​ទិវា​រត់ប្រណាំង ពាក់កណ្តាល ម៉ារ៉ាតុងអន្តរជាតិ ដើម្បីការពារបរិស្ថាន និងអំពើមនុស្សធម៌

06-03-2017

កម្ពុជា នៅតែមានគាំទ្រពីសំណាក់អ្នករត់កីឡាជាតិ និងអន្តរជាតិ ក្នុងការប្រារព្ធ​ទិវា​រត់ប្រណាំង ពាក់កណ្តាល ម៉ារ៉ាតុងអន្តរជាតិ ដើម្បីការពារបរិស្ថាន និងអំពើមនុស្សធម៌។ នេះបើ​យើង​​​តាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​អូឡាំ ពិកកម្ពុជា ក្នុងពីធីប្រគល់មេដាយ ក្នុងទិវារត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុង អន្តរជាតិ លើកទី៦ ឆ្នាំ២០១៧ ដែលប្រព្រឹត្តិឡើងកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ម្សិលមិញនេះ នៅខេត្តព្រះសីហនុ។ ឯកឧត្តមបានបន្តថា អ្នករត់កីឡាជាតិ និងអន្តរជាតិ នៅតែបន្តគាំទ្រដល់ការប្រារព្ធទិវា រត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ដើម្បីការពារបរិស្ថានតំបន់ឆ្នេរ ស្របតាម​ទិសដៅការពារ​បរិស្ថាន របស់ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីពង្រីកសក្តានុពលផលិតផលទេសចរណ៍តាមរយៈកីឡា។ ឯកឧត្តម បានបន្តថា ខេត្ត​ព្រះសីហនុ មានការកែប្រែមុខមាត់ថ្មីតាមរយៈ ហេដ្ឋារចនាសម្ព័ន្ធល្អ ផ្លូវថ្នល់កាន់តែល្អប្រសើរ ជាពិសេសមានការរៀបចំឆ្នេរកាន់តែល្អ ធ្វើអោយអ្នកចូលរួមរត់ប្រណាំងកាន់​តែមានអារម្មណ៍​សប្បាយរីករាយ ទាំង អ្នករត់ប្រណាំងជាតិ និងអន្តរជាតិ។ ឯកឧត្តមបានបន្ថែមថា តាមរយៈ​ការផ្សព្វផ្សាយរបស់ ប្រព័ន្ធព័ត៌មានក្នុង ស្រុក និងក្រៅស្រុក បានធ្វើឲ្យព្រឹត្តិកាណ៍​កីឡា​បែបទេសចរណ៍ នេះនៅកម្ពុជា មានភាពទាក់ទាញបន្ថែមទៀត ជាក់ស្តែង ក្នុងឆ្នាំ២០១៧នេះ អ្នកចូលរួមរត់ មានចំនួនជាង២០០០នាក់ ក្នុងនោះ បរទេសមាន ជាង២០០នាក់។ លោក សែម ផល្លា ប្រធានសហព័ន្ធអត្តពលកម្មស្ម័គ្រចិត្តខ្មែរបានអោយដឹងថា នៅក្នុងទិវារត់ប្រណាំង ឆ្នាំ២០១៧ នេះ កម្ពុជា បានសហការជាមួយអង្គការបរទេស​មួយ​ចំនួនក្នុង ការត្រួតពិនិត្យ និងតម្រង់នៅលក្ខណៈ បច្ចេកទេស ក្នុងគោលដៅ ផ្សព្វ ផ្សាយ​វិស័យ​ទេសចរណ៍តំបន់ឆ្នេររបស់ព្រះរាជាណាចក្រកម្ពុជា។ ពាក់ព័ន្ធនិងទិវារត់ប្រណាំងនេះដែរ  លោក ឈុន ប៊ុនធឿន អ្នកចូលរួមរត់ប្រណាំងបានបង្ហាញចំណាប់អារម្មណ៍ថា ទិវានេះពិត​ជាមានលក្ខណៈពិសេសខ្លាំងណាស់  ក្នុងការការពារបរិស្ថាន និងស្វែងរកមូលនិធិដើម្បី​ជួយ​ក្នុងអំ ពើមនុស្ស ធម៌។ ចំពោះលទ្ធផល វិញ្ញាសារត់ពាក់កណ្ដាលម៉ារ៉ាតុងនារី​ចំណាត់​ថ្នាក់លេខ ១បានទៅកីឡាការិនីLois Woodword មកពីចក្រភពអង់គ្លេសដោយរត់ក្នុ​ងថេរ​វេលា១​​ម៉ោង៤៤នាទី៥៣ លេខ២កីឡាការិនី Hillary Snyder មកពីអាមេរិករត់ ក្នុងថេរវេលា១ម៉ោង​៤៤នាទី៥៤វិនាទី និងចំណាត់ថ្នាក់លេខ ៣កីឡាការិនីSara Bowden មក ពីអាមេរិកដែលរត់ក្នុង ថេរវេលា ១ម៉ោង ៥២នាទី៥៦ ។ វិញ្ញារត់ពាក់កណ្ដាលម៉ារ៉ាតុងបុរស​ចំណាត់ថ្នាក់លេខ ១ កីឡាករកម្ពុជា ម៉ា វីរ៉ូ រត់ក្នុងថិរវេលា ១ម៉ោង២១នាទី៣៩ វិនាទី ។ ចំណាត់ថ្នាក់លេខ ២ កីឡាករBrendon Thomas មកពីអាមេរិករត់ក្នុង ថិរវេលា១ ម៉ោង២៥ នាទី២៩វិនាទី និង ចំណាត់ថ្នាក់លេខ ៣ កីឡាករមកពីអូស្ត្រាលីឈ្មោះJames Happel រត់ក្នុងថិរវេលា១ម៉ោង ២៧នាទី៥៥វិនាទី ។  វិញ្ញាសារត់១០គីឡូម៉ែត្រនារីចំណាត់ថ្នាក់លេខ ១ កីឡាការិនីកម្ពុជាហេង ម៉ីជូ រត់ក្នុងថិរវេលា៤៩នាទី០៣ វិនាទី៦០ លេខ ២កីឡាការិនីកម្ពុជាបូ សំណាងរត់ក្នុងថេរវេលា៥៤នាទី ៣៤វិនា ទី១៣ និង ចំណាត់ថ្នាក់លេខ ៣ កីឡាការិនីមកពី ចក្រភពអង់គ្លេស Anallese Thomas រត់ក្នុងថិរវេលា៥៥នាទី២៩វិនាទី១៦ ។រត់១០គីឡូ​ម៉ែត្របុរស​​ចំណាត់ថ្នាក់លេខ ១ កីឡាករវ៉ាន់ ធារ៉ារត់ក្នុងថិរវេលា៣៨នាទី៤០វិនាទី លេខ ២ កីឡាករជា សម្ផស្សរត់ក្នុងថិរវេលា៣៩នាទី០០ និង ចំណាត់ ថ្នាក់លេខ ៣ កីឡាករឈុន ប៊ុនថនរត់ក្នុងថិរវេលា៤១ នាទី៣៥វិនាទី ។ ពួកគេទាំង ៣រូបជាកីឡាករកម្ពុជាទាំងអស់ ៕