សម្តេចតេជោនាយករដ្ឋមន្រ្តី - បើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៧ ស្តីពីការឈានឡើងក្នុងខ្សែសង្វាក់បង្កើតតម្លៃសម្រាប់ឧស្សាហូបនីយកម្ម កំណើន និងការអភិវឌ្ឍក្នុងសម័យឌីជីតាល់

02- 03- 2017

វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា សហការជាមួយធនាគារអេអិនហ្សិតរ៉ូយ៉ាល់ បានប្រារព្វពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១១ ប្រចាំឆ្នាំ២០១៧ លើប្រធានបទ  ការឈានឡើង​ក្នុង​ខ្សែ​សង្វាក់បង្កើតតម្លៃសម្រាប់ឧស្សាហូបនីយកម្ម កំណើន និងការអភិវឌ្ឍក្នុងសម័យឌីជីតាល់។ ពិធីដ៏មានអត្ថ​ន័យនោះ ត្រូវបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម សុខ ស៊ីផាន់ណា ប្រធានវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា មានប្រសា សន៍ថា សន្និសីទនេះមានការចូលរួមពីសំណាក់វាគ្មិនជាភ្ញៀវកិត្តិយស មកពីស្ថាប័នកម្រិតខ្ពស់របស់រដ្ឋ ដៃគូអភិវឌ្ឍន៍ ស្ថាប័នវិស័យឯកជន មូលដ្ឋានសិក្សាអប់រំ និងសង្គមស៊ីវិល។ ឯកឧត្តមប្រធានវិទ្យាស្ថានមានប្រសាសន៍បញ្ជាក់បន្ថែម ថា អង្គសន្និសីទលើកទី១១ប្រចាំឆ្នាំ២០១៧នេះ នឹងធ្វើការពិភាក្សាយ៉ាងសកម្ម ពីមូលហេតុសំខាន់ដែលប្រទេស កម្ពុជា ត្រូវឈានឡើងក្នុងខ្សែសង្វាក់បង្កើតតម្លៃសាកល បែបបទដែលប្រទេសកម្ពុជាអាចសម្រេចគោលដៅនោះបាន ឥទ្ធពលនៃសម័យឌីជីតាល់ទៅលើប្រទេសកម្ពុជា និងការសម្រេចចិត្តធ្វើវិនិយោគរបស់ក្រុមហ៊ុន និងការកសាងមូល​ធនមនុស្សសម្រាប់ទំនើបកម្មខ្សែសង្វាក់បង្កើតតម្លៃ។ ឯកឧត្តមប្រធានមានប្រសាសន៍សង្កត់ធ្ងន់ថា ខ្លឹមសារសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១៧នេះ នឹងឆ្លើយតបទៅនឹងការរីកលូតលាស់នៃ GVC ក្លាយទៅជាកត្តាកំណត់មួយ នៃប្រព័ន្ធពាណិជ្ជកម្មសាកលនាពេលបច្ចុប្បន្ន។ ឯកឧត្តមប្រធានវិទ្យាស្ថានមានប្រសាសន៍បន្តថា ជោគជ័យនៃការ ឈានឡើង ក្នុងខ្សែសង្វាក់បង្កើតតម្លៃ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ដំណាក់កាលអភិវឌ្ឍន៍បន្ទាប់ គឺ នៅពេលដែលប្រទេសកម្ពុជាឡើងឋានៈពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និង សម្រាប់ចក្ខុវិស័យប្រកបដោយមហិច្ឆតា ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។ថ្លែងសុន្ទរកថាគន្លឹៈ​ បើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៧ ស្តីពីការឈានឡើងក្នុងខ្សែសង្វាក់​បង្កើតតម្លៃសម្រាប់ឧស្សាហូប នីយកម្ម កំណើន និងការអភិវឌ្ឍក្នុងសម័យឌីជីតាល់  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអះអាងថា នៅឆ្នាំ២០១៧នេះ សេដ្ឋកិច្ចកម្ពុជាឤចនឹងសម្រេចបាន ក្នុងរង្វង់៧ភាគរយ ក្នុងនោះ កំណើនក្នុងវិស័យកសិកម្មរំពឹងថា នឹងល្អប្រសើរឡើងវិញបន្តិច ។ វិស័យកាត់ដេរនឹងរើបឡើងប្រសើរជាងឆ្នាំ ២០១៦ ដោយឡែកវិស័យសំណង់ និងអចលនវត្ថុនឹងថមថយចុះ ដោយការកែតម្រូវនូវស្ថាន ភាពឥណទាន និងការផ្គត់ផ្គង់ លើស។ ក្រៅពីនេះកំណើននៃឧស្សាហកម្មផ្សេងៗ មិនមែនកាត់ដេររំពឹងថានឹងមានកំណើនខ្ពស់ ដែលនឹងជួយ ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជារួម។ សម្តេចបានរំពឹងថាស្ថានភាពបែបនេះ នឹងបន្តរហូតដល់ឆ្នាំ២០១៨ ដែល កំណើនសេដ្ឋ កិច្ច ឤចនឹងសម្រេចបានដូចគ្នាក្នុងរង្វង់៧ភាគរយ ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្ត ថា៖ នៅឆ្នាំ២០១៦កន្លងទៅនេះកម្ពុជាសម្រេចបានកំណើនក្នុងរង្វង់៧,១ភាគរយ ដែលបានទ្រទ្រង់ដោយការកើន​ឡើងនៃវិស័យកសិកម្ម និងកំណើននៃវិស័យឧស្សាហកម្មផ្សេងៗទៀត ក្រៅពីវិស័យកាត់ដេរ ខណៈដែលកំណើននៃវិស័យសំណង់,វិស័យកាត់ដេរនិងវិស័យអចនវត្ថុបានថមថយបន្តិចវិញ ដោយការរឹតបន្តឹងកំណើនឥណទាន នៅក្នុង វិស័យធនាគារ, ការប្រែប្រួលនៃរបបពាណិជ្ជកម្ម និងការប្រែប្រួលបរិការណ៍តំបន់។  សម្តេចបានបន្តថា ពិតជាមិនឤចប្រកែកបានទេថា ការសម្រេចបាននូវកំណើនថេរក្នុងរង្វង់៧ភាគរយនេះ គឺបានមកពីការដាក់ចេញនូវគោល នយោបាយសេដ្ឋកិច្ច និងធុរកិច្ចត្រឹមត្រូវពិសេសគឺកុសលនៃសុខសន្តិភាព និងស្ថិរភាពនយោបាយនៅទូទាំងប្រទេសដែលរាជរដ្ឋាភិបាលបានខិតខំការពារដាច់ខាតនាពេលកន្លងមក,ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។ ទោះបីយ៉ាងណា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែបង្ហាញអំពីការបារម្ភចំពោះហានិភ័យ និងបញ្ហាប្រឈមដែលអាចកើតមានឡើងចំពោះមុខ ដូចជា ភាពមិនប្រាកដប្រជាពាក់ព័ន្ធនឹងការតម្លើងឤត្រាការប្រាក់គោល របស់ធនាគារកណ្តាល សហរដ្ឋឤមេរិក,ការចាកចេញរបស់អង់ គ្លេសនិងអនាគតរបស់សហភាពអ៊ឺរ៉ុប, ហានិភ័យនៃការធ្លាក់ចុះនៃកំណើន សេដ្ឋកិច្ចចិន និងការថមថយកំណើនរបស់បណ្តាសេដ្ឋកិច្ច នៃប្រទេសកំពុងរីកលូតលាស់, ភាពចម្រូងចម្រាស ក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសចិន និងរដ្ឋការរបស់ប្រធានាធិបតីឤមេរិកថ្ក៏ដូចជាការកើនឡើងនូវកម្តៅភូមិសាស្ត្រនយោបាយជាដើម។លើសពីនេះការរំពឹងទុកនូវការងើបឡើងវិញនូវតម្លៃប្រេងនិងទំនិញលើទីផ្សារអន្តរជាតិ ក៏ជាហានិភ័យសម្រាប់សេដ្ឋកិច្ចកម្ពុជាផងដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថា៖ ហេតុផលខាងលើជម្រុញឲ្យកម្ពុជា ត្រូវធ្វើការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច និងពិពិធកម្មក្នុងគោលដៅស្វែងរកតម្លៃបន្ថែមខ្ពស់ដល់សេដ្ឋកិច្ច ដើម្បីបន្តស្ថិរភាពកំណើនក្នុងរយៈពេលមធ្យមនិងវែង។ សម្តេចតេជោបានបង្ហាញដែរថា៖ ដើម្បីសម្រេចគោលដៅនេះ យើងត្រូវរួមគ្នាខិតខំអនុវត្តគោលនយោ បាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ដែលរាជរដ្ឋាភិបាលបាន​ដាក់ចេញនិងត្រូវចាត់ទុកថា ជា «យុទ្ធសាស្ត្រកំណើនថ្មី» ដែលជាមគ្គុទ្ទេសន៍ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា, ការធ្វើពិពិធកម្មសេដ្ឋកិច្ច,ការពង្រឹងសមត្ថភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាពដើម្បីឈានឡើងទៅកាន់ទួលថ្មីមួយទៀត ក្នុងខ្សែចង្វាក់នៃតម្លៃបន្ថែមក្នុងតំបន់ និងសកលលោក។ ជារួមកម្ពុជាត្រូវធ្វើទំនើបកម្មនៃវិស័យឧស្សាហកម្មរបស់ខ្លួន ដែលជាកិច្ចការដ៏ចាំបាច់មួយ ដោយវិស័យនេះនឹងដើរតួនាទីសំខាន់ ក្នុងយុទ្ធសាស្ត្រកំណើនថ្មី, ជាកម្លាំងចលករក្នុងការជួយទ្រទ្រង់ដល់កំណើនរយៈពេលមធ្យម និងរយៈពេលវែង, ជាវិស័យដែលមានសក្តានុពល សម្រាប់បង្កើតការងារដល់យុវជន និងជាជន្ទល់កំណើនសេដ្ឋកិច្ចថ្មីដែល ឤចឆក់ស្រូបយកការវិនិយោគបន្ថែម ក្រៅ ពីវិស័យកសិកម្មនិងទេសចរណ៍។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានចាត់ទុកថា ប្រធានបទនៃសន្និសីទនាថ្ងៃនេះ ចំពេលល្អណាស់សម្រាប់ប្រទេសកម្ពុជា ជាពិសេសការធ្វើឧស្សាហូបនីយកម្ម និងចក្ខុវិស័យរបស់យើងលើកំណើន និង ការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងគោលដៅនេះ កម្ពុជាពិតជាត្រូវប្រឹងប្រែងប្រកបដោយបុរេសកម្ម ក្នុងការ ធ្វើពិពិធកម្មនូវមូលដ្ឋានគាំទ្រកំណើន ពិសេសការរុញច្រាននូវដំណើរការផលិតកម្ម ចូលទៅក្នុងខ្សែចង្វាក់បង្កើត តម្លៃសកល។ ជាការពិតខ្សែចង្វាក់បង្កើតតម្លៃសកលបានក្លាយជាចំណុចដ៏សំខាន់មួយ នៃប្រព័ន្ធពាណិជ្ជកម្មសកល ខណៈដែលខ្សែចង្វាក់បង្កើតតម្លៃសកលនេះ បានធ្វើឱ្យសហគ្រាសឈានមុខនានាលើពិភពលោក ឤចរកធាតុចូលបានកាន់តែមានតម្លៃទាប, ច្រើនមុខនិងមានគុណភាពល្អ ហើយទាំងអស់នេះបានរួមចំណែកបង្កើនប្រសិទ្ធភាព និង សមត្ថភាពប្រកួតប្រជែង។