ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ណែនាំដល់អគ្គនាយករដ្ឋបាល និងប្រធាននាយកដ្ឋានចំណុះ ពង្រឹងប្រសិទ្ធភាពការងារ និងរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស

18 07 2019

នារសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារឆមាសទី១ ឆ្នាំ២០១៩ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដោយមានការចូលរួម​ពីថ្នាក់ដឹកនាំ​រដ្ឋលេខធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន ប្រមាណជិត ១០០នាក់។

កិច្ចប្រជុំបានឆ្លុះបញ្ចាំង​ ទៅលើលទ្ធផលការងារ ដែលបានអនុវត្ត បញ្ហាប្រឈម ចំនុចសេសសល់ និងការដាក់ចេញ នូវទិសដៅអនុវត្តបន្ត អោយកាន់ តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។ បន្ទាប់ពីសេចក្តីរាយការណ៍ សង្ខេបរបស់អគ្គនាយករដ្ឋបាល និងការផ្តល់យោបល់ ណែនាំល្អៗ របស់ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការរួចមក ឯកឧត្តម ថោង ខុន បានផ្តល់អនុសាសន៍ណែនាំ សំខាន់ៗ សម្រាប់អនុវត្តបន្ត ដូចខាងក្រោម៖

១- នាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ ត្រូវពង្រឹងការងារគ្រប់គ្រង និងត្រួតពិនិត្យ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ចំណតរថយន្តថ្នាក់ដឹកនាំ សួនច្បារ អនាម័យ បន្ទប់ទឹកស្អាត និងបរិស្ថានស្អាត នៅក្នុងបរិវេន និងអគារទីស្តីការក្រសួងទេសចរណ៍ អោយបានល្អ។ ទន្ទឹមនឹងនេះ ត្រូវពង្រឹងការងាររដ្ឋបាល-របៀប គោចរលិខិត ការងារបូកសរុប ការងារពិធីការ ការងារតម្កល់ឯកសារ និងបន្តកិច្ចសហការ ជាមួយអង្គភាពនានា ក្នុងការរៀបចំកិច្ចប្រជុំ សិក្ខាសាលា សន្និសីទ សន្និបាត និងព្រឹត្តិការណ៍ទេសចរណ៍ សំខាន់ៗរបស់ក្រសួង។

២- នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ ត្រូវបន្តពង្រឹងការងារគ្រប់គ្រង ចំណូល-ចំណាយ និងការអនុវត្តថវិកាកម្មវិធី របស់ក្រសួងអោយបានល្អ ពិសេសយកចិត្តទុកដាក់ លើផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកា របស់ក្រសួង សម្រាប់ឆ្នាំ២០២០ ដែលនឹងត្រូវឡើងការពារ កម្រិតថ្នាក់ដឹកនាំ នៅក្រសួងសេដ្ឋកិច្ចនាពេលខាងមុខ ហើយគម្រោងថវិកានេះ ត្រូវពិនិត្យ និងដាក់ឆ្លងកិច្ចប្រជុំថ្នាក់ដឹកនាំ ក្រសួងជាមុនសិន។

៣- នាយកដ្ឋានសន្តិសុខ និងសុវត្ថិភាពទេសចរ ត្រូវជំរុញបញ្ចប់ និងដាក់ឆ្លងប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពទេសចរ ការរៀបចំផែនការយុទ្ធសាស្ត្រ អភិវឌ្ឍប្រព័ន្ធសន្តិសុខ និងសុវត្ថិភាពទេសចរឆ្នាំ២០១៩-២០២៣ ការធ្វើសៀវភៅស្តីពី “សន្តិសុខសុវត្ថិភាពល្អ ទេសចរមានភាពកក់ក្តៅ” និងការធ្វើគោលការរណ៍ណែនាំ ស្តីពីសន្តិសុខ សុវត្ថិភាព សម្រាប់មូលដ្ឋានអាជីវកម្ម ក្នុងវិស័យទេសចរណ៍ និងការចុះត្រួតពិនិត្យ។

៤- នាយកដ្ឋានធនធានមនុស្ស ត្រូវបន្តពង្រឹងការងារគ្រប់គ្រង និងបង្កើនសមត្ថភាពមន្ត្រី រាជការ ទាំងនៅថ្នាក់កណ្តាល និងមន្ទីរទេសចរណ៍ រាជធានីខេត្ត ពិសេសត្រូវសហការ ជាមួយនាយកដ្ឋានបណ្តុះបណ្តាល និងនាយកដ្ឋានជំនាញ ដើម្បីរៀបចំជាផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ធនធាន មនុស្សសម្រាប់មន្ត្រី រាជការអោយបានជាក់លាក់ និងចំជំនាញពិតប្រាកដ។ ជាងនេះទៀត នាយកដ្ឋានត្រូវរៀបចំ ផែនការសកម្មភាពឆ្ពោះ ទៅពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង និងសមត្ថភាពមន្ត្រី នៅមន្ទីរទេសចរណ៍ រាជធានីខេត្ត ក្នុងនោះ ត្រូវសម្រេចដាក់ចេញ នូវប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់មន្ទីរទេសចរណ៍រាជធានីខេត្ត៕