ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសមពីសំណាក់លោក Mark Wong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei នៅកម្ពុជា

18 06 2019

ថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម ពីសំណាក់លោក Mark Wong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei នៅកម្ពុជា។ លោក Wong គឺជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Huawei នៅកម្ពុជាជំនួសលោកDavid Li ដែល បានបញ្ចប់អាណត្តិរបស់ខ្លួន នៅព្រះរាជាណាចក្រកម្ពុជា។

ជំនួបនេះមានគោលបំណង ពិភាក្សាអំពីកិច្ចសហការ របស់ក្រុមហ៊ុនHuawei និងការគាំទ្រដល់ការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ព័ត៌មានវិទ្យា របស់ក្រសួង ដោយប្រើប្រាស់ដំណោះស្រាយ បច្ចេកវិទ្យាទូរគមនាគមន៍ របស់ក្រុមហ៊ុន។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានអញ្ជេីញ​ ក៏ដូចជាណែនាំលោក Wong ដើម្បីសិក្សាស្វែងយល់ពីលទ្ធភាព​ សហការជាមួយ​ក្រសួង​ តាមរយៈ នាយកដ្ឋាន ព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ របស់ក្រសួង​​​ ដោយប្រេីប្រាស់បច្ចេកវិទ្យា  ក្នុងជំនាញឯកទេសរបស់ខ្លួន។

លោក​ Wong ក៏បានជម្រាបជូន ឯកឧត្តម ទេសរដ្ឋមន្រ្តី អំពីវឌ្ឍនភាព នៃគំនិតផ្តួចផ្តើម ដ៏សំខាន់មួយរបស់កម្ពុជា ( ដោយសហការ ជាមួយក្រុមហ៊ុន China Communications Construction Co.) ដែលពាក់ព័ន្ធ នឹងការដំឡើងខ្សែកាបអុបទិក ​ក្រោមសមុទ្រ ស្ថិត នៅចន្លោះហុងកុង និងខេត្តព្រះសីហនុ។ នៅពេលបានដំឡើងរួចរាល់ បណ្តាញខ្សែកាបអុបទិកក្រោមដីទាំងនេះ នឹងអាចឱ្យកម្ពុជា តភ្ជាប់បណ្តាញប្រកប ដោយប្រសិទ្ធភាពខ្ពស់ និងភាពជឿទុកចិត្តបាន។