រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកអគ្គរដ្ឋទូតបារាំង ដាំដើមឈើរួមគ្នាក្នុងបរិវេណស្ថានទូត ដើម្បីផ្សព្វផ្សាយ ពីសារៈនៃបរិស្ថាន និងការអភិរក្សជីវៈចម្រុះ

18 06 2019

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ អេរ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃអង្គារ ១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ បានរៀបចំដាំដើមឈើ រួមគ្នា​ជាមួយសិស្ស​សាលាវិទ្យាល័យដេកាត និងសាលាអង្គការភាពញញឹម នៃកុមារ (PSE) ក្នុងបរិវេណស្ថានទូតបារាំង នារាជធានីភ្នំពេញ។
ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការដាំដើមឈើ ជានិមិត្តរូមនាពេលនេះ រៀបចំឡើង ដើម្បីផ្សព្វផ្សាយ ដល់សាធារណៈជន ពិសេសយុវជន ពីសារៈ នៃបរិស្ថាន និងការអភិរក្សជីវៈចម្រុះ ក៏ដូចជាលើកកម្ពស់ សកម្មភាពនានា នៅក្នុងវិស័យបរិស្ថាន នៅកម្ពុជានេះ ។ ឯកឧត្តម បានបន្ថែមថា ព្រឹត្តិការណ៍នេះ ជាផ្នែកមួយ នៃការចូលរួមបង្កើនកិច្ចការពារបរិស្ថាន និងបំផុស ឱ្យប្រជាពលរដ្ឋ ស្រលាញ់ធនធានធម្មជាតិ ជាពិសេសព្រៃឈើ ជាពិសេសបណ្តុះស្មារតី ឱ្យយុវជនជំនាន់ក្រោយ ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ។
លោកជំទាវ អគ្គរដ្ឋទូតបារាំង អេវ៉ា ង្វៀនប៊ិញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម សាយ សំអាល់ ដែលបានគាំទ្រ គម្រោងនេះ តាមរយៈការផ្ដល់ដើមឈើជាង ១០០ដើម មកឲ្យស្ថានទូតបារាំងដាំបន្ថែម។ លោកជំទាវ បានបន្ថែមថា ការការពារបរិស្ថាន និងការឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ គឺជាអាទិភាព នៃសកម្មភាពនានា របស់ប្រទេសបារាំង នៅក្នុងក្របខណ្ឌជាតិ និងលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា ពិធីដាំដើមឈើ នៅពេលនេះ ប្រារព្ធឡើងក្នុងរយៈពេល ៣សប្តាហ៍ មុនរុក្ខទិវា នៃព្រះរាជាណាចក្រកម្ពុជា ហើយការរៀបចំឡើង របស់ស្ថានទូតបារាំង ក្នុងគោលបំណង ដើម្បីលើកកម្ពស់ព្រៃឈើ ដ៏ស្រស់ត្រកាល នៅក្នុងឧទ្យានស្ថានទូត។ ឧទ្យានស្ថានទូតបារាំង នៅកម្ពុជា គឺជាលំហបៃតងធំជាងគេមួយ នៅភ្នំពេញ ដែលបើកឲ្យសាធារណជនចូលទស្សនា ជាច្រើនដងក្នុងមួយឆ្នាំៗ នៅក្នុងកម្មវិធីផ្សេងៗ។ ឧទ្យានដ៏ស្រស់ស្អាតនេះ បានរចនាឡើង ក្នុងអត្ថន័យដ៏ជ្រាលជ្រៅ នៃប្រវត្តិសាស្រ្តទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរយៈពេលជាង ៥០ឆ្នាំ រវាងប្រទេសទាំងពីរ កម្ពុជា-បារាំង។ អស់រយៈពេលជាង០១ឆ្នាំកន្លងមកនេះ អ្នកជំនាញ ព្រៃឈើ២នាក់ ក្នុងនោះមានខ្មែរម្នាក់ និងបារាំងម្នាក់ បានធ្វើការចុះបញ្ជីដើមឈើទាំងអស់ ដែលមានចំនួន ២០០ដើម និងមាន១០០ប្រភេទផ្សេងៗគ្នា។ ក្នុងពេលដ៏ខ្លីខាងមុខ ការរៀបចំកែលម្អទាំងនេះ នឹងកែប្រែមុខមាត់ របស់ឧទ្យានស្ថានទូតបារាំង ទៅជាព្រៃត្រូពិចតូចមួយ ដែលជានិមិត្តរូបនៃជីវៈចម្រុះក្នុងស្រុក ដ៏គួរឲ្យចាប់អារម្មណ៍ និងជាទីស្ថានដ៏ស្ងប់ស្ងាត់ និងមនោរម្យ នៅចំកណ្ដាលរាជធានីភ្នំពេញ។ តាមរយៈសកម្មភាព កែលម្អសួនរុក្ខជាតិ នៅក្នុងស្ថាទូតបារាំង សាធារណជន នឹងមានឱកាសចូលទស្សនា និងស្វែងយល់ដោយសេរី ពីរៀបចំទីតាំងធម្មជាតិ នៅទីនោះ នៅក្នុងទិវាបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខ ។