សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា នៅខេត្តព្រៃវែង

09​​ 05 2019

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាននៅខេត្តព្រៃវែង ព្រមទាំងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រារឰខួប លើកទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ ២០១៩ ក្រោមប្រធានបទ "ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា" ដែលរៀបចំធ្វើឡើង នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមឧកញ៉ា លោកជំទាវឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា សប្បុរសជន និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករផងដែរ។

ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ក៏បានអំពាវនាវ ដល់សប្បុរសជនទាំងអស់ មេត្តាចូលរួមជាកម្លាំងមនុស្សធម៌ ជួយឧបត្ថម្ភជាថវិកា ឬជាសម្ភារផ្សេងៗ តាមវប្បធម៌ចែករំលែក ដើម្បីទ្រទ្រង់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង សម្រាប់ទុកជាមូលនិធិ ក្នុងការឆ្លើយតបគ្រោះមហន្តរាយនានា កើតឡើងជាយថាហេតុ ជួយជនក្រីក្រ ស្រ្តីមេម៉ាយ គ្មានទីពឹង កូនកំព្រា​ ជនពិការផ្ទុកមេរោគអេដស៍៕