សម្តេចតេជោនាយករដ្ឋមន្រ្តី - សន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វីកស្តីពីការអភិវឌ្ឍកុមារតូច

01-03-2017

ក្រសួងអប់រំ យុវជននិងកីឡា     សហការជាមួយ បណ្ដាញការងារតំបន់អាស៊ីប៉ាស៊ីហ្វិក       សម្រាប់ ការ អភិវឌ្ឍ​កុមារតូច  បានប្រារព្វពិធីបើកសន្និសីទ អន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ស្ដីពីការអភិវឌ្ឍកុមារតូច ដែលរៀបចំធ្វើ​នៅ​ខេត្ត សៀមរាប ព្រឹកថ្ងៃទី១មីនា។ ពិធីដ៏មានអត្ថន័យនោះត្រូវបានការអញ្ជើញជា អធិបតីដ៏ ខ្ពង់ខ្ពស់ សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន កិត្តិយស​នៃគណៈកម្មាធិ​ការ​ជាតិគាំពារ និង អភិវឌ្ឍកុមារតូច។   នៅក្នុងរបាយការណ៍របស់លោកសាស្រ្តាចារ្យ    ប្រាក់ អូបើកក្លាស    នាយកមូលនិធិនៃមជ្ឈមណ្ឌល    សុខភាព​កុមារ នៃមន្ទីរទេព្យ    ទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី និង លោកស្រី ការិន ហ៊ូលសូត នាយកប្រចាំតំបន់អាស៊ីបូពា៍   និង   ​តំបន់ប៉ាស៊ីហ្វីក    នៃអង្គការយូនីសេហ្វ បានធ្វើការគូសបញ្ជាក់រួមគ្នាថា សន្និសីទនេះមានប្រធានបទ ថាមពល​នៃ​ការ​អភិវឌ្ឍកុមារតូច ដែលអាចផ្លាស់ប្ដូរបាន៖ សារៈសំខាន់នៃ ការចូលរួមអន្តរាគមន៍គ្រប់ជ្រុងជ្រោយ , ត្រូវបាន​ចូល​រួម​ពីសំណាក់ប្រតិភូ សរុប៥៣០នាក់ មកពី៣៦ប្រទេស ក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ដោយផ្ដោតពិភាក្សា​សំខាន់​ទៅ​លើ សារៈសំខាន់នៃឱកាសក្នុងការទទួលបាន នូវការអភិវឌ្ឍនរបស់កុមាតូច ប្រកបដោយសមធម៌ និងទិសដៅ​អភិ​វឌ្ឍន៍ប្រកបដោយចីរភាព ត្រឹមឆ្នាំ ២០៣០ ដែលធានាថា គ្រប់កុមាតូចទាំងអស់ មានឱកាសក្នុងការទទួលបាន នូវការអភិវឌ្ឍនិងការគាំពារ តាំងពីកុមារភាព ប្រកបដោយ គុណភាព បរិយាបន្ន សមធម៌ និងមានឱកាសទទួល​បាន​នូវ​ការគាំពារ ការអប់រំ នៅកម្រិត មត្តេយ្យសិក្សា ដែលជា មូលដ្ឋានគ្រឹះ ដើម្បីពួកគេទាំងអស់គ្នា ត្រៀមខ្លួនជាស្រេច ចូល​រៀនត្រូវតាមអាយុ នៅកម្រិតបឋមសិក្សា។តាមការលើកឡើងរបស់ បណ្ឌិត ហ្ស៊ែលឌុន ហ្សេហ្វហ្វើ ប្រធាន​ក្រុម​ប្រឹក្សាភិបាលនៃសន្និសីទអន្តរជាតិ តំបន់អាស៊ីប៉ាស៊ីហ្វិក ស្ដីពីការអភិវឌ្ឍកុមារតូច បានបញ្ជាក់ថា ចក្ខុវិស័យ​សម្រាប់​ឆ្នាំ ២០២០របស់សន្និសីទគឺ បញ្ហាប្រឈមជាក់លាក់ដ៏សំខាន់មួយក្នុងតំបន់ គឺការលើកកំពស់ ការទទួលបានប្រកប​ដោយ​សមភាព នូវសេវាគាំទ្រនៃការអភិវឌ្ឍកុមារតូច។ បច្ចុប្បន្នពុំមានការយកចិត្តទុកដាក់គ្រប់គ្រាន់ លើបញ្ហា​សម​ភាពទេ ជាពិសេស សម្រាប់កុមារ មកពីគ្រួសារដែលពុំសូវ ទទួលបានការគាំទ្រ ដោយសារកត្តាតំបន់រស់នៅ​ដាច់​ស្រ​យាល ភាសា, ក្រុមជនជាតិភាគតិច យែនឌើ ពិការភាព មានប្រាក់ចំណូល និង ស្ថានភាព សេដ្ឋកិច្ចជាដើម ។ចំណែកលោកស្រី ខារីន ហ៊ុលហ្សុប នាយិកាយូនីសេហ្វ ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក មានប្រសា​សន៍ថា៖ មានភស្ដុតាងច្បាស់លាស់ជាច្រើនបានបង្ហាញថា រយៈពេល១ពាន់ថ្ងៃដំបូងនៃជីវិត ចាប់តាំង ពីបង្កកំណើត ក្នុងផ្ទៃ រហូតដល់អាយុ២ឆ្នាំ គឺជាពេលវេលា ដ៏មានសារៈសំខាន់បំផុត សម្រាប់ សុខុមាលភាព និងការអភិវឌ្ឍ របស់កុមារ ។ ការអភិវឌ្ឍកុមារតូច ជាបន្តបន្ទាប់ក្នុងឆ្នាំ ២០១៦ បានបង្ហាញថា ការអភិវឌ្ឍសុខភាពរបស់កុមារ គឺពឹងផ្អែក លើការគាំពារអប់រំ ដែលធានបាននូវសុខភាព អាហារូបត្ថម្ភ ការគាំពារប្រកបដោយការយកចិត្តទុកដាក់តាំងពី កុមារភាព ។ កត្តាទាំងនេះ ផ្ដោតសំខាន់ទៅលើ តម្រូវការក្នុងការចូលរួម អន្តរាគមន៍ពីសំណាក់អន្តរវិស័យ ជាពិសេស ចំពោះកុមារតូចដែលងាយរងគ្រោះ ។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិគាំពារ និង អភិ​វឌ្ឍកុមារតូច មានប្រសាសន៍ថា៖ ក្រោយថ្ងៃរំដោះ៧មករា១៩៧៩ ឱកាសសិក្សា គឺមានគ្រប់គ្នាសម្រាប់ កុមារា​កុមារី​ទូទាំងប្រទេស។ ទន្ទឹមនេះ មត្តេយ្យសិក្សា ទទួលបានការឧបត្ថម្ភ ពី រាជរដ្ឋាភិបាល ដើម្បីកសាង បុគ្គលិកលក្ខណៈ អត្តចរិក និងចំណេះដឹងដំបូង សម្រាប់ត្រៀមខ្លួនចូលបឋមសិក្សា ។ ប្រទេសកម្ពុជា ស្រឡាញ់ និងចាត់ទុកកុមារ គឺ​ជាដើមទុនធុនធានមនុស្ស និងជាអ្នកដឹកនាំទៅថ្ងៃអនាគត សម្រាប់ប្រទេសជាតិ ។  សម្ដេចតេជោនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ព្រឹត្តិការណ៍ពីរឬបីឆ្នាំដំបូង របស់កុមារតូច គឺជាការបង្កើតឡើង និងដើរតួនាទីយ៉ាងចាំបាច់ លើការលូតលាស់ខាងការសិក្សា និងសុខភាពនៅក្នុងសង្គម។សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានមាន​ប្រ​សាសន៍បន្តថាការគិតគូរអំពីកុមារយើងមិនគួរនិយាយ តែបញ្ហាអាហារូបត្ថម្ភ និងពលកម្មកុមារប៉ុណ្ណោះទេ​តែយើង​មិនត្រូវភ្លេចនិយាយអំពីសិទ្ធិរស់រានមានជីវិតរបស់កុមារប៉ុណ្ណោះទេ។សម្តេចតេជោបន្តថាបើមានសន្និសីទអន្តរជាតិ​កាន់​តែ​ច្រើនយើងគួរតែតម្លើងសម្លេងឲ្យកាន់តែច្រើនផងដែរអំពីបណ្តាប្រទេសដែលដើរឈ្លានពានគេនោះហើយ​គិត​តែពីសម្លាប់កុមារនោះ អ្នកណាធ្វើច្រើនជាងគេនៅលើពិភពលោកនេះ ដែលបង្កើតឲ្យមានសោធនាកម្ម​ទៅ​លើ​កុមារ ប្រទេសណាដែលនាំកងទ័ពទៅឈ្លានពានប្រទេសគេច្រើនជាងគេនោះគឺជាប្រទេសដែលធ្វើបាបកុមារ​ច្រើន​ជាងនោះ។ មិនត្រឹមទៅធ្វើបានកុមារនៅក្នុងប្រទេសគេប៉ុណ្ណោះទេ ធ្វើបាបទាំងកុមារនៅក្នុងប្រទេសខ្លួនផងដែរ​ ព្រោះ​បានបញ្ជូនឳពុករបស់គេឲ្យទៅស្លាប់នៅប្រទេសដ៏ទៃ ធ្វើមានស្រ្តីមេម៉ាយ និងក្មេងកំព្រាជាច្រើនផងដែរ ។ នៅក្នុងពិធីដ៏មានអត្ថន័យនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញថតរូបអនុស្សាវរីយ៍ ជាមួយប្រតិភូ ដែលមានវត្តមានអញ្ជើញចូលរួមសន្និសីទអន្តរជាតិ ដ៏មានសារៈសំខាន់នោះ។ គួរបញ្ជាក់ដែរថា សម្រាប់កម្ពុជា ជា​ទស្សនវិស័យរបស់គោលនយោបាយជាតិនៃការគាំពារ និងការអភិវឌ្ឍកុមារតូច គឺ«រាល់កុមារកម្ពុជាទាំងអស់ ដែល​មាន​អាយុក្រោម៦ឆ្នាំ ជាពិសេសកុមារក្រីក្រដែលងាយរងគ្រោះ គួរតែត្រូវបានផ្ដល់ឱ្យនូវសេវាគាំពារ និងអភិវឌ្ឍន៍ យោងតាមច្បាប់រដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រកម្ពុជា។  បន្ទាប់ពីបញ្ចប់សន្និសីទអន្តរជាតិ ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វីក ស្តីពីការអភិវឌ្ឍកុមារតូចរួចមក សម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យសម្តេចឪ សៀមរាប ដែលមានទីតាំងស្ថិតក្នុងភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប។ នៅក្នុងវត្តមាននៃការអញ្ជើញដ៏កម្រនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីទទួលបាននូវការធ្វើ គារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់ ពីសំណាក់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដោយក្តីគោរពស្រឡាញ់ ដោយស្មោះបំផុត។ នៅក្នុងវត្តមានដ៏កម្រនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានធ្វើការពិនិត្តយ៉ាងយកចិត្តទុកដាក់ ពិ សេសទាក់ទិនទៅនិងការស្នើសុំនូវ អគារសិក្សាថ្មី និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដ៏ទៀត ដែលបម្រើឲ្យការបង្រៀន និង​ការសិក្សារបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាទីស្រឡាញ់របស់សម្តេច។ ទាក់ទិនទៅនិងការស្នើសុំនិងដោយ ពិនិត្យមើលឃើញពីតម្រូវការជាក់ស្តែង សម្តេចតេជោនាយករដ្ឋមន្រ្តីបានសម្រេចផ្តល់ជូននូវ អគារសិក្សាថ្មីចំនួន ២​ខ្នង ក្នុង១ខ្នងៗ កំពស់៣ជាន់ស្មើនិង៣០បន្ទប់ សរុប៦០បន្ទប់។ កសាងទីលានបាល់ទាត់ បាល់ទះ បាល់បោះ និងទី លានកីឡាអត្តពលកម្ម។ ផ្តល់តុកៅអីថ្មីចំនួន៦០០ និងបានផ្តល់នូវម៉ាស៊ីនកុំព្យូទ័រ១០គ្រឿង ម៉ាស៊ីនហ្វូតូកូពី ២​គ្រឿង និងម៉ាស៊ីនថតចម្លង១គ្រឿង។ មានប្រសាសន៍ទៅកាន់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យសម្តេច ឪ សៀមរាប សម្តេចតេជោនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា នៅពេលដែលអគារសិក្សាថ្មី រួមទាំងហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត ក្នុងវិទ្យាល័យនេះ បានស្ថាបនាហើយរួចរាល់ សម្តេចនឹងអញ្ជើញមកប្រគល់ជូនលោកគ្រូអ្នកគ្រូ និងសិស្សានុ សិស្សបានចូលសិក្សារៀនសូត្រ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ដែរថា នៅពេលដែលបានអគារសិក្សាថ្មី ហើយសម្តេចមិនសុំអ្វីពីក្មួយៗ ឬចៅៗជាសិស្សានុសិស្ស ក្រៅពីអ្វីសុំឲ្យក្មួយៗ ចៅៗ ខិតខំសិក្សារៀនសូត្រ បើមិនប្រ ឡងជាប់និទ្ទេស អេ ក៏ប្រជាប់ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឲ្យបានគ្រប់ៗគ្នាដែរ។ នៅក្នុងទឹកចិត្តប្រកប ដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនរបស់សម្តេច ជូនលោកគ្រូអ្នកគ្រូចំនួន១១០នាក់ ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល សិស្សានុសិស្សចំនួន២ពាន់២០០នាក់ ម្នាក់ៗទទួល បានថវិកា១ម៉ឺនរៀល និងបានឧបត្ថម្ភថវិកាចំនួន១០លានរៀល សម្រាប់ពិធីជប់លៀងអបអរសាទរទិវាសិទ្ធនារីអន្តរ ជាតិ ៨មិនា ជូនដល់លោកគ្រូអ្នកគ្រូនៃវិទ្យាល័យសម្តេចឪ។