ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ​ លើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប

06 05 2019

ព្រឹកថ្ងៃចន្ទ ០៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍ អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភ្ញៀវកិត្តិយស សរុបប្រមាណ ១០០រូប។

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភាបានចាត់ទុក ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ព្រមទាំងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ជាវិស័យអាទិភាពមួយយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍជាតិ ដូចដែលបានកំណត់ នៅក្នុងយុទ្ធសាស្ត្រ ដំណាក់កាលទី៤។ ទោះបីនៅពេលនេះកម្ពុជា ស្ថិតនៅក្នុងដំណាក់កាល កំពុងអភិវឌ្ឍន៍ក៏ដោយ ប្រទេសកម្ពុជា គឺជាប្រទេសមួយ ដែលមានសក្តានុពលខ្ពស់ ក្នុងការក្តាប់យក នូវកាលានុវត្តភាពពីបដិវត្ដន៍ ឧស្សាហកម្មជំនាន់ទី៤.០ និងបច្ចេកវិទ្យាឌីជីថល ដោយឈរលើមូលដ្ឋានមួយចំនួន ដូចជា៖ ភាពអំណោយផល ផ្នែកប្រជាសាស្ត្រ ដោយសារវត្តមាន នៃចំនួនយុវជនដ៏ច្រើន មានការអប់រំខ្ពស់ និងងាយទទួលយក នូវបច្ចេកវិទ្យាឌីជីថល យ៉ាងឆាប់រហ័ស, ការកើនឡើងយ៉ាងឆាប់រហ័ស នៃការប្រើប្រាស់ទូរសព្ទដៃ និងឧបករណ៍ឆ្លាតវៃ, ការរីកចម្រើនយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា តាមរយៈ នៃការវិនិយោគផ្ទាល់ ពីបរទេស, និងឌីជីថលភាវូបនីយកម្ម ដែលកំពុងជៈឥទ្ធិពលជាវិជ្ជមាន នៅក្នុងគ្រប់វិស័យសំខាន់ៗ នៃសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង នៅប្រទេសកម្ពុជា សេដ្ឋកិច្ចឌីជីថល បាននឹងកំពុងលេចរូបរាង ជាបណ្តើរៗ ដូចជាការប្រើប្រាស់ ការទូទាត់ឌីជីថល ការកើនឡើង នៃសកម្មភាពកំសាន្ត តាមអនឡាញ សកម្មភាពពាណិជ្ជកម្ម អេឡិកត្រូនិកជាដើម។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការនេះ សបញ្ជាក់ពីស្មារតី នៃការចូលរួមសហការគ្នា រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឈឹមថា អនុស្សរណៈនេះ នឹងសម្រេចបាន នូវសមិទ្ធផលថ្មីៗ បន្ថែមទៀត ក្នុងការសម្រេច នូវគោលដៅនានា ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក៏ដូចជារួមចំណែក សម្រេចនូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយ ប្រទេសកម្ពុជា ទៅជាប្រទេសអភិវឌ្ឍន៍ នាពេលអនាគត៕