អគ្គស្នងការនគរបាលជាតិ ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងបទល្មើស គ្រឿងញៀនតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម

22​ 07 2019

នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ បានបើក​កិច្ចប្រជុំ ផ្សព្វផ្សាយផែនការ​ស្តីពីយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្រ្កាប បទល្មើសគ្រឿងញៀន នៅតាមបណ្តោយ​ព្រំដែន កម្ពុជា-វៀតណាម ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នង​ការនគរបាលជាតិ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំនគរបាល ជំនាញ ពាក់ព័ន្ធ គណៈអភិបាល​ខេត្ត​ តាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម និងអង្គភាពពាក់ព័ន្ធ ប្រមាណ១៦៦រូប។

 កិច្ចប្រជុំនេះ រៀបចំឡើង គឺដើម្បី ផ្សព្វផ្សាយបន្ថែម ទៅដល់ស្ថាប័ន និងអង្គភាពភាគី ពាក់ព័ន្ធទាំងអស់​ ឲ្យបាន​យល់ដឹងកាន់ តែច្បាស់ នូវរាល់ចំនុច ដែលត្រូវអនុវត្តនៃផែនការ ស្តីពីយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទ​ល្មើស​ គ្រឿងញៀន នៅតាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម អោយទទួលបានប្រសិទ្ធភាពខ្ពស់ ដែលបាន​ដាក់​ចេញ ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ដែរថា ក្រសួងមហាផ្ទៃ បានដាក់ចេញនូវ ផែនការ ស្តីពីយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្រ្កាប បទ​ល្មើសគ្រឿងញៀន នៅតាមបណ្តោយ ព្រំដែន កម្ពុជា-វៀតណាម ក្រោមការចង្អុលបង្ហាញ ពីសម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅថ្មីនេះ។ ការដាក់ចេញ នូវផែនការនេះ គឺដើម្បីដោះស្រាយ និង​បង្ក្រាបបទល្មើស គ្រឿងញៀន តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ជាពិសេស សកម្មភាព នៃការដឹកជញ្ជូន​ គ្រឿងញៀន ទៅវិញទៅមកឆ្លងកាត់ ព្រំដែនទាំងពីរ។ ជាងនេះទៅទៀត ដើម្បីលើកកម្ពស់ ស្ថានភាពសន្តិសុខ ​សណ្តាប់ធ្នាប់សាធារណៈ នៅតាមតំបន់ព្រំដែន ឲ្យកាន់តែល្អប្រសើរឡើង ដោយរួមសហការ ជាមួយភាគី វៀតណាម​បញ្ចៀសឲ្យបាន នូវឥទ្ធិពលអវិជ្ជមាននានា បណ្ដាលមកពីគ្រឿងញៀន ផងដែរ៕