ក្រសួងបរិស្ថាន រៀបចំកិច្ចប្រជុំស្តីពីការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការគ្រប់គ្រងសំរាម សំណល់រឹងតាមទីប្រជុំជន

23​ 07 2019

នៅថ្ងៃអង្គារ៍ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងបរិស្ថាន​រៀបចំកិច្ចប្រជុំ​ស្តីពីការអនុវត្តមុខងារ​ របស់រដ្ឋបាល ថ្នាក់ក្រោមជាតិ លើការគ្រប់គ្រងសំរាម សំណល់រឹងតាមទីប្រជុំជន ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងរាស្រ្ត តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាលរាជធានី-ខេត្ត អភិបាលក្រុង-ស្រុក មន្ទីរបរិស្ថានរាជធានីខេត្ត អាជ្ញាធរមូលដ្ឋាន ជាច្រើននាក់។ ក្នុងឱកាសអញ្ជើញ បើកវេទិកា ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានសង្កត់ធ្ងន់ លើការគ្រប់គ្រងសំរាម សំណល់រឹង របស់រាជរដ្ឋាភិបាល តាមរយៈអនុក្រឹត្យ លេខ១១៣ សំដៅធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សំដៅធានាបាន នូវសោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន នៅតាមទីប្រជុំជន មូលដ្ឋាននានា។
ឯកឧត្តម រដ្ឋមន្ត្រី មានប្រសាសន៍ថា កិច្ចពិភាក្សា នៅថ្ងៃនេះ បានប្រមូលផ្តុំ ពីអ្នកពាក់ពាក់ព័ន្ធ ជាពិសេស មានវត្តមានឯកឧត្តម លោកជំទាវ ជាតំណាងរាស្រ្ត និងថ្នាក់ដឹកនាំអាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ដើម្បីពង្រឹងការអនុវត្ត ការងារគ្រប់គ្រង លើបញ្ហាសំណល់ សំរាម ឱ្យមានប្រសិទ្ធភាពខ្ពស់។
រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ លេខ១១៣ អនក្រ.បក ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសំរាំសំណល់រឹង ទីប្រជុំជន ហើយនៅឆ្នាំដដែលនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន បានប្រគល់មុខងារគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន ទៅឱ្យរដ្ឋបាលរាជធានី ក្រុងនិងស្រុក ធ្វើប្រតិភូកម្មមុខងារ គ្រប់គ្រងសំរាមទៅ ឱ្យរដ្ឋបាលថ្នាក់ខណ្ឌ ដោយចាត់វិធានការចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។ បន្ថែមពីនេះ ការលើកកម្ពស់ ការយល់ដឹងសាធារណៈ និងការចូលរួម របស់ប្រជាពលរដ្ឋ ក្នុងការរៀបចំ និងការអនុវត្តវិធាន ការគ្រប់គ្រង ឱ្យមានប្រសិទ្ធភាពបំផុត គឺជាកិច្ចការងារ ដែលមិនអាច ខ្វះបាននោះឡើយ។
សូមបញ្ជាក់ថា កិច្ចប្រជុំស្តីពីការអនុវត្តមុខងារ របស់រដ្ឋបាលថ្នាក់ ក្រោមជាតិ លើការគ្រប់គ្រងសំរាម សំណល់រឹង តាមទីប្រជុំជន បានប្រព្រឹត្តទៅ ដោយមាន បទបង្ហាញ លើគោលការណ៍ណែនាំ ស្តីពីការធ្វើឱ្យប្រសើរឡើង ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងកិច្ចពិភាក្សា លើការធ្វើឱ្យប្រសើរឡើង ការគ្រប់គ្រងសំរាម សំណល់រឹងទី​ប្រជុំជន និង វិធានការ និងដំណោះស្រាយបញ្ហា ប្រឈមលើ ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ផងដែរ៕