សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ចូលជួបពិភាក្សាការងារ

08 05 2019

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោកស្រី Rhona Smith អ្នករាយការណ៍ពិសេស របស់ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ០៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ដោយជំនួបពិភាក្សានេះ បានលើកអំពីបញ្ហាចំនួន ៤ ដែលរួមមាន ទី១ -ការអនុវត្តសិទ្ធិសេរីភាព អង្គការមិនមែនរដ្ឋាភិបាល, ទី-២ ការរៀបចំ អនុវត្តច្រកចេញចូលតែមួយ, ទី-៣ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទី-៤ការពង្រឹងទំនាក់ទំនង រវាងសង្គមស៊ីវិល និងរាជរដ្ឋាភិបាល។

ពាក់ព័ន្ធនឹងបញ្ហាទី-១ គឺការអនុវត្តសិទ្ធិសេរីភាព សង្គមស៊ីវិល សម្ដេចក្រឡាហោម ស ខេង បានជំរាបជូនលោកស្រី Rhona Smith ថា ដើម្បីឲ្យអាជ្ញាធរ និងសង្គមស៊ីវិល កាន់តែយល់គ្នាច្បាស់នោះ រាជរដ្ឋាភិបាល បានបង្កើតវេទិការជួបគ្នា ២ដងក្នុងមួយឆ្នាំ គឺនៅខែមករា និងកក្កដា ដើម្បីឲ្យសង្គមស៊ីវិល លើកឡើង ពីក្ដីកង្វល់ផ្សេងៗយកមកពិភាក្សា ដោះស្រាយជាមួយគ្នា ធ្វើយ៉ាងណាឲ្យពួកគាត់អាច បំពេញភារកិច្ច ប្រកបដោយប្រសិទ្ធភាព ហើយអាជ្ញាធរក៏មានលទ្ធភាព អនុវត្តភារកិច្ចស្រប តាមច្បាប់កំណត់ផងដែរ។

សម្ដេចក្រឡាហោម បានជំរាបបញ្ជាក់ជូនថា អ្វីដែលសំខាន់បំផុតនោះ គឺការជឿជាក់ និងទុកចិត្តគ្នាទៅវិញទៅមក រវាងសង្គមសុីវិល និងអាជ្ញាធរ ដើម្បីផលប្រយោជន៍រួមនោះទាំងអស់គ្នា។

ទី២- សម្រាប់ យន្តការច្រកចេញចូលតែមួយ សម្ដេចក្រឡាហោម បានជំរាបដែរថា ក្រសួងមហាផ្ទៃ បានខិតខំ ពង្រីក ការិយាល័យ ច្រកចេញចូល តែមួយនេះ បានជាង ១០០ការិយាល័យហើយ ជាងនេះទៅទៀត ក្រសួងក៏កំពុងខិតខំអនុវត្ត តាមពង្រីកទៅតាម តំបន់មិនទាន់ មានការិយាល័យ ច្រកចេញ ចូលតែមួយ និងពង្រឹងការិយាល័យ ដែលមានស្រាប់ ដើម្បីឲ្យគុណភាព នៃការផ្ដល់សេវាសាធារណៈ កាន់តែមានប្រសិទ្ធភាពខ្ពស់។

ដោយឡែកទី-៣ យុទ្ធនាការបង្ក្រាបគ្រឿងញៀន សម្ដេចក្រឡាហោម ស ខេង បានជំរាបជូនថា រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្ត ព្រមទាំងមានការឃាត់ និងចាប់ខ្លួនអ្នកប្រព្រឹត្តល្មើសផង ដែលបានបន្ថែមបន្ទុកមួយផ្នែក ដល់ភាពចង្អៀតណែន នៅតាមពន្ធនាគារ ប៉ុន្តែសម្ដេច បានមានប្រសាសន៍ អំពីការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដោះស្រាយបញ្ហានេះ ដោយរាជរដ្ឋាភិបាល កំពុងខិតខំកសាងបន្ថែម ហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ និងមជ្ឈមណ្ឌល ស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន។

ទី៤- លោកស្រី Rhona Smith បានស្នើសុំ សម្ដេចក្រឡាហោម ស ខេង ជួយជំរុញបន្ថែម ដល់យន្តការជួបគ្នា រវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិល ក្នុងការរៀបចំ ឲ្យបានទៀងទាត់ តាមកាលកំណត់ និងផ្ដល់ពេលវេលា ឲ្យបានសមស្រប ដើម្បីឲ្យសង្គមសុីវិល មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចូលរួមបញ្ចេញមតិ យោបល់ផ្សេងៗ ធ្វើឲ្យវេទិការនេះ ទទួលបានលទ្ធផលជាផ្លែផ្កា។

លោកស្រីបន្តថា លោកស្រី ពិតជាមើល ឃើញអំពីសារៈសំខាន់ នៃការអនុវត្តច្រកចេញចូល តែមួយ ដែលយន្តការ នេះវាមានសារៈសំខាន់ ក្នុងការចូលរួមអនុវត្តចំណុច ទី១៦ នៃគោលដៅ អភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការ សហប្រជាជាតិ ក្នុងការរួមចំណែក កាត់បន្ថយអំពើពុករលួយ និងពង្រឹងតម្លាភាព នៃការផ្ដល់សេវា សាធារណៈជូនប្រជាពលរដ្ឋ៕