចក្រ នៃក្រុមហ៊ុនស្រាបៀរកម្ពុជា ចាប់ពីពេលនេះតទៅ។ សូមបញ្ជាក់ថា ក្រុមហ៊ុនមានបុគ្គលិកចំនួនជិត ៥០០នាក់ និងមានការងារគាំទ្រជ្សេងៗចំនួន ១៥០០ ទៀតតាម រយៈ​ខ្សែសង្វាក់ចែកចាយផលិតផលរបស់ខ្លួន។ ក្នុងនាមជាក្រុមហ៊ុនទទួលខុសត្រូវ ក្រុមហ៊ុនស្រាបៀរកម្ពុជា បាន​កំពុង​បន្តរួមចំណែកជាវិជ្ជមានក្នុងកិច្ចអភិវឌ្ឍកម្ពុជា។ នៅក្នុងឆ្នាំ២០១៦ កន្លងទៅនេះក្រុមហ៊ុន បានបង់ពន្ធចំនួន ១០០ លានដុល្លារអាមេរិកជូនរដ្ឋ។ ជារឿងរាល់ឆ្នាំក្រុមហ៊ុនតែងមានថវិកាចូលរួមក្នុងកិច្ចការសង្គម និងគម្រោង​ការទទួលខុសត្រូវរបស់សហគ្រាស។ ពិសេសរាជរដ្ឋាភិបាលកម្ពុជាក្រោមការ ដឹកនាំដ៏មានសមត្តភាពរបស់​សម្តេច​នាយក​រដ្ឋមន្រ្តី ចំពោះការគាំទ្រដ៏ធំធេងចំពោះក្រុមហ៊ុនវិនិយោគ។ ការកើនឡើងនៃទំនុកចិត្ត និងសេចក្តីសម្រេច​របស់​ក្រុមហ៊ុនក្នុងការបណ្តាក់ទុន បន្ថែមនៅក្នុងប្រទេសកម្ពុជា មិនអាចប្រព្រឹត្តទៅបានឡើយ ប្រសិនបើគ្មាន​ការ​គាំទ្រ និង ជំនឿដ៏ខ្លាំងក្លា ពីអ្នកទាំងអស់គ្នា ចំពោះម៉ាកផលិតផលនិង ការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុន។ ជាការពិត​ណាស់ថា ពីមួយ​ថ្ងៃ​ទៅមួយថ្ងៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា ក្រោមការដឹក​នាំ​ប្រកប​ដោយកិត្តិបណ្ឌិត របស់​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន ជាប្រមុខ កម្ពុជា​បាន​បោះ​ជំហាន​យ៉ាង ស្វាហាប់ប្រកបដោយ​កិត្តិយស​និង​សេច​ក្តី​ថ្លៃថ្នូរ ក្នុងការ​ដឹក​នាំជោគវាសនាអនាគតប្រ​ទេស​ជាតិ មាន​ការអភិវឌ្ឍរីក​ចំរើន​ឥត​ឈប់​ឈរ និងប្រកបដោយ​និរន្តរ​ភាព​ខ្ពស់​។ បើទោះ​បី​ជានៅ​ឆ្នាំ​២០០៩-២០១០ កម្ពុជា​យ៉ាងខ្លាំង​ក្លា​ទៅ​និង​ឥទ្ធិ​ពល នៃវិបត្តិហិរញ្ញវត្ថុអន្តរជាតិ និង​ការធ្លាក់ចុះនៃសេដ្ឋ​កិច្ច​​ពិភព​លោក ការ​រីក​រាលដាល​នៃ​​ជម្ងឺ​ឆ្លង ការ​រំលោភ​ឈ្លាន​ពានពីសំណាក់​ទា​ហាន​សៀម មក​កាន់​តំបន់ព្រំដែន​ប្រា​សាទព្រះវិហារ​ក្នុងឆ្នាំ​២០០៨ ជា​ពិសេស​ការទទួល​រង​គ្រោះ​ ដោយ​គ្រោះ​ធម្មជាតិទឹក​ជំនន់​​យ៉ាង​ធ្ងន់​ធ្ងរក្នុង​ឆ្នាំ​២០១១​​ក៏ពិត​មែន ប៉ុន្តែ​កម្ពុជា​​បានជំនះ​ដោះស្រាយនូវបញ្ហា​ប្រ​​ឈម ដែលជា​ឧបសគ្គដ៏ធំបំផុត នៃ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម តាមរយៈ​ការ​ដាក់ចេញ​ជា​បន្ទាន់ នូវគោល​នយោ​បាយ​និងវិធានការ​ចាំ​បាច់​​នានា ដោយរក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​២០១២ ពី៧​ទៅ៧,៧% ហើយ​ដែល​ទស្សនៈ​វិស័យ​​នៅ​ពេល​អនាគត សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍ថា និង​មាន​កំណើនច្រើន​ជាង​​៧% ក្នុង១​ឆ្នាំ​ក្នុង​រយៈ​​ពេល​មធ្យម​។   មាតុ​​ភូមិ​អង្គរ​ដ៏បវរ​នៃ​យើង បាន​ប្រែប្រួលមុខមាត់​ថ្មីឥត​ឈប់​ឈរ​​​ពីមួយ​អណត្តិទៅមួយអណត្តិ  ក្រោម​​ការ​ដឹកនាំប្រកបដោយ​កិត្តិ​បណ្ឌិត របស់​សម្តេច​អគ្គមហាសេនា​បតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខដឹកនាំដ៏​ឆ្នើម​នៃ​កម្ពុជា។ ឆ្លងកាត់ពី​ដំណាក់កាលមួយ​ទៅកាន់​ដំណាក់​កាលមួយ សម្តេចតេ​ជោ​នាយករដ្ឋ​មន្រ្តី​បាន​បំ​ពេញ​ នូវបេស​ក​កម្មជា​ប្រវត្តិសាស្រ្តធំៗ​ជាច្រើនរាប់​មិន​អស់ ក្នុងការបំរើ​ជាតិ សាសនា ព្រះ​មហា​​ក្សត្រ ពិ​សេស​បាន​ខិតខំប្រឹង​ប្រែង​យក​អស់នូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និង​ការ​លះ​បង់​នូវរាល់​ការ​លំបាក​គ្រប់​បែប​យ៉ាង ក្នុងការដឹកនាំ​ស្តារនិង​អភិ​វឌ្ឍន៍​ប្រទេស​ជាតិ ឲ្យទទួលបាន​នូវ​សុខ​សន្តិភាព ពេញ​​លេញ​បរិបូរណ៍ តាម​រយៈ​ការដាក់​ចេញ​នូវនយោបាយ ឈ្នះ ឈ្នះ ក្នុងការ​លុបបំបាត់​នូវ​អង្គការចាត់ តាំង​នយោ​បាយ និង​យោធារបស់របប​កម្ពុជា​​ប្រជា​ធិបតេយ្យ ដែលនោះគឺជា​ការ​រួមចំណែក​ក្នុង​តំលៃមិនអាច​កាត់​ថ្លៃ​បាន របស់​ប្រជា​ជាតិ​កម្ពុជា ក្នុងការ​ជំ​រុញកំណើន​សេដ្ឋកិច្ចនិង​ការកាត់​បន្ថយ​ភាពក្រីក្រ របស់​ប្រជាព​លរដ្ឋកម្ពុជា។