ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ខ្មែររ៉ាលីរ៉េដឆ្នាំ ២០១៩

06 05 2019

ព្រឹត្តិការណ៍ប្រណាំងយានយន្ត ឆ្លងកាត់ឧបសគ្គ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ខ្មែររ៉ាលីរ៉េដឆ្នាំ ២០១៩ ក្រោមប្រធានបទ « រួមគ្នាដើម្បីថែរក្សាបរិស្ថាន និងធនធានធម្មជាតិ » ដែលនឹងចាប់ផ្តើម ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា នឹងចូលរួមផ្សព្វផ្សាយ ពីសក្តានុពល នៃដែនជម្រកសត្វព្រៃព្រៃឡង់ ដែលសម្បូណ៌ដោយព្រៃឈើ និងជីវៈចម្រុះដល់សាធារណៈជន ក៏ដូចជាបណ្តុះស្មារតី ស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ ក្នុងចំណោមប្រជាពលរដ្ឋ ហើយទាំអស់គ្នា ចូលរួមថែរក្សាបរិស្ថាន និងអភិរក្សធនធានធម្មជាតិ។ នេះគឺជាការលើកឡើង របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រី នាំពាក្យក្រសួងបរិស្ថាន នៅក្នុងអំឡុងពេល នៃសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិត។

ឯកឧត្តមជឿជាក់ថា រូបភាពស្តីពី នៃភាពសម្បូណ៌បែប នៃធនធានធម្មជាតិ និងជីវភាពបងប្អូន ប្រជាសហគមន៍ នឹងត្រូវផ្សព្វផ្សាយ តាមរយៈការផ្តិតរូបភាព នៃការប្រណាំងយានយន្ត ឆ្លងកាត់តំបន់ដែនជម្រកសត្វព្រៃឡង់ មកផ្សព្វផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ។ ព្រឹត្តិការណ៍ប្រណាំងយានយន្ត ឆ្លងកាត់ឧបសគ្គ ក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នេះ គាំទ្រ ដោយក្រសួងបរិស្ថាន និងសហព័ន្ធកីឡា យានយន្តកម្ពុជា ដោយមានការជួយឧបត្ថម្ភ ពីក្រុមហ៊ុនប្រេង ឥន្ធនៈតូតាល់ នឹងមានការចូលរួមពីកីឡាករ កីឡាការិនី ជាច្រើនរូប មកពីប្រទេសនានា។ ការប្រណាំងនេះ នឹងឆ្លងកាត់ ៣ ខេត្តគឺខេត្តកំពង់ធំ ព្រះវិហារ និងសៀមរាប លើចម្ងាយផ្លូវសរុបជាង ៦០០គីឡូម៉ែត្រ។