ភ្នាក់ងារទេសចរណ៍ចំនួន២០នាក់ទទួលការបណ្តុះបណ្តាលស្តីពីវិជ្ជាសង្រ្គោះបឋម

02 12 2019

នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំ បើកវគ្គបណ្តុះបណ្តាល វិជ្ជាសង្រ្គោះបឋម ចំនួន២ថ្ងៃ ចាប់បីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ដល់សិក្ខាកាម ចំនួន២០រូប ដែលមកពីនាយកដ្ឋាន អភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងបន្ថែមចំណេះដឹង លើផ្នែកសង្គ្រោះបឋម ដល់ភ្នាក់ងារទេសចរណ៍ ដែលប្រចាំការ នៅតាមតំបន់នីមួយៗ ក្នុងរមណីយដ្ឋានអង្គរ ដើម្បីសង្រ្គោះជីវិត បង្ការរបួសកុំឱ្យធ្ងន់ធ្ងរ ធ្វើឱ្យជនរងគ្រោះ មានការទុកចិត្ត ដើម្បីរក្សាភាពរឹងមាំ ដើម្បីឱ្យជនរងគ្រោះ អាចទទួលបានការថែទាំវេជ្ជសាស្រ្ត បានយ៉ាងឆាប់រហ័ស និងជួយសម្រួលគ្រូពេទ្យងាយព្យាបាល។

មូលដ្ឋានគ្រឹះ នៃវគ្គបណ្តុះបណ្តាលនេះ បង្រៀនអំពីតួនាទីអ្នកសង្រ្គោះ គោលការណ៍គ្រឹះ នៃការជួយសង្គ្រោះ ស្ថានភាពដំណេក សភាពស្ហុក សន្លប់ លង់ទឹក (CPR) ស្លាក់ របួស រលាក ពស់ចឹក ការហូរឈាម ការបាក់ឆ្អឹង និងការលើកដាក់បញ្ជូន ចុងក្រោយបញ្ចប់វគ្គ មានការប្រលងអនុវត្ត និងវាយតម្លៃនៅវគ្គបញ្ចប់។

លោក ឌួង សុខនី គ្រូបង្ហាត់វិជ្ជាសង្គ្រោះបឋម នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងពីតួនាទីអ្នកសង្រោះបឋមថា ដើម្បីកាត់បន្ថយការឈឺចាប់ កាត់បន្ថយភាពធ្ងន់ធ្ងរ ការពារគ្រោះថ្នាក់ជា លើកទី២ ប្រកាសអាសន្ន ឬរកជំនួយ ការលើកដាក់ និងបញ្ជូនឱ្យបានត្រឹមត្រូវទៅតាមបច្ចេកទេស។

លោកបន្តថា ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងប្រើចំណេះដឹង ឱ្យចំទិសដៅ ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ ដោយយថាហេតុណាមួយ នៅក្នុងតំបន់ដែលខ្លួនប្រចាំការ ឬករណីជួបប្រទះដោយចៃដន្យ បើទោះបីមិនមែន ជាគ្រូពេទ្យ តែអាចសង្គ្រោះជីវិតមនុស្សបាន ក្នុងកាលៈទេសៈចាំបាច់ភ្លាមៗ៕