អភិបាលខេត្តកោះកុង អញ្ជើញចូលរួមចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ចំនួន ៩៨៤ នាក់ ដោយឥតគិតថ្លៃ នៅស្រុកថ្មបាំង

20 05 2019

លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រ សម្តេចតេជោ  បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ កងទ័ព និងគ្រួសារកងទ័ព សរុបចំនួន ៩៨៤ នាក់ ដោយឥតគិតថ្លៃ។ ពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺនេះ បានប្រព្រឹត្តទៅ នៅតំបន់អារ៉ែង ស្ថិតនៅភូមិព្រែកសាយ ឃុំដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង។ ដោយមានការចូលរួម ពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាល ខេត្តកោះកុង និងក្រុមការងារជាច្រើននាក់ទៀត នាថ្ងៃអាទិត្យ ១ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩។

លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍ សំណេះសំណាល និងនាំយកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពុកម៉ែ បងប្អូននៅក្នុងកម្មវិធីនោះផងដែរ។ ដោយលោកជំទាវបន្តថា នៅតំបន់អារ៉ែងនេះ ជាតំបន់ដាច់ស្រយាល ដោយមើលឃើញផ្លូវ ពិបាកធ្វើដំណើរផងនោះ ក្រុមចលនាយុវជន ក១៥៧ ដឹកនាំដោយ ឯកឧត្តម មុឹង ពន្លក បានចុះធ្វើលាសារៀន អណ្តូងទឹក ប៉ុស្តិ៍សុខភាព ជាពិសេសកសាង ធ្វើផ្លូវថ្នល់បានស្អាតល្អ ងាយស្រួលធ្វើដំណើរ សម្រាប់តំបន់ អេកូទេសចរណ៍ផងដែរ។ សមិទ្ធផលទាំងអស់ខាងលើនេះ សុទ្ធតែមានការជ្រោមជ្រែង និងគាំទ្រពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
លោកជំទាវ បានថ្លែងអំណរគុណ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃស្រុកថ្មបាំង ខេត្តកោះកុង ដែលបានសម្របសម្រួល ពុកម៉ែ បងប្អូន ឱ្យបានអញ្ជើញ មកដល់ទីតាំង ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនេះ។ មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារ បានផ្តល់ជូនអាហារសម្រន់ នៅពេលព្រឹក មាននំបញ្ចុក នំបុ័ង និងភេសជ្ជៈ ទទួលទានរួមគ្នា យ៉ាងឆ្ងាញ់ពិសារប្រកបដោយ ភាពស្និទ្ធស្នាល និងបង្កប់នូវស្នាមញញឹម គ្រប់ៗគ្នា។ ក្រុមវេជ្ជសាស្ត្រ សម្តេចតេជោ បានផ្តល់ការអប់រំផ្នែកសុខភាពបន្ថែម ជូនដល់ពុកម៉ែ បងប្អូនទាំងអស់ ដែលបានអញ្ជើញ មកទទួលសេវាព្យាបាល សម្រាប់ថ្ងៃនេះ។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានបន្តវាស់ភ្នែក ចែកជូនវែនតា សម្រាប់ លោកយាយ លោកតា ចំនួន ៣០០គ្រឿង ចែកជូនសម្ភារសិក្សា សម្រាប់សិស្សានុសិស្ស ខោអាវលោកយាយ លោកតា ព្រមទាំងចែកជូនរទេះរុញ សម្រាប់ជនពិការចំនួន ០៧គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ពុកម៉ែ បងប្អូន ដែលបានអញ្ជើញ មកទទួលការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ នាពេលនេះ សុទ្ធតែបានសម្តែង នូវអារម្មណ៍ សប្បាយរីករាយ និងបានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយផ្តល់ សេវាថែទាំសុខភាពប្រចាំថ្ងៃ ឱ្យកាន់តែ បង្ខិតជិតមកដល់មូលដ្ឋាន។ ពុកម៉ែ បងប្អូនបានជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ឱ្យមានសុខភាពល្អបរិបូណ៍ ដើម្បីបន្តដឹកនាំប្រទេសជាតិ ឱ្យមានការអភិវឌ្ឍ រីកចម្រើនជាបន្តបន្ទាប់ ទៅមុខទៀត៕