ក្រុមវិសាខា ប្រជែងបាន៣ពិន្ទុពីបឹងកេត ៣-២ សប្តាហ៍ទី៧ លីគកំពូលកម្ពុជា រដូវកាល ២០១៩

13​ 05 2019

ក្រុមម្ចាស់ផ្ទះ វិសាខា ប្រជែងបាន៣ពិន្ទុ ពីក្រុមបឹងកេត បន្ទាប់ពី បានយកឈ្នះ ដោយលទ្ធផល ៣ទល់២ នៅក្នុងជំនួប សន្សំពិន្ទុសប្តាហ៍ទី៧ នៃក្របខ័ណ្ឌ លីគកំពូលកម្ពុជា រដូវកាល ២០១៩។

ក្រុមទាំងពីររក្សា លទ្ធផលស្មើគ្នា ០ទល់០ នៅវគ្គទី១ ហើយនៅ វគ្គទី២ នៅនាទី៦៣ កីឡាករ Pucino Luiz Eduardo របស់បឹងកេតបើកការ នាំមុខ១គ្រាប់មុន ប៉ុន្តែក្រុមវិសាខា ធ្វើសម្រេចបាន ២គ្រាប់វិញ ដោយកីឡាករ Da Cruz Guardino Eliel នៅនាទី៦៧ និងនាទី៧៩ ហើយកីឡាករ សាន គឹមហេង រកបានគ្រាប់ទី៣នៅនាទី ៩០បូក២ ខណៈបឹងកេតតាម១គ្រាប់វិញ ដោយកីឡាករ ឃួន ឡាបូរ៉ាវី រកបាននៅនាទី ៩០បូក៥។ ជាមួយជ័យជម្នះ ៣ពិន្ទុនេះ បានធ្វើឱ្យ៧ប្រកួត របស់វិសាខា ឈ្នះ៥ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត មាន១៦ពិន្ទុ ឈរនៅ ចំណាត់ថ្នាក់លេខ៣បណ្តោះអាសន្ន។ ចំពោះ៧ប្រកួត​របស់បឹងកេត ឈ្នះ៤ប្រកួត ស្មើ១ប្រកួត និងចាញ់២ប្រកួត មាន១៣ពិន្ទុ ឈរនៅចំនាត់ថ្នាក់លេខ៦។ ចំពោះក្រុមព្រះខ័នរាជស្វាយរៀង នៅតែបន្តក្តោបក្តាប់​ លើកំពូលតារាងដដែល ដោយមាន១៩ពិន្ទុ ក្រោយបំបាក់ក្រុមម្ចាស់ផ្ទះ ខេត្តកំពង់ចាម  ដោយលទ្ធផល ១៣ទល់០។ រីឯណាហ្គាវើល ឈរនៅលេខ២ មាន១៨ពិន្ទុ ក្រោយយកឈ្នះ អគ្គិសនីកម្ពុជា ដោយលទ្ធផល ៣ទល់០។

សូមបញ្ជាក់ថា សម្រាប់លទ្ធផល៤ប្រកួតផ្សេងទៀត នាសប្តាហ៍ទី៧នេះដែរ រួមមាន៖ ក្រសួងការពារជាតិ ឈ្នះយុវជន បាទី ៤ទល់៣, អង្គរថាយហ្គឺរ ឈ្នះអាស៊ីអឺរ៉ុបយូណាយធីត ៦ទល់១, គិរីវង់សុខសែនជ័យចាញ់ សូលទីឡូអង្គរ ០ទល់១ ខណៈក្រុមភ្នំពេញក្រោនយក ឈ្នះក្រុម អគ្គស្នងការដ្ឋាននគរបាជាតិ ដោយលទ្ធផលបច្ចេកទេស ៣-០៕